YouVersion Logo
Search Icon

អេសេគាល 19

19
ទំនួញ​របស់​មេ​ដឹក​នាំ​អ៊ីស្រា‌អែល
1ព្រះ‌អម្ចាស់​បង្គាប់​ខ្ញុំ​ឲ្យ​ស្មូត្រ​ទំនួញ​មួយ​បទ ស្ដី​អំពី​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖
2«ម្ដាយ​របស់​អ្នក​ជា​សិង្ហ​ញី
ដេក​នៅ​ក្នុង​ចំណោម​សិង្ហ​ឈ្មោល
ហើយ​បំបៅ​កូន​នៅ​ក្នុង​ចំណោម​សិង្ហ​ស្ទាវ។
3សិង្ហ​ញី​នេះ​បាន​បង្ហាត់​កូន​មួយ
ឲ្យ​រៀន​ហែក​សត្វ​ស៊ី
លុះ​កូន​សិង្ហ​នោះ​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវ
វា​ស៊ី​មនុស្ស។
4ប្រជា‌ជាតិ​នានា​ឮ​គេ​និយាយ​អំពី​សិង្ហ​ស្ទាវ​នេះ
ក៏​នាំ​គ្នា​ដាក់​អន្ទាក់​ចាប់​វា
ហើយ​ដាក់​កន្លុះ​នាំ​យក​ទៅ​ស្រុក​អេស៊ីប។
5សិង្ហ​ញី​រង់‌ចាំ តែ​មិន​ឃើញ​កូន​មក​វិញ
ក៏​អស់​សង្ឃឹម
ហើយ​យក​កូន​មួយ​ទៀត​មក​បង្ហាត់
ឲ្យ​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវ​ដែរ។
6កូន​សិង្ហ​នោះ​រក​ស៊ី​ជា​មួយ​សិង្ហ​ឈ្មោល​ឯ​ទៀតៗ
វា​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវ​មួយ
វា​រៀន​ហែក​សត្វ​ស៊ី ហើយ​ហែក​មនុស្ស​ស៊ី។
7វា​កម្ទេច​កំពែង​ក្រុង
ហើយ​បំផ្លិច‌បំផ្លាញ​ទីក្រុង។
ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ភ័យ​តក់‌ស្លុត
នៅ​ពេល​ឮ​សូរ​វា​គ្រហឹម។
8ប្រជា‌ជាតិ​នានា​លើក​ទ័ព​ពី​គ្រប់​ទិស‌ទី
ពី​គ្រប់​អាណា‌ខេត្ត
នាំ​គ្នា​ដាក់​អន្ទាក់​ចាប់​សិង្ហ​ស្ទាវ​នោះ
ហើយ​វា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។
9ពួក​គេ​ដាក់​វា​នៅ​ក្នុង​ទ្រុង​មួយ ខ្ទាស់​យ៉ាង​ជិត
រួច​នាំ​យក​ទៅ​ប្រគល់​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន
គេ​យក​វា​ទៅ​ឃុំ​ទុក
ដើម្បី​កុំ​ឲ្យ​ឮ​សំឡេង​វា​គ្រហឹម
នៅ​តាម​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​ទៀត។
ដើម​ទំពាំង‌បាយជូរ និង​មែក
10ម្ដាយ​របស់​អ្នក​ប្រៀប​បាន​នឹង
ដើម​ទំពាំង‌បាយជូរ​ដុះ​នៅ​ក្បែរ​មាត់​ទឹក
ទំពាំង‌បាយជូរ​នោះ​មាន​ផ្លែ​ផ្កា បែក​មែក​សាខា
ព្រោះ​សម្បូណ៌​ទឹក។
11ទំពាំង‌បាយជូរ​នោះ​មាន​មែក​ធំៗ
ដែល​ក្លាយ​ទៅ​ជា​ដំបង​រាជ្យ
ដើម​វា​លូត​ឡើង​ខ្ពស់​ជាង​ដើម​ឈើ​ឯ​ទៀតៗ
គេ​កោត​សរសើរ​ទំពាំង‌បាយជូរ​នោះ
ព្រោះ​តែ​កម្ពស់ និង​មាន​មែក​ច្រើន។
12ប៉ុន្តែ ដើម​ទំពាំង‌បាយជូរ​នោះ​ត្រូវ​គេ​រម្លើង
យ៉ាង​កំរោល ហើយ​រលំ​ទៅ​លើ​ដី។
ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក
ធ្វើ​ឲ្យ​ផ្លែ​វា​ស្វិត​ក្រៀម
រីឯ​មែក​ធំៗ ក៏​ដាច់​ចេញ​ពី​ដើម ក្រៀម​ស្ងួត
ហើយ​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ។
13ឥឡូវ​នេះ គេ​យក​ទំពាំង‌បាយជូរ​នោះ
ទៅ​ដាំ​នៅ​វាល​រហោ‌ស្ថាន
នៅ​លើ​ដី​ហួត‌ហែង​គ្មាន​ទឹក។
14មាន​ភ្លើង​ចេញ​ពី​ដើម​របស់​វា
ឆាប‌ឆេះ​មែក និង​ផ្លែ។
ទំពាំង‌បាយជូរ​នោះ​លែង​មាន​មែក​ធំៗ
ដែល​ក្លាយ​ទៅ​ដំបង​រាជ្យ​ទៀត​ហើយ។
ទំនុក​នេះ​ត្រូវ​ស្មូត្រ​ជា​ទំនួញ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in