អេភេសូ 5:1-10
អេភេសូ 5:1-10 គខប
សូមបងប្អូនយកតម្រាប់តាមព្រះជាម្ចាស់ចុះ ព្រោះបងប្អូនជាបុត្រធីតាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ចូររស់នៅដោយមានចិត្តស្រឡាញ់ ដូចព្រះគ្រិស្តបានស្រឡាញ់យើង ហើយបានបូជាព្រះជន្មសម្រាប់យើង ទុកជាតង្វាយថ្វាយព្រះជាម្ចាស់ និងទុកជាយញ្ញបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ ។ ដោយបងប្អូនជាប្រជាជនដ៏វិសុទ្ធ* មិនត្រូវឲ្យមានឮនិយាយអំពីការប្រាសចាកសីលធម៌ អបាយមុខគ្រប់យ៉ាង ឬការលោភលន់ក្នុងចំណោមបងប្អូនសោះឡើយ ហើយក៏មិនត្រូវពោលពាក្យទ្រគោះបោះបោក ពាក្យឡេះឡោះ ឬពាក្យអាសអាភាសដែរ ព្រោះពាក្យទាំងនេះមិនសមរម្យទេ ផ្ទុយទៅវិញ ត្រូវពោលពាក្យអរព្រះគុណព្រះជាម្ចាស់។ ចូរដឹងឲ្យច្បាស់ថា អ្នកប្រាសចាកសីលធម៌ អ្នកប្រព្រឹត្តអំពើអបាយមុខ និងអ្នកលោភលន់ដែលយកទ្រព្យសម្បត្តិធ្វើជាព្រះ មិនអាចទទួលមត៌កក្នុងព្រះរាជ្យ*របស់ព្រះគ្រិស្ត និងរបស់ព្រះជាម្ចាស់បានជាដាច់ខាត។ សូមកុំឲ្យនរណាម្នាក់បោកបញ្ឆោតបងប្អូន ដោយពាក្យសម្ដីឥតខ្លឹមសារសោះឡើយ ព្រោះអំពើទាំងនេះហើយដែលនាំឲ្យព្រះជាម្ចាស់ព្រះពិរោធនឹងពួកអ្នកប្រឆាំងព្រះអង្គ។ ដូច្នេះ សូមកុំសេពគប់ជាមួយពួកគេជាដាច់ខាត។ កាលពីដើម បងប្អូនងងឹតមែន ប៉ុន្តែ ឥឡូវនេះ បងប្អូនជាពន្លឺ ដោយបានរួមជាមួយព្រះអម្ចាស់ ដូច្នេះ ចូររស់នៅឲ្យសមជាមនុស្សដែលមានពន្លឺក្នុងខ្លួន ទៅ។ ផលនៃពន្លឺនោះគឺសេចក្ដីសប្បុរស សេចក្ដីសុចរិត និងសេចក្ដីពិតគ្រប់បែបយ៉ាង។ ត្រូវរិះគិតមើលឲ្យដឹងថា ការណាគាប់ព្រះហឫទ័យព្រះអម្ចាស់