YouVersion Logo
Search Icon

អែសរ៉ា 1

1
មាតុ‌ភូមិ‌និវត្តន៍​ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរូ‌បាបិល
ព្រះចៅ​ស៊ីរូស​អនុញ្ញាត​ឲ្យ​សង់​ព្រះ‌វិហារ​ឡើង​វិញ
1 ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស ព្រះ‌អម្ចាស់​បាន​ជំរុញ​ព្រះ‌ហឫទ័យ​ព្រះចៅ​ស៊ីរូស ឲ្យ​ចេញ​សេចក្ដី​ប្រកាស និង​រាជ​ក្រឹត្យ​ក្នុង​អាណា‌ចក្រ​របស់​ស្ដេច​ទាំង​មូល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង​តាម​រយៈ​លោក​យេរេមា មាន​សេចក្ដី​ដូច​ត​ទៅ៖
2 «ព្រះចៅ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ: ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរម‌សុខ បាន​ប្រគល់​នគរ​ទាំង​អស់​នៅ​លើ​ផែនដី​មក​ឲ្យ​យើង​គ្រប់‌គ្រង។ ព្រះអង្គ​បញ្ជា​ឲ្យ​យើង​សង់​ព្រះ‌ដំណាក់​មួយ នៅ​ក្រុង​យេរូ‌សាឡឹម​ក្នុង​ស្រុក​យូដា ថ្វាយ​ព្រះអង្គ។ 3ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ សូម​ឲ្យ​អ្នក​នោះ​វិល​ទៅ​កាន់​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា​វិញ ហើយ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។ សូម​ឲ្យ​ព្រះ​របស់​គេ​គង់​នៅ​ជា​មួយ​គេ។ 4ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ ទោះ​បី​រស់​នៅ​ទី​ណា​ក៏​ដោយ ប្រជា‌ជន​នៅ​ទី​នោះ​ត្រូវ​តែ​ផ្ដល់​វិភាគ‌ទាន​ដល់​ពួក​គេ ជា​ប្រាក់ មាស ទ្រព្យ​សម្បត្តិ និង​សត្វ ព្រម​ទាំង​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​ផង»។
5ពេល​នោះ ពួក​មេ​ក្រុម​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ក្រុម​បូជា‌ចារ្យ ក្រុម​លេវី គឺ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ជំរុញ​ចិត្ត នាំ​គ្នា​ក្រោក​ឡើង រៀបចំ​ខ្លួន​ទៅ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម។ 6អ្នក​ជិត​ខាង​របស់​ពួក​គេ​យក​របស់​របរ​ធ្វើ​ពី​ប្រាក់ ពី​មាស ព្រម​ទាំង​ទ្រព្យ​សម្បត្តិ សត្វ និង​វត្ថុ​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង មក​ជួយ​ឧបត្ថម្ភ​ពួក​គេ ហើយ​ក៏​មាន​តង្វាយ​ស្ម័គ្រ​ចិត្ត​ថែម​ទៀត​ផង។
7គ្រឿង​បរិក្ខារ​ផ្សេងៗ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា​រឹប​អូស​ពី​ក្រុង​យេរូ‌សាឡឹម យក​មក​ដាក់​ក្នុង​វិហារ​នៃ​ព្រះ​របស់​ខ្លួន​នោះ ព្រះចៅ​ស៊ីរូស​ប្រគល់​មក​វិញ។ 8ព្រះចៅ​ស៊ីរូស​បញ្ជា​ឲ្យ​លោក​មីត្រា‌ដាត ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​រាជ្យ​ទ្រព្យ យក​របស់​ទាំង​នោះ​ប្រគល់​ជូន​លោក​សេស‌បាសារ ជា​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា។ 9គ្រឿង​បរិក្ខារ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ចាន​មាស​ចំនួន​សាម‌សិប ចាន​ប្រាក់​ចំនួន​មួយ​ពាន់ កាំបិត​ចំនួន​ម្ភៃ​ប្រាំ​បួន 10ពែង​មាស​ចំនួន​សាម‌សិប ពែង​ប្រាក់​គុណ‌ភាព​លេខ​ពីរ​ចំនួន​បួន​រយ​ដប់ និង​វត្ថុ​ផ្សេងៗ​ទៀត​ចំនួន​មួយ​ពាន់។ 11សរុប​ទាំង​អស់​វត្ថុ​ធ្វើ​ពី​មាស និង​ប្រាក់ មាន​ចំនួន​ប្រាំ​ពាន់​បួន​រយ។ លោក​សេស‌បាសារ​បាន​នាំ​វត្ថុ​ទាំង​នោះ​ទៅ​ជា​មួយ នៅ​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ជាប់​ជា​ឈ្លើយ ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in