អេភេសូ 2
2
គ្រិស្តបរិស័ទឆ្លងផុតពីសេចក្ដីស្លាប់ទៅដល់ជីវិត
1 ចំពោះបងប្អូន បងប្អូនបានស្លាប់ ព្រោះតែកំហុស និងអំពើបាបរបស់បងប្អូនរួចផុតទៅហើយ។ 2ពីដើម បងប្អូនបានរស់នៅតាមរបៀបលោកីយ៍នេះ គឺតាមវត្ថុស័ក្តិសិទ្ធិដែលគ្រប់គ្រងពិភពលោកនេះ ជាវិញ្ញាណដែលមានឥទ្ធិពលនៅក្នុងអស់អ្នកប្រឆាំងនឹងព្រះជាម្ចាស់នៅបច្ចុប្បន្នកាលនេះ។ 3រីឯយើងទាំងអស់គ្នាវិញ ពីដើម យើងក៏ដូចពួកគេដែរ យើងបានបណ្ដោយខ្លួនទៅតាមតណ្ហាលោភលន់នៃនិស្ស័យលោកីយ៍របស់យើង យើងប្រព្រឹត្តអំពើផ្សេងៗតាមបំណងចិត្តគំនិតរបស់លោកីយ៍។ ពីកំណើតមក យើងជាមនុស្សដែលត្រូវតែទទួលទោស ពីព្រះជាម្ចាស់ ដូចមនុស្សឯទៀតៗដែរ 4ក៏ប៉ុន្តែ ព្រះជាម្ចាស់ដែលតែងតែមានព្រះហឫទ័យអាណិតមេត្តាដ៏ច្រើនពន់ប្រមាណនោះ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងបំផុត 5គឺទោះបីយើងស្លាប់ដោយសារអំពើបាបរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសប្រទានឲ្យយើងមានជីវិតរស់រួមជាមួយព្រះគ្រិស្តវិញដែរ។ ព្រះជាម្ចាស់បានសង្គ្រោះបងប្អូនដោយសារព្រះគុណ។ 6ព្រះអង្គបានប្រោសយើងឲ្យរស់ឡើងវិញ រួមជាមួយព្រះគ្រិស្តយេស៊ូ និងឲ្យយើងអង្គុយលើបល្ល័ង្កនៅស្ថានបរមសុខ រួមជាមួយព្រះអង្គដែរ។ 7ព្រះអង្គបង្ហាញព្រះហឫទ័យសប្បុរសចំពោះយើង ក្នុងអង្គព្រះគ្រិស្តយេស៊ូដូច្នេះ ដើម្បីបង្ហាញឲ្យមនុស្សគ្រប់ជំនាន់ខាងមុខ ស្គាល់ព្រះគុណដ៏ប្រសើរលើសលុបបំផុតរបស់ព្រះអង្គ 8ព្រះអង្គសង្គ្រោះបងប្អូនដោយសារព្រះគុណ តាមរយៈជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ 9ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំឲ្យនរណាម្នាក់អួតខ្លួនបាន។ 10យើងជាស្នាព្រះហស្ដដែលព្រះជាម្ចាស់បានបង្កើតមក ក្នុងអង្គព្រះគ្រិស្តយេស៊ូ ដើម្បីឲ្យយើងប្រព្រឹត្តអំពើល្អ ដែលព្រះអង្គបានបម្រុងទុកជាមុន សម្រាប់ឲ្យយើងប្រព្រឹត្តតាម។
ការរួបរួមគ្នាក្នុងអង្គព្រះគ្រិស្ត
11ដូច្នេះ សូមបងប្អូនចងចាំថា: ពីដើម បងប្អូនកើតមកជាសាសន៍ដទៃ ហើយសាសន៍យូដាដែលចាត់ទុកថាខ្លួនជា «ពួកកាត់ស្បែក» ហៅបងប្អូនថា «ពួកមិនកាត់ស្បែក» ព្រោះគេសម្គាល់ទៅលើសញ្ញាមួយដែលគេធ្វើលើរូបកាយ។ 12កាលណោះ បងប្អូននៅឆ្ងាយពីព្រះគ្រិស្ត គ្មានសិទ្ធិចូលជាតិអ៊ីស្រាអែល គ្មានទំនាក់ទំនងអ្វីនឹងសម្ពន្ធមេត្រី* ដែលចងឡើងដោយព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ទេ បងប្អូនរស់នៅក្នុងលោកនេះ ដោយគ្មានទីសង្ឃឹម ហើយក៏គ្មានព្រះជាម្ចាស់ដែរ។ 13កាលពីដើម បងប្អូននៅឆ្ងាយមែន ក៏ប៉ុន្តែ ឥឡូវនេះ ដោយបងប្អូនរួមក្នុងអង្គព្រះយេស៊ូគ្រិស្ត បងប្អូនបានមកនៅជិតដោយសារព្រះលោហិតរបស់ព្រះគ្រិស្ត។ 14គឺព្រះគ្រិស្តហើយដែលជាសន្តិភាពរបស់យើង ព្រះអង្គបានប្រមូលសាសន៍ទាំងពីរ ឲ្យរួមគ្នាមកជាប្រជារាស្ត្រតែមួយ។ ក្នុងព្រះកាយរបស់ព្រះអង្គ ព្រះអង្គបានរំលំជញ្ជាំងដែលបំបាក់បំបែកយើងឲ្យទៅជាបច្ចាមិត្តនឹងគ្នា។ 15 ព្រះអង្គបានលុបបំបាត់ក្រឹត្យវិន័យ*ដែលមានបទបញ្ជា និងក្បួនតម្រាផ្សេងៗចោល ដើម្បីបង្រួបបង្រួមសាសន៍ទាំងពីរឲ្យទៅជាមនុស្សថ្មីតែមួយ ក្នុងព្រះអង្គផ្ទាល់ ព្រមទាំងនាំសន្តិភាពមកផង។ 16 ដោយព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង ព្រះអង្គបានសម្រុះសម្រួលសាសន៍ទាំងពីរឲ្យរួមគ្នាជារូបកាយតែមួយ និងធ្វើឲ្យគេស្រុះស្រួលជាមួយព្រះជាម្ចាស់វិញ ទាំងកម្ចាត់ការស្អប់គ្នាចោលផង។ 17 ព្រះអង្គបានយាងមក «ទាំងនាំដំណឹងល្អ*អំពីសន្តិភាពមកឲ្យបងប្អូនដែលនៅឆ្ងាយ និងនាំសន្តិភាពមកឲ្យអស់អ្នកដែលនៅជិតដែរ»។ 18ដោយសារព្រះគ្រិស្តនេះហើយ ដែលយើងទាំងពីរសាសន៍មានផ្លូវចូលទៅរកព្រះបិតា ដោយរួមក្នុងព្រះវិញ្ញាណតែមួយ។
19ហេតុនេះ បងប្អូនលែងជាជនបរទេស ឬជាអាណិកជនទៀតហើយ គឺបងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏វិសុទ្ធ* និងជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់។ 20ព្រះអង្គបានកសាងបងប្អូនឡើងជាសំណង់ ដោយមានក្រុមសាវ័ក* និងព្យាការី* ជាគ្រឹះ និងមានព្រះគ្រិស្តយេស៊ូផ្ទាល់ជាថ្មដ៏សំខាន់។ 21គឺព្រះគ្រិស្តហើយ ដែលធ្វើឲ្យសំណង់ទាំងមូលភ្ជាប់គ្នាយ៉ាងមាំ និងធ្វើឲ្យចម្រើនឡើង ទៅជាព្រះវិហារ*ដ៏វិសុទ្ធមួយរួមជាមួយព្រះអម្ចាស់។ 22រីឯបងប្អូនក៏ដូច្នោះដែរ ដោយបងប្អូនរួមជាមួយព្រះអង្គ បងប្អូនបានផ្គុំគ្នាឡើង ធ្វើជាព្រះដំណាក់របស់ព្រះជាម្ចាស់ ក្នុងព្រះវិញ្ញាណ។
Currently Selected:
អេភេសូ 2: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.