អេសេគាល 37
37
និមិត្តហេតុអស្ចារ្យអំពីឆ្អឹងខ្មោចដែលរស់ឡើងវិញ
1 ព្រះអម្ចាស់ដាក់ព្រះហស្ដលើខ្ញុំ ព្រះវិញ្ញាណរបស់ព្រះអង្គនាំខ្ញុំទៅដាក់កណ្ដាលជ្រលងភ្នំមួយ ដែលមានឆ្អឹងខ្មោចពាសពេញ។ 2ព្រះអង្គនាំខ្ញុំដើរចុះឡើងក្បែរឆ្អឹងទាំងនោះ។ ក្នុងជ្រលងភ្នំមានឆ្អឹងច្រើនណាស់ ហើយសុទ្ធតែស្ងួតហួតហែងទាំងអស់។ 3ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! តើឆ្អឹងទាំងនេះអាចរស់មកជាមនុស្សវិញបានឬទេ?»។ ខ្ញុំទូលតបថា៖ «បពិត្រព្រះជាអម្ចាស់មានតែព្រះអង្គទេដែលជ្រាប»។ 4ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ឆ្អឹងទាំងនេះថា: ឆ្អឹងដ៏ស្ងួតអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! 5ព្រះជាអម្ចាស់មានព្រះបន្ទូលថា “យើងនឹងបញ្ចូលខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងរស់ឡើង។ 6យើងនឹងឲ្យអ្នករាល់គ្នាមានសរសៃតភ្ជាប់គ្នា ហើយមានសាច់ដុះពីលើ ព្រមទាំងមានស្បែករុំពីក្រៅផង។ យើងនឹងដាក់ខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់”»។
7ខ្ញុំក៏ថ្លែងព្រះបន្ទូលតាមបញ្ជារបស់ព្រះអង្គ។ ក្នុងពេលដែលខ្ញុំកំពុងនិយាយនោះ ស្រាប់តែមានឮស្នូរសំឡេង គឺឆ្អឹងទាំងអស់កម្រើកចូលជិតគ្នាទៅវិញទៅមក។ 8ខ្ញុំសង្កេតឃើញមានសរសៃនៅលើឆ្អឹង ហើយសាច់ដុះពីលើ រួចមានស្បែករុំស្រោបផង ប៉ុន្តែ មិនទាន់មានខ្យល់ដង្ហើមនៅឡើយទេ។ 9ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ខ្យល់ដង្ហើម! ចូរប្រាប់ខ្យល់ដង្ហើមថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ខ្យល់ដង្ហើមអើយ! សូមបក់មកពីទិសទាំងបួន! ហើយផ្លុំលើសាកសពទាំងនេះឲ្យមានជីវិតរស់ឡើង»។ 10#វវ. ១១.១១ខ្ញុំថ្លែងព្រះបន្ទូលតាមបញ្ជារបស់ព្រះអម្ចាស់។ ខ្យល់ដង្ហើមក៏ចូលមកក្នុងពួកគេ ពួកគេក៏មានជីវិត ហើយក្រោកឈរឡើង ទៅជាកងទ័ពមួយដែលមានចំនួនយ៉ាងច្រើនឥតគណនា។
11ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ឆ្អឹងទាំងអស់នេះជាពូជពង្សអ៊ីស្រាអែលទាំងមូល។ ពួកគេតែងពោលថា “ឆ្អឹងរបស់យើងស្ងួតហួតហែងអស់ យើងផុតសង្ឃឹមហើយ! យើងវិនាសហើយ!” 12ហេតុនេះ ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់គេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ប្រជារាស្ត្ររបស់យើងអើយ! យើងនឹងបើកផ្នូររបស់អ្នករាល់គ្នា ហើយនាំអ្នករាល់គ្នាឡើងពីផ្នូរនោះ បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ។ 13ប្រជារាស្ត្ររបស់យើងអើយ! ពេលយើងបើកផ្នូរ ហើយនាំអ្នករាល់គ្នាឡើងមក នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ 14យើងនឹងដាក់វិញ្ញាណរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត។ យើងនឹងនាំអ្នករាល់គ្នាទៅតាំងទីលំនៅលើទឹកដីរបស់ខ្លួនវិញ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ យើងនិយាយយ៉ាងណាយើងនឹងធ្វើយ៉ាងនោះ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះអម្ចាស់នឹងបង្រួបបង្រួមអ៊ីស្រាអែល និងយូដា ជានគរតែមួយ
15 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 16«កូនមនុស្សអើយ! ចូរយកក្ដារមួយបន្ទះមកសរសេរពីលើថា “កុលសម្ព័ន្ធយូដា និងកូនចៅអ៊ីស្រាអែល ជាដៃគូនឹងគ្នា”។ ចូរយកក្ដារមួយបន្ទះទៀតមកសរសេរពីលើថា “យ៉ូសែប#៣៧.១៦ «យូដា» ជាតំណាងរាជាណាចក្រខាងត្បូង រីឯ «យ៉ូសែប» ឪពុករបស់អេប្រាអ៊ីម ជាតំណាងរាជាណាចក្រខាងជើង។ (គឺអេប្រាអ៊ីម) និងពូជពង្សអ៊ីស្រាអែលទាំងមូលជាដៃគូនឹងគ្នា”។ 17បន្ទាប់មក ចូរយកក្ដារទាំងពីរនោះមកដាក់ភ្ជាប់គ្នាជាបន្ទះតែមួយ នៅក្នុងដៃរបស់អ្នក។ 18កាលណាប្រជាជនរបស់អ្នកសួរថា “សូមពន្យល់យើងខ្ញុំផង លោកធ្វើដូច្នេះមានន័យដូចម្ដេច?” 19ត្រូវប្រាប់ពួកគេវិញថា “ព្រះជាអម្ចាស់មានព្រះបន្ទូលថា បន្តិចទៀត យើងនឹងយកក្ដារជាតំណាងយ៉ូសែប(គឺអេប្រាអ៊ីម) ព្រមទាំងកុលសម្ព័ន្ធអ៊ីស្រាអែលដែលនៅជាមួយគេ ទៅដាក់ភ្ជាប់នឹងក្ដារជាតំណាងយូដា ហើយយើងនឹងផ្គុំក្ដារទាំងពីរឲ្យទៅជាបន្ទះតែមួយ នៅក្នុងដៃរបស់យើង។ 20បន្ទះក្ដារទាំងពីរដែលអ្នកសរសេរនោះ នឹងស្ថិតក្នុងដៃរបស់អ្នកនៅចំពោះមុខប្រជាជនទាំងអស់”។ 21ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងយកជនជាតិអ៊ីស្រាអែលចេញពីចំណោមប្រជាជាតិនានាដែលពួកគេទៅរស់នៅ។ យើងនឹងប្រមូលពួកគេពីគ្រប់ទិសទី ហើយនាំពួកគេវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ។ 22យើងនឹងបង្រួបបង្រួមពួកគេជាប្រជាជាតិតែមួយ នៅក្នុងស្រុក និងនៅលើភ្នំនៃស្រុកអ៊ីស្រាអែល។ ពេលនោះ ពួកគេទាំងអស់គ្នានឹងមានស្ដេចតែមួយ គឺពួកគេលែងជាប្រជាជាតិពីរ ហើយបាក់បែកគ្នាជារាជាណាចក្រពីរទៀតដែរ។ 23ពួកគេនឹងលែងប្រព្រឹត្តអំពើសៅហ្មង ដោយគោរពព្រះក្លែងក្លាយគួរស្អប់ខ្ពើម និងលែងបះបោរប្រឆាំងនឹងយើងទៀតហើយ។ យើងនឹងរំដោះពួកគេឲ្យចេញផុតពីគ្រប់កន្លែងដែលពួកគេរស់នៅ និងជាកន្លែងដែលពួកគេបានប្រព្រឹត្តអំពើបាប។ យើងនឹងជម្រះពួកគេឲ្យបានបរិសុទ្ធ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងទៅជាព្រះរបស់ពួកគេ។ 24#អគ. ៣៤.២៤ពេលនោះ ដាវីឌជាអ្នកបម្រើរបស់យើងនឹងគ្រងរាជ្យលើពួកគេ ហើយពួកគេនឹងមានគង្វាលតែមួយគត់។ ពួកគេនឹងប្រព្រឹត្តតាមវិន័យរបស់យើង ពួកគេនឹងគោរព ហើយប្រតិបត្តិតាមច្បាប់របស់យើងទៀតផង។ 25ពួកគេនឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យយ៉ាកុប ជាអ្នកបម្រើរបស់យើង គឺជាស្រុកដែលដូនតារបស់ពួកគេធ្លាប់រស់នៅកាលពីដើម។ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេនឹងរស់នៅក្នុងស្រុកនោះរហូត ហើយដាវីឌជាអ្នកបម្រើរបស់យើង នឹងគ្រប់គ្រងលើពួកគេតរៀងទៅ។ 26យើងនឹងចងសម្ពន្ធមេត្រី ដែលផ្ដល់សេចក្ដីសុខសាន្តជាមួយពួកគេ គឺជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច។ យើងនឹងឲ្យពួកគេរស់នៅក្នុងស្រុករបស់ខ្លួនវិញ ឲ្យពួកគេកើនចំនួនច្រើនឡើង ហើយយើងនឹងតាំងទីសក្ការៈរបស់យើងនៅក្នុងចំណោមពួកគេរហូតតទៅ។ 27#២ករ. ៦.១៦; វវ. ២១.៣ដំណាក់របស់យើងនឹងស្ថិតនៅជាមួយពួកគេ យើងនឹងទៅជាព្រះរបស់ពួកគេ ហើយពួកគេទៅជាប្រជារាស្ត្ររបស់យើង។ 28ពេលដែលទីសក្ការៈរបស់យើង ស្ថិតនៅជាមួយពួកគេរហូតតទៅនោះ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ដែលបានប្រោសជនជាតិអ៊ីស្រាអែលឲ្យទៅជាប្រជាជនដ៏វិសុទ្ធ*»។
Currently Selected:
អេសេគាល 37: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.