អេភេសូ 5:1-17
អេភេសូ 5:1-17 គខប
សូមបងប្អូនយកតម្រាប់តាមព្រះជាម្ចាស់ចុះ ព្រោះបងប្អូនជាបុត្រធីតាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ចូររស់នៅដោយមានចិត្តស្រឡាញ់ ដូចព្រះគ្រិស្តបានស្រឡាញ់យើង ហើយបានបូជាព្រះជន្មសម្រាប់យើង ទុកជាតង្វាយថ្វាយព្រះជាម្ចាស់ និងទុកជាយញ្ញបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ ។ ដោយបងប្អូនជាប្រជាជនដ៏វិសុទ្ធ* មិនត្រូវឲ្យមានឮនិយាយអំពីការប្រាសចាកសីលធម៌ អបាយមុខគ្រប់យ៉ាង ឬការលោភលន់ក្នុងចំណោមបងប្អូនសោះឡើយ ហើយក៏មិនត្រូវពោលពាក្យទ្រគោះបោះបោក ពាក្យឡេះឡោះ ឬពាក្យអាសអាភាសដែរ ព្រោះពាក្យទាំងនេះមិនសមរម្យទេ ផ្ទុយទៅវិញ ត្រូវពោលពាក្យអរព្រះគុណព្រះជាម្ចាស់។ ចូរដឹងឲ្យច្បាស់ថា អ្នកប្រាសចាកសីលធម៌ អ្នកប្រព្រឹត្តអំពើអបាយមុខ និងអ្នកលោភលន់ដែលយកទ្រព្យសម្បត្តិធ្វើជាព្រះ មិនអាចទទួលមត៌កក្នុងព្រះរាជ្យ*របស់ព្រះគ្រិស្ត និងរបស់ព្រះជាម្ចាស់បានជាដាច់ខាត។ សូមកុំឲ្យនរណាម្នាក់បោកបញ្ឆោតបងប្អូន ដោយពាក្យសម្ដីឥតខ្លឹមសារសោះឡើយ ព្រោះអំពើទាំងនេះហើយដែលនាំឲ្យព្រះជាម្ចាស់ព្រះពិរោធនឹងពួកអ្នកប្រឆាំងព្រះអង្គ។ ដូច្នេះ សូមកុំសេពគប់ជាមួយពួកគេជាដាច់ខាត។ កាលពីដើម បងប្អូនងងឹតមែន ប៉ុន្តែ ឥឡូវនេះ បងប្អូនជាពន្លឺ ដោយបានរួមជាមួយព្រះអម្ចាស់ ដូច្នេះ ចូររស់នៅឲ្យសមជាមនុស្សដែលមានពន្លឺក្នុងខ្លួន ទៅ។ ផលនៃពន្លឺនោះគឺសេចក្ដីសប្បុរស សេចក្ដីសុចរិត និងសេចក្ដីពិតគ្រប់បែបយ៉ាង។ ត្រូវរិះគិតមើលឲ្យដឹងថា ការណាគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយមិនត្រូវចូលរួមក្នុងការប្រព្រឹត្តអំពើឥតផលប្រយោជន៍ ដែលមកពីសេចក្ដីងងឹតនោះឡើយ សូវបើកមុខអំពើទាំងនោះឲ្យគេឃើញ។ ចំពោះអំពើណាដែលគេប្រព្រឹត្តដោយលួចលាក់ សូម្បីតែយកមកនិយាយ ក៏គួរឲ្យខ្មាសណាស់ទៅហើយ។ ប៉ុន្តែ កាលណាអំពើទាំងនោះបានបើកមុខហើយ វានឹងលេចចេញមកឲ្យគេឃើញច្បាស់នៅក្រោមពន្លឺ ដ្បិតអំពើណាដែលលេចមកឲ្យគេឃើញហើយនោះ បានប្រែទៅជាពន្លឺ។ ហេតុនេះហើយបានជាមានថ្លែងទុកមកថា: «អ្នកដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើងចេញពីចំណោមមនុស្សស្លាប់ ព្រះគ្រិស្តនឹងភ្លឺចាំងមកលើអ្នក»។ ដូច្នេះ ចូរប្រុងប្រយ័ត្នអំពីរបៀបដែលបងប្អូនរស់នៅឲ្យមែនទែន មិនត្រូវកាន់មារយាទដូចមនុស្សឥតប្រាជ្ញាឡើយ គឺត្រូវកាន់មារយាទដូចមនុស្សមានប្រាជ្ញាវិញ។ ត្រូវចេះប្រើប្រាស់ពេលវេលា ដ្បិតសម័យនេះអាក្រក់ណាស់។ ហេតុនេះ មិនត្រូវធ្វើជាមនុស្សឥតគំនិតឡើយ តែត្រូវរិះគិតឲ្យយល់ព្រះហឫទ័យរបស់ព្រះអម្ចាស់។