YouVersion Logo
Search Icon

អេសេគាល 42

42
បន្ទប់​អម​ព្រះ‌វិហារ
1បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ទី‌លាន​ខាង​ក្រៅ ផ្នែក​ខាង​ជើង ហើយ​នាំ​ខ្ញុំ​ទៅ​បន្ទប់​ផ្សេងៗ ដែល​នៅ​ជាប់​ធ្លា​ធំ និង​អាគារ​ខាង​ក្រោយ​ព្រះ‌វិហារ។ 2អាគារ​ដែល​មាន​ទ្វារ​នៅ​ទិស​ខាង​ជើង មាន​បណ្ដោយ​មួយ​រយ​ហត្ថ ទទឹង​ហា‌សិប​ហត្ថ។ 3មួយ​ផ្នែក​នៃ​អាគារ​នោះ នៅ​ទល់​មុខ​នឹង​ទី‌លាន​ខាង​ក្នុង​ដែល​មាន​ប្រវែង​ម្ភៃ​ហត្ថ មួយ​ផ្នែក​ទៀត​នៅ​ទល់​មុខ​នឹង​កម្រាល​ថ្ម​នៃ​ទីធ្លា​ខាង​ក្រៅ។ អាគារ​នោះ​មាន​ថែវ​បី​ជាន់។ 4នៅ​ពី​មុខ​បន្ទប់​ទាំង​នោះ​មាន​ច្រក​មួយ ទទឹង​ដប់​ហត្ថ និង​បណ្ដោយ​មួយ​រយ​ហត្ថ។ ទ្វារ​បន្ទប់​ទាំង​នោះ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង។ 5បន្ទប់​ជាន់​ខាង​លើ​ចង្អៀត​ជាង​បន្ទប់​ជាន់​ខាង​ក្រោម និង​ជាន់​កណ្ដាល​នៃ​អាគារ ព្រោះ​មាន​ថែវ​កាត់​តាម​នោះ។ 6បន្ទប់​ទាំង​នោះ​មាន​បី​ជាន់ តែ​គ្មាន​សសរ​ដូច​សសរ​នៅ​ក្នុង​ទី‌លាន​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ឡើង​ពី​ក្រោម​ទៅ​ឃើញ​ថា បន្ទប់​នៅ​ជាន់​លើ​ចង្អៀត​ជាង​បន្ទប់​នៅ​ជាន់​ក្រោម និង​ជាន់​កណ្ដាល។ 7នៅ​ទី‌លាន​ខាង​ក្រៅ​ជញ្ជាំង​ខណ្ឌ​តាម​បណ្ដោយ​បន្ទប់ មាន​ប្រវែង​ហា‌សិប​ហត្ថ 8ដ្បិត​បន្ទប់​ដែល​នៅ​ជាប់​នឹង​ទី‌លាន​ខាង​ក្រៅ​នោះ មាន​ប្រវែង​ហា‌សិប​ហត្ថ​ដែរ។ រីឯ​ជ្រុង​ដែល​បែរ​មុខ​ទៅ​រក​ព្រះ‌វិហារ មាន​ប្រវែង​មួយ​រយ​ហត្ថ។ 9នៅ​ក្រោម​បន្ទប់​ទាំង​នោះ មាន​ទ្វារ​ចូល​ពី​ទី‌លាន​ខាង​ក្រៅ តាម​ទិស​ខាង​កើត។
10តាម​ជញ្ជាំង​ខណ្ឌ​ទី‌លាន​ប៉ែក​ខាង​កើត ដែល​នៅ​ទល់​មុខ​ធ្លា​ធំ និង​អាគារ ក៏​មាន​បន្ទប់​ជា​ច្រើន​ដែរ។ 11នៅ​មុខ​បន្ទប់​ទាំង​នោះ មាន​ច្រក​មួយ​ដូច​នៅ​មុខ​បន្ទប់​ជួរ​ខាង​ជើង គឺ​មាន​បណ្ដោយ មាន​ទទឹង​ដូច​គ្នា ហើយ​មាន​ផ្លូវ​ចេញ​ចូល មាន​ទ្រង់‌ទ្រាយ និង​មាន​ទ្វារ​ដូច​គ្នា 12រីឯ​ទ្វារ​នៃ​បន្ទប់​នៅ​ជួរ​ខាង​ត្បូង​ក៏​ដូច​គ្នា​ដែរ។ នៅ​ច្រក​ចូល​តាម​ជញ្ជាំង​ខណ្ឌ​ខាង​កើត មាន​ទ្វារ​មួយ​សម្រាប់​ចេញ​ចូល។ 13បុរស​នោះ​ប្រាប់​ខ្ញុំ​ថា៖ «បន្ទប់​ជួរ​ខាង​ជើង និង​បន្ទប់​ជួរ​ខាង​ត្បូង ដែល​នៅ​ទល់​មុខ​នឹង​ធ្លា​ធំ ជា​បន្ទប់​ដ៏​សក្ការៈ ជា​កន្លែង​ដែល​ពួក​បូជា‌ចារ្យ​ចូល​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត។ ក្នុង​បន្ទប់​ទាំង​នោះ មាន​ដាក់​ឧបករណ៍​ដ៏​សក្ការៈ តង្វាយ​ផ្សេងៗ សត្វ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប និង​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស ដ្បិត​កន្លែង​នោះ​ជា​កន្លែង​សក្ការៈ។ 14ពេល​ណា​ពួក​បូជា‌ចារ្យ​ចូល​ទៅ​ហើយ គេ​ពុំ​អាច​ចេញ​មក​ទី‌លាន​ខាង​ក្រៅ​បាន​ភ្លាមៗ​ទេ គឺ​ត្រូវ​ទុក​សម្លៀក‌បំពាក់​ដែល​គេ​ស្លៀក​ពាក់ សម្រាប់​បំពេញ​មុខងារ​នោះ ក្នុង​បន្ទប់​ដ៏​សក្ការៈ​ជា​មុន​សិន ដ្បិត​សម្លៀក‌បំពាក់​នោះ​ក៏​សក្ការៈ​ដែរ។ ដើម្បី​ចូល​ទៅ​ជិត​ប្រជា‌ជន គេ​មាន​សម្លៀក‌បំពាក់​ផ្សេង​ទៀត»។
15ពេល​លោក​វាស់​ព្រះ‌ដំណាក់​ខាង​ក្នុង​រួច​រាល់​ហើយ លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ក្រៅ​តាម​ខ្លោង​ទ្វារ​ខាង​កើត ហើយ​លោក​វាស់​បរិវេណ​ដែល​នៅ​ជុំ‌វិញ។ 16លោក​យក​ឈើ​រង្វាស់ វាស់​ជ្រុង​ខាង​កើត ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។ 17លោក​វាស់​ជ្រុង​ខាង​ជើង ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។ 18លោក​វាស់​ជ្រុង​ខាង​ត្បូង ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។ 19លោក​បែរ​ទៅ​ជ្រុង​ខាង​លិច ហើយ​វាស់ ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។ 20លោក​វាស់​ជញ្ជាំង​ទាំង​បួន​ជ្រុង មួយ​ជ្រុងៗ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។ ជញ្ជាំង​នោះ​ខណ្ឌ​អ្វីៗ​ដែល​សក្ការៈ ឲ្យ​នៅ​ដាច់​ពី​អ្វីៗ​ដែល​មិន​សក្ការៈ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in