អេសេគាល 6
6
ព្រះបន្ទូលប្រឆាំងនឹងស្រុកអ៊ីស្រាអែល
1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 2«កូនមនុស្សអើយ! ចូរបែរមុខទៅរកភ្នំនៅស្រុកអ៊ីស្រាអែល ហើយថ្លែងពាក្យយើងឲ្យគេស្ដាប់។ 3ចូរពោលថា: ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះជាអម្ចាស់! ដ្បិតព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ភ្នំតូចធំ ព្រមទាំងជ្រោះ និងជ្រលងភ្នំទាំងអស់ដូចតទៅ “យើងមកដល់ហើយ យើងធ្វើឲ្យសង្គ្រាមកើតមានដល់អ្នករាល់គ្នា យើងនឹងកម្ទេចកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់អ្នករាល់គ្នា។ 4អាសនៈរបស់អ្នករាល់គ្នានឹងត្រូវអន្តរាយ ហើយកន្លែងដុតគ្រឿងក្រអូបរបស់អ្នករាល់គ្នា ក៏ត្រូវបាក់បែកអស់ដែរ។ យើងនឹងធ្វើឲ្យអ្នករាល់គ្នាមួយចំនួនធំ ដួលស្លាប់នៅមុខព្រះក្លែងក្លាយទាំងនោះ។ 5យើងនឹងយកសាកសពជនជាតិអ៊ីស្រាអែល ដាក់នៅមុខរូបព្រះក្លែងក្លាយរបស់ខ្លួន ហើយយើងធ្វើឲ្យឆ្អឹងរបស់អ្នករាល់គ្នា នៅរាយប៉ាយជុំវិញអាសនៈរបស់អ្នករាល់គ្នា។ 6គ្រប់ទីកន្លែងដែលអ្នករាល់គ្នាទៅរស់នៅ ក្រុងរបស់អ្នករាល់គ្នានឹងត្រូវវិនាស ទីសក្ការៈរបស់អ្នករាល់គ្នានឹងត្រូវហិនហោច អាសនៈរបស់អ្នករាល់គ្នាក៏នឹងត្រូវវិនាសអន្តរាយដែរ រូបព្រះក្លែងក្លាយរបស់អ្នករាល់គ្នានឹងត្រូវបាក់បែក ហើយរលាយសូន្យ កន្លែងដែលអ្នករាល់គ្នាដុតគ្រឿងក្រអូបមុខជាត្រូវរលំ រីឯព្រះដែលជាស្នាដៃរបស់អ្នករាល់គ្នា ក៏ត្រូវរលាយបាត់អស់ទៅដែរ។ 7មានប្រជាជនមួយចំនួនក្នុងចំណោមអ្នករាល់គ្នានឹងដួលស្លាប់ ពេលនោះ ទើបអ្នករាល់គ្នាដឹងថា យើងពិតជាព្រះអម្ចាស់មែន។
8ប៉ុន្តែ យើងនឹងទុកអ្នករាល់គ្នាមួយចំនួនឲ្យនៅសេសសល់ អ្នកទាំងនោះនឹងគេចផុតពីមុខដាវ ហើយទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។ 9ពេលរស់នៅក្នុងចំណោមប្រជាជាតិនានា ប្រជាជនដែលនៅសេសសល់ទាំងនោះនឹងនឹកឃើញយើង។ យើងធ្វើឲ្យពួកគេគ្រាំគ្រាចិត្ត ព្រោះពួកគេបានប្រព្រឹត្តអំពើផិតក្បត់ ងាកចេញឆ្ងាយពីយើង ទៅចាប់ចិត្តលើព្រះក្លែងក្លាយ។ ពួកគេនឹកខ្មាសខ្លួនឯង ព្រោះតែអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត ដោយគោរពបម្រើព្រះគួរស្អប់ខ្ពើម។ 10ពួកគេនឹងទទួលស្គាល់ថា យើងនេះហើយជាព្រះអម្ចាស់ យើងមិនមែននិយាយឥតបានការទេ គឺយើងដាក់ទោសពួកគេតាមពាក្យរបស់យើង”។
11 ព្រះជាអម្ចាស់មានព្រះបន្ទូលថា “ចូរគក់ទ្រូង និងទន្ទ្រាំជើង ទាំងស្រែកយំសោកស្ដាយ ព្រោះតែអំពើអាក្រក់ថោកទាប ដែលជនជាតិអ៊ីស្រាអែលបានប្រព្រឹត្ត។ ពួកគេនឹងស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺរាតត្បាត។ 12អ្នកនៅឆ្ងាយនឹងស្លាប់ដោយជំងឺរាតត្បាត អ្នកនៅជិតនឹងស្លាប់ដោយមុខដាវ អ្នកដែលនៅសេសសល់ ត្រូវខ្មាំងឡោមព័ទ្ធ និងស្លាប់ដោយទុរ្ភិក្ស។ យើងនឹងដាក់ទោសពួកគេ រហូតចប់ចុងចប់ដើម តាមកំហឹងរបស់យើង។ 13ពេលណាប្រជាជនរបស់គេដួលស្លាប់ ក្នុងចំណោមរូបព្រះក្លែងក្លាយរបស់ខ្លួន នៅជុំវិញអាសនៈ នៅតាមទួលខ្ពស់ៗ នៅតាមកំពូលភ្នំ ក្រោមដើមឈើខៀវខ្ចី និងក្រោមដើមជ្រៃដ៏ស្កឹមស្កៃ គឺស្លាប់នៅតាមកន្លែងដែលពួកគេដុតគ្រឿងក្រអូប សែនព្រះក្លែងក្លាយទាំងប៉ុន្មាន នោះទើបអ្នករាល់គ្នាទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ 14យើងនឹងលើកដៃប្រហារពួកគេ យើងនឹងធ្វើឲ្យស្រុករបស់ពួកគេ គឺគ្រប់ទីកន្លែងដែលពួកគេរស់នៅ ក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ គឺចាប់តាំងពីវាលរហោស្ថាន រហូតដល់ក្រុងឌីបឡា។ ពេលនោះ ទើបពួកគេទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន”»។
Currently Selected:
អេសេគាល 6: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.