អេសេគាល 13
13
ព្រះបន្ទូលប្រឆាំងនឹងព្យាការីក្លែងក្លាយ
1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ 2«កូនមនុស្សអើយ! ចូរថ្លែងព្រះបន្ទូល ប្រឆាំងនឹងពួកព្យាការីរបស់ជនជាតិអ៊ីស្រាអែល។ ចូរប្រាប់ពួកព្យាការីដែលបានទស្សន៍ទាយតាមអំពើចិត្តរបស់ខ្លួនថា: ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!។ 3ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ព្យាការីល្ងីល្ងើអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! អ្នករាល់គ្នាទស្សន៍ទាយតាមការនឹកឃើញរបស់ខ្លួន គឺឥតបានឃើញនិមិត្តហេតុពីព្រះជាម្ចាស់ឡើយ។ 4ឱអ៊ីស្រាអែលអើយ ព្យាការីរបស់អ្នកប្រៀបបាននឹងកញ្ជ្រោង ដែលរស់នៅតាមគំនរបាក់បែក! 5ព្យាការីក្លែងក្លាយអើយ អ្នករាល់គ្នាពុំបានឡើងទៅជួសជុលកំពែងធ្លុះធ្លាយ អ្នករាល់គ្នាពុំបានធ្វើរបង ដើម្បីឲ្យពូជពង្សអ៊ីស្រាអែលការពារខ្លួនក្នុងពេលមានសង្គ្រាម នៅថ្ងៃដែលព្រះអម្ចាស់ព្រះពិរោធ#១៣.៥ ក្នុងគម្ពីរហេប្រឺ មានសរសេរថា «ថ្ងៃរបស់ព្រះអម្ចាស់»។ទេ។ 6អ្នករាល់គ្នារៀបរាប់ពីនិមិត្តហេតុឥតបានការ និងពាក្យទស្សន៍ទាយបោកប្រាស់។ អ្នករាល់គ្នាតែងពោលថា “នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់” តែព្រះអម្ចាស់ពុំបានចាត់អ្នករាល់គ្នាមកទេ។ អ្នករាល់គ្នាសង្ឃឹមថា ពាក្យរបស់ខ្លួននឹងសម្រេចជារូបរាង។ 7និមិត្តហេតុដែលអ្នករាល់គ្នារៀបរាប់នោះ សុទ្ធតែឥតបានការ ហើយពាក្យដែលអ្នករាល់គ្នាទស្សន៍ទាយសុទ្ធតែកុហក! អ្នករាល់គ្នាតែងពោលថា “នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់!” តែយើងពុំបាននិយាយឡើយ»។ 8ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «ដោយអ្នករាល់គ្នាពោលតែពាក្យឥតបានការ ហើយរៀបរាប់អំពីនិមិត្តហេតុកុហក យើងនឹងដាក់ទោសអ្នករាល់គ្នា -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 9ពួកព្យាការីក្លែងក្លាយអើយ យើងនឹងប្រហារអ្នករាល់គ្នា ព្រោះអ្នករាល់គ្នារៀបរាប់អំពីនិមិត្តហេតុឥតបានការ និងទស្សន៍ទាយបោកប្រាស់។ អ្នករាល់គ្នាមិនស្ថិតនៅក្នុងចំណោមប្រជាជនរបស់យើង ហើយក៏គ្មានឈ្មោះក្នុងបញ្ជី#១៣.៩ សូមអាន អរ. ២ និង នហ. ៧.៥-៦៧។ របស់ពូជពង្សអ៊ីស្រាអែលដែរ អ្នករាល់គ្នានឹងមិនវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់មែន។
10 #
យរ. ៦.១៤, ៨.១១ ព្យាការីទាំងនោះបាននាំប្រជាជនរបស់យើងឲ្យវង្វេង ដោយពោលថា មានសន្តិភាពហើយ! តែគ្មានសន្តិភាពទាល់តែសោះ។ ប្រជាជនរបស់យើងសង់ជញ្ជាំង ហើយព្យាការីទាំងនោះនាំគ្នាបូកបាយអពីលើ។ 11ចូរប្រកាសប្រាប់អ្នកបូកបាយអទាំងនោះថា: ជញ្ជាំងនេះមុខជារលំមិនខាន! ភ្លៀងនឹងបង្អុរមកយ៉ាងខ្លាំង ព្រឹលក៏ធ្លាក់មក ហើយខ្យល់ព្យុះក៏កើតមានដែរ ពេលនោះ ជញ្ជាំងនឹងរលំបាក់បែកអស់។ 12ពេលជញ្ជាំងរលំ គេនឹងសួរអ្នករាល់គ្នា តើបាយអដែលអ្នករាល់គ្នាបូកនោះទៅណាបាត់ហើយ?»។ 13ហេតុនេះព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «យើងនឹងធ្វើឲ្យមានព្យុះបក់បោកមក តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ហើយនឹងមានភ្លៀងបង្អុរមកយ៉ាងខ្លាំង តាមកំហឹងរបស់យើង ព្រឹលនឹងធ្លាក់ចុះមកយ៉ាងសាហាវ ធ្វើឲ្យជញ្ជាំងរលំ។ 14យើងនឹងកម្ទេចជញ្ជាំងដែលអ្នករាល់គ្នាបូកបាយអពីលើ យើងនឹងធ្វើឲ្យជញ្ជាំងនោះរលំដល់ដី គ្រឹះរបស់វានឹងរលើង ហើយជញ្ជាំងរលំសង្កត់លើអ្នករាល់គ្នា។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ 15យើងនឹងប្រព្រឹត្តចំពោះជញ្ជាំងនោះ ព្រមទាំងអស់អ្នកដែលបូកបាយអ តាមកំហឹងរបស់យើង រហូតដល់ចប់ចុងចប់ដើម។ គេនឹងពោលថា: គ្មានជញ្ជាំង គ្មានអ្នកបូកបាយអ 16គ្មានព្យាការីរបស់ជនជាតិអ៊ីស្រាអែលទស្សន៍ទាយអំពីក្រុងយេរូសាឡឹម និងរៀបរាប់អំពីនិមិត្តហេតុដែលថាក្រុងនេះនឹងមានសន្តិភាព តែគ្មានសន្តិភាពសោះ!#១៣.១៦ ខ ១០-១៦ សូមប្រៀបធៀបជាមួយ អគ. ២២.២៨; យរ. ៦.១២-១៥, ៨.១០-១២។ -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ព្រះបន្ទូលប្រឆាំងនឹងព្យាការិនីក្លែងក្លាយ
17កូនមនុស្សអើយ ចូរបែរមុខទៅរកស្រីៗនៃប្រជាជនរបស់អ្នក ដែលទស្សន៍ទាយតាមអំពើចិត្តរបស់ខ្លួន។ ចូរថ្លែងព្រះបន្ទូលប្រឆាំងនឹងស្រីទាំងនោះទៅ! 18ចូរពោលទៅពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: វេទនាហើយស្រីៗដែលវេញអំបោះឲ្យប្រជាជនទាំងអស់ពាក់នៅកដៃ និងដេរឈ្នួតឲ្យប្រជាជនគ្រប់អាយុពាក់នៅលើក្បាល ដើម្បីខាបព្រលឹង! ពួកនាងខាបព្រលឹងប្រជាជនរបស់យើង ហើយនឹកស្មានថាអាចរក្សាជីវិតរបស់ខ្លួនបានឬ? 19ពួកនាងបន្ថោកយើង#១៣.១៩ គេចាត់ទុកមន្តអាគមជាអំពើមាក់ងាយព្រះជាម្ចាស់ ហើយត្រូវតែទទួលទោសដល់ស្លាប់ (សូមអាន លវ. ១៩.២៦-៣១, ២០.២៧; ទក. ១៨.១០-១២)។នៅចំពោះមុខប្រជាជនរបស់យើង ព្រោះចង់បានអង្ករពីរបីក្តាប់ និងនំបុ័ងពីរបីដុំ។ ពួកនាងបោកប្រាស់ប្រជាជនរបស់យើង ដ្បិតគេឆាប់ជឿពាក្យកុហករបស់ពួកនាងធ្វើដូច្នេះ ពួកនាងសម្លាប់អស់អ្នកដែលមិនត្រូវស្លាប់ តែទុកជីវិតឲ្យអស់អ្នកដែលមិនត្រូវរស់»។
20ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងប្រឆាំងនឹងអំបោះដែលពួកនាងប្រើសម្រាប់ខាបព្រលឹង។ យើងនឹងយកអំបោះទាំងនោះចេញពីដៃរបស់ពួកនាង ហើយដោះលែងព្រលឹងដែលពួកនាងចាប់យកមកឃុំឃាំង។ 21យើងនឹងហែកឈ្នួតរបស់ពួកនាង ព្រមទាំងដោះលែងប្រជាជនរបស់យើងពីកណ្ដាប់ដៃពួកនាង ហើយពួកនាងមិនអាចចាប់ពួកគេ ទុកជារំពាក្នុងកណ្ដាប់ដៃរបស់ខ្លួនឡើយ។ ពេលនោះ ពួកនាងនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ 22ដោយសារពាក្យកុហក ពួកនាងបំបាក់ទឹកចិត្តរបស់មនុស្សសុចរិត ដែលយើងពុំបានធ្វើឲ្យពិបាកចិត្ត។ ពួកនាងលើកទឹកចិត្តមនុស្សអាក្រក់ ឲ្យដើរក្នុងផ្លូវអាក្រក់តទៅទៀត មិនឲ្យគេងាកចេញពីផ្លូវរបស់ខ្លួន ដើម្បីទទួលជីវិតឡើយ។ 23ពួកនាងនឹងលែងប្រឌិតនិមិត្តហេតុដ៏ឥតបានការ ហើយក៏លែងទស្សន៍ទាយទៀតដែរ។ យើងនឹងដោះលែងប្រជារាស្ត្ររបស់យើងពីកណ្ដាប់ដៃរបស់ពួកនាង។ ពេលនោះ ពួកនាងនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
Currently Selected:
អេសេគាល 13: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.