YouVersion Logo
Search Icon

អេសេគាល 7

7
ចុង​បញ្ចប់​របស់​ស្រុក​អ៊ីស្រា‌អែល
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ 2«កូន​មនុស្ស​អើយ យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​ប្រាប់​ឲ្យ​អ្នក​ដឹង​ថា ស្រុក​អ៊ីស្រា‌អែល​ត្រូវ​វិនាស​ហើយ មហន្ត‌រាយ​កំពុង​តែ​ចូល​មក​តាម​ទិស​ទាំង​បួន! 3អ៊ីស្រា‌អែល​អើយ ចុង​បញ្ចប់​របស់​អ្នក​មក​ដល់​ហើយ យើង​នឹង​ជះ​កំហឹង​ទៅ​លើ​អ្នក យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក តាម​អំពើ​ដែល​អ្នក​ប្រព្រឹត្ត យើង​នឹង​ដាក់​ទោស​អ្នក ព្រោះ​តែ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក។ 4យើង​នឹង​មិន​អាណិត​មេត្តា​អ្នក ហើយ​យើង​ក៏​មិន​ត្រា​ប្រណី​អ្នក​ដែរ យើង​នឹង​ដាក់​ទោស​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត និង​ការ​គោរព​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ក្នុង​ចំណោម​អ្នក។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់»។
5 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក្ខ​វេទនា​មក​ដល់​ហើយ! គឺ​ទុក្ខ​វេទនា​ខុស​ប្លែក​ពី​ធម្មតា! 6ចុង​បញ្ចប់​កំពុង​តែ​មក ចុង​បញ្ចប់​មក​ដល់​ហើយ ចុង​បញ្ចប់​មក​ប្រឆាំង​នឹង​អ្នក​យ៉ាង​ឆាប់ៗ ចុង​បញ្ចប់​មក​ដល់​ហើយ! 7អ្នក​ស្រុក​អើយ ពេល​ដែល​អ្នក​ត្រូវ​វិនាស​មក​ដល់​ហើយ ពេល​កំណត់​ក៏​មក​ដល់​ដែរ។ ថ្ងៃ​នោះ​មក​ដល់​ហើយ គឺ​ថ្ងៃ​ដែល​លែង​មាន​សម្រែក​អរ​សប្បាយ​នៅ​តាម​ភ្នំ ផ្ទុយ​ទៅ​វិញ មាន​តែ​សម្រែក​ស្លន់‌ស្លោ។
8ឥឡូវ​នេះ យើង​ត្រៀម​ខ្លួន​ជះ​កំហឹង​លើ​អ្នក ឥត​បង្អង់​ឡើយ។ យើង​នឹង​ធ្វើ​ទោស​អ្នក​តាម​កំហឹង​របស់​យើង រហូត​ដល់​ចប់​ចុង​ចប់​ដើម ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត។ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក ព្រោះ​តែ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក។ 9យើង​នឹង​មិន​អាណិត​មេត្តា​អ្នក ហើយ​យើង​ក៏​មិន​ត្រា​ប្រណី​អ្នក​ដែរ យើង​នឹង​ដាក់​ទោស​អ្នក ស្រប​តាម​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត ដោយ​គោរព​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់​ដែល​បាន​វាយ​អ្នក»។
10នុ៎ះ‌ន៏​ថ្ងៃ​កំណត់! ថ្ងៃ​កំណត់​មក​ដល់​ហើយ! ពេល​ដែល​ត្រូវ​វិនាស​មក​ដល់​ហើយ អំពើ​ឃោរ‌ឃៅ​កាន់​តែ​រីក​ចម្រើន មនុស្ស​ព្រហើន​កើន​ដល់​កម្រិត! 11អំពើ​ហិង្សា​ក៏​កើន​ឡើង ធ្វើ​ឲ្យ​អំពើ​អាក្រក់​រឹត​តែ​ឃោរ‌ឃៅ។ ពួក​គេ​គ្មាន​នៅ​សល់​អ្វី​ទៀត​ទេ គឺ​បាត់​បង់​ទ្រព្យ​សម្បត្តិ បាត់​បង់​កិត្តិយស និង​ភាព​ថ្លៃ‌ថ្នូរ។
12ពេល​កំណត់​មក​ដល់​ហើយ ថ្ងៃ​កំណត់​ក៏​មក​ដល់​ដែរ! អ្នក​ទិញ​មិន​ត្រូវ​អរ​សប្បាយ អ្នក​លក់​មិន​ត្រូវ​សោក​សង្រេង ដ្បិត​មហន្ត‌រាយ​នឹង​កើត​មាន​ដល់​ប្រជា‌ជន​ទាំង​អស់! 13អ្នក​លក់​ពុំ​អាច​ប្រមូល​យក​អ្វីៗ​ដែល​ខ្លួន​លក់​នោះ​បាន​មក​វិញ​ទេ ទោះ​បី​គេ​នៅ​មាន​ជីវិត​ក៏​ដោយ។ ពាក្យ​ដែល​យើង​ប្រកាស​ដាក់​ទោស​ប្រជា‌ជន​ទាំង​នោះ នឹង​សម្រេច​ជា​រូប​រាង។ ដោយ‌សារ​កំហុស​ដែល​ម្នាក់ៗ​ប្រព្រឹត្ត ពួក​គេ​មិន​អាច​រក្សា​ជីវិត​របស់​ខ្លួន​បាន​ឡើយ។ 14សំឡេង​ត្រែ​លាន់​ឮ​ឡើង គ្រប់ៗ​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ចេញ​ទៅ​ច្បាំង​ទេ ដ្បិត​មហន្ត‌រាយ​នឹង​កើត​មាន​ដល់​ប្រជា‌ជន​ទាំង​អស់!
ការ​ដាក់​ទោស​ជន‌ជាតិ​អ៊ីស្រា‌អែល
15ខាង​ក្រៅ​មាន​សង្គ្រាម ខាង​ក្នុង​ផ្ទះ​មាន​ជំងឺ​រាត​ត្បាត និង​ទុរ្ភិក្ស អ្នក​នៅ​តាម​ស្រែ​ចម្ការ​នឹង​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​នៅ​ក្នុង​ក្រុង​នឹង​ត្រូវ​វិនាស​ដោយ​ទុរ្ភិក្ស និង​ជំងឺ​រាត​ត្បាត។ 16អ្នក​ដែល​គេច​ខ្លួន​រួច នាំ​គ្នា​រត់​ទៅ​រស់​នៅ​តាម​ភ្នំ ដូច​ព្រាប​រស់​នៅ​តាម​ជ្រលង​ភ្នំ។ ពួក​គេ​ទាំង​អស់​គ្នា​ស្រែក​ថ្ងូរ ព្រោះ​តែ​កំហុស​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត។
17ពួក​គេ​អស់​កម្លាំង ទន់​ដៃ​ទន់​ជើង។
18ពួក​គេ​ស្លៀក​បាវ​កាន់​ទុក្ខ ទាំង​ភ័យ​ញ័រ​រន្ធត់
ពួក​គេ​បាក់​មុខ ហើយ​កោរ​សក់​ទាំង​អស់​គ្នា។
19ពួក​គេ​បាច​ប្រាក់​របស់​ខ្លួន​ចោល​តាម​ផ្លូវ
មាស​របស់​គេ​ក៏​អស់​តម្លៃ។
នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ
ប្រាក់ និង​មាស​ពុំ​អាច​រំដោះ​ពួក​គេ
ឲ្យ​រួច​ខ្លួន​ឡើយ។
ពួក​គេ​ក៏​ពុំ​អាច​យក​មាស​ប្រាក់​នេះ
ទៅ​ទិញ​អ្វី​មក​ចម្អែត​ក្រពះ​បាន​ដែរ
ដ្បិត​មាស និង​ប្រាក់ ជា​មូល​ហេតុ
នាំ​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។
20គ្រឿង​អលង្ការ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​អំនួត
ពួក​គេ​យក​គ្រឿង​អលង្ការ​ទាំង​នោះ​ទៅ​សូន
ធ្វើ​ជា​រូប​ព្រះ​ដ៏​ចង្រៃ គួរ​ស្អប់​ខ្ពើម។
ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ
គ្រឿង​អលង្ការ​របស់​ពួក​គេ​អស់​តម្លៃ។
21យើង​នឹង​បណ្ដោយ​ឲ្យ​សាសន៍​ដទៃ
រឹប​អូស​យក​គ្រឿង​អលង្ការ​ទាំង​នោះ
ហើយ​ឲ្យ​ពួក​ចោរ​ប្លន់​យក​ជា​របស់​ជយ‌ភណ្ឌ
ព្រម​ទាំង​ប្រមាថ​រូប​ព្រះ​ធ្វើ​ពី
គ្រឿង​អលង្ការ​ទាំង​នោះ​ទៀត​ផង។
22ទោះ​បី​មាន​ចោរ​ប្លន់
ហើយ​ប្រមាថ​សម្បត្តិ​ក្នុង​ដំណាក់​របស់​យើង​ក្ដី
ក៏​យើង​មិន​រវី‌រវល់​ដែរ។
23«ចូរ​រៀបចំ​ច្រវាក់
ដ្បិត​ស្រុក​នេះ​ពោរ‌ពេញ​ដោយ​អំពើ​ឧក្រិដ្ឋ
ទីក្រុង​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។
24យើង​នឹង​នាំ​ប្រជា‌ជាតិ​ដ៏​សាហាវ​បំផុត
ឲ្យ​មក​រឹប​អូស​យក​ផ្ទះ​របស់​ពួក​គេ
យើង​នឹង​បំបាក់​អំនួត​របស់​ពួក​ខ្លាំង​ពូកែ
ហើយ​ខ្មាំង​នឹង​ប្រមាថ​ទីសក្ការៈ​របស់​ពួក​គេ។
25ភយន្ត‌រាយ​មក​ដល់​ហើយ!
ពួក​គេ​ប្រាថ្នា​ចង់​បាន​សេចក្ដី​សុខ
តែ​គ្មាន​សេចក្ដី​សុខ​ឡើយ!
26មហន្ត‌រាយ​កើត​មាន​ផ្ទួនៗ​គ្នា
ដំណឹង​មិន​ល្អ​ក៏​លេច​ឮ​ជា​បន្ត​បន្ទាប់​ដែរ។
គេ​ចង់​ដឹង​និមិត្ត‌ហេតុ​អស្ចារ្យ​ពី​ព្យាការី*
ដ្បិត​ពួក​បូជា‌ចារ្យ*​លែង​ទូន្មាន​ពួក​គេ
ហើយ​ពួក​ព្រឹទ្ធា‌ចារ្យ*
ក៏​លែង​ផ្ដល់​យោបល់​អ្វី​ទៀត​ដែរ។
27ស្ដេច​កាន់​ទុក្ខ មេ​ដឹក​នាំ​អស់​សង្ឃឹម
ប្រជា‌ជន​នៅ​ក្នុង​ស្រុក​បាក់​ទឹក​ចិត្ត។
យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ
តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត
យើង​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេ
តាម​ការ​វិនិច្ឆ័យ​របស់​ពួក​គេ​ផ្ទាល់។
ពេល​នោះ ពួក​គេ​នឹង​ដឹង​ថា
យើង​ជា​ព្រះ‌អម្ចាស់»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in