នាងអេសធើរ 7
7
លោកហាម៉ានទទួលទោសដល់ស្លាប់
1ព្រះរាជា និងលោកហាម៉ាន បានទៅដល់ ហើយជប់លៀងជាមួយព្រះមហាក្សត្រិយានីអេសធើរ។ 2នៅថ្ងៃទីពីរនោះទៀត ពេលកំពុងសោយសុរា ព្រះរាជាមានរាជឱង្ការទៅកាន់ព្រះនាងអេសធើរថា៖ «មហាក្សត្រិយានីអេសធើរអើយ តើព្រះនាងចង់បានអ្វី? យើងនឹងប្រទានតាមសំណូមពរទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានឲ្យដែរ»។ 3ព្រះនាងអេសធើរទូលព្រះរាជាថា៖ «បពិត្រព្រះរាជា ប្រសិនបើខ្ញុំម្ចាស់គាប់ព្រះហឫទ័យព្រះករុណាមែន ហើយប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ នោះសូមទ្រង់មេត្តាទុកជីវិតឲ្យខ្ញុំម្ចាស់ ព្រមទាំងទុកជីវិតឲ្យប្រជាជនរបស់ខ្ញុំម្ចាស់ តាមសំណូមពរនេះផង 4ដ្បិតគេបានលក់ខ្ញុំម្ចាស់ និងប្រជាជនរបស់ខ្ញុំម្ចាស់ ដើម្បីយកទៅប្រល័យឲ្យបាត់បង់ជីវិតសូន្យ! ប្រសិនបើគេលក់យើងខ្ញុំ ទាំងប្រុស ទាំងស្រី ជាទាសករនោះ ប្រហែលជាខ្ញុំម្ចាស់សុខចិត្តនៅស្ងៀម ព្រោះមិនចាំបាច់ឲ្យព្រះរាជាខ្វល់ខ្វាយឡើយ»។
5ព្រះចៅអហាស៊ូរុសមានរាជឱង្ការទៅកាន់ព្រះមហាក្សត្រិយានីអេសធើរថា៖ «តើនរណាដែលមានចិត្តចង់ធ្វើបែបនេះ គេនៅឯណា?»។ 6ព្រះនាងអេសធើរទូលស្ដេចថា៖ «បច្ចាមិត្តដែលចង់ធ្វើបាបយើងខ្ញុំនោះ គឺលោកហាម៉ាន ជាជនកំណាចនេះ!»។ ពេលនោះ លោកហាម៉ានស្លុតស្មារតីនៅចំពោះព្រះភ័ក្ត្រព្រះរាជា និងព្រះមហាក្សត្រិយានី។ 7ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ស្ដេចយាងចេញពីកន្លែងជប់លៀង ឆ្ពោះទៅឧទ្យាននៃរាជវាំង។ រីឯលោកហាម៉ានវិញ លោកនៅទីនោះ ទូលអង្វរព្រះមហាក្សត្រិយានីអេសធើរ សុំឲ្យបានរួចជីវិត ដ្បិតលោកឃើញយ៉ាងច្បាស់ថា ព្រះរាជាសម្រេចធ្វើទោសលោកហើយ។ 8ព្រះរាជាវិលពីឧទ្យានចូលមកក្នុងសាលជប់លៀងវិញ ក្នុងពេលលោកហាម៉ានក្រាបលើគ្រែ ដែលព្រះនាងអេសធើរគង់នៅលើនោះ។ ព្រះរាជាក៏ស្រែកឡើងថា៖ «ជននេះចង់រំលោភមហាក្សត្រិយានីនៅចំពោះមុខយើង ក្នុងដំណាក់នេះថែមទៀត!»។ ព្រះរាជាមានរាជឱង្ការមិនទាន់ផុតផង ពួករាជបម្រើក៏យកក្រណាត់មកឃ្លុំមុខលោកហាម៉ាន។ 9មហាតលិកមួយរូបឈ្មោះលោកហាបូណា ទូលព្រះរាជាថា៖ «លោកហាម៉ានសង់បង្គោលមួយកម្ពស់ហាសិបហត្ថ នៅវិមានរបស់លោក សម្រាប់ព្យួរ-កលោកម៉ាដេកាយ ជាអ្នកដែលបានរាយការណ៍សង្គ្រោះព្រះជន្មរបស់ព្រះករុណា»។ ព្រះរាជាក៏បញ្ជាថា៖ «ចូរយកលោកហាម៉ានទៅព្យួរ-កនៅបង្គោលនោះទៅ»។ 10គេក៏ព្យួរ-កលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ព្រះរាជាក៏ស្ងប់ព្រះពិរោធ។
Currently Selected:
នាងអេសធើរ 7: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.