អេភេសូ 1
1
សេចក្ដីផ្ដើម
1 ខ្ញុំ ប៉ូល ព្រះជាម្ចាស់សព្វព្រះហឫទ័យតាំងជាសាវ័ក*របស់ព្រះគ្រិស្ត*យេស៊ូ សូមជម្រាបមកបងប្អូនជាប្រជារាស្ដ្រដ៏វិសុទ្ធ [នៅក្រុងអេភេសូ] ដែលជឿលើព្រះគ្រិស្តយេស៊ូ។ 2សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្តប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។
ព្រះពរដ៏លើសលប់ដែលព្រះជាម្ចាស់ប្រទានដល់អ្នកជឿ
3សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខ*មកយើង ក្នុងអង្គព្រះគ្រិស្ត។ 4ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រិស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានវិសុទ្ធ* និងឥតសៅហ្មងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង ។ 5ព្រះអង្គបានតម្រូវយើងទុកជាមុន ឲ្យធ្វើជាបុត្ររបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រិស្ត ស្របនឹងព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ 6ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះគុណ ដែលព្រះអង្គបានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ 7 ដោយយើងរួមក្នុងអង្គព្រះគ្រិស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឲ្យយើងបានរួចពីបាប ស្របតាមព្រះគុណដ៏លើសលុបរបស់ព្រះអង្គ។ 8ព្រះជាម្ចាស់ប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺព្រះអង្គប្រទានឲ្យយើងមានតម្រិះ និងប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ 9ព្រះអង្គបានប្រោសឲ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំង*នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលព្រះអង្គបានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។ 10ព្រះអង្គចាត់ចែងគម្រោងការនេះឲ្យបានសម្រេចនៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឲ្យរួមគ្នានៅក្នុងអង្គព្រះគ្រិស្តជាម្ចាស់តែមួយ។ 11ព្រះជាម្ចាស់បានជ្រើសរើសយើងទុកដោយឡែក ក្នុងអង្គព្រះគ្រិស្ត ព្រះអង្គបានតម្រូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ព្រះអង្គ ដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមព្រះហឫទ័យរបស់ព្រះអង្គ 12ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ គឺយើងដែលបានសង្ឃឹមលើព្រះគ្រិស្តមុនគេបង្អស់។ 13ដោយរួមក្នុងអង្គព្រះគ្រិស្ត បងប្អូនបានស្ដាប់ព្រះបន្ទូលនៃសេចក្ដីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអង្គព្រះគ្រិស្តបងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅសម្គាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធ តាមព្រះបន្ទូលសន្យាដែរ។ 14ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណនេះមកបញ្ចាំចិត្តយើងឲ្យដឹងថា យើងនឹងទទួលមត៌ក នៅពេលព្រះអង្គលោះប្រជារាស្ដ្ររបស់ព្រះអង្គជាស្ថាពរ ដើម្បីឲ្យគេលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
ពាក្យអធិស្ឋានរបស់លោកប៉ូល
15ហេតុនេះ តាំងពីពេលដែលខ្ញុំបានឮគេតំណាលអំពីជំនឿរបស់បងប្អូន ក្នុងអង្គព្រះអម្ចាស់យេស៊ូ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះប្រជាជនដ៏វិសុទ្ធ*ទាំងអស់ 16នោះខ្ញុំអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរ ព្រោះតែបងប្អូន។ ពេលខ្ញុំអធិស្ឋាន* ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច 17សូមឲ្យព្រះរបស់ព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង គឺព្រះបិតាប្រកបដោយសិរីរុងរឿងប្រទានព្រះវិញ្ញាណឲ្យបងប្អូនមានប្រាជ្ញា និងសម្តែងឲ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។ 18សូមព្រះបិតាបំភ្លឺចិត្តគំនិតបងប្អូនឲ្យយល់ថា ដោយព្រះអង្គត្រាស់ហៅបងប្អូន បងប្អូនមានសេចក្ដីសង្ឃឹមយ៉ាងណា និងយល់ថា ដោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ* បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរលើសលុបយ៉ាងណាដែរ!។ 19សូមព្រះអង្គប្រទានឲ្យបងប្អូនយល់ទៀតថា ឫទ្ធានុភាពដ៏អស្ចារ្យបំផុតដែលព្រះអង្គសម្តែងមក ជាប្រយោជន៍ដល់យើងជាអ្នកជឿ មានទំហំធំធេងយ៉ាងណា ស្របតាមមហិទ្ធិឫទ្ធិនៃព្រះចេស្ដាដ៏ខ្លាំងក្លា ដែលព្រះអង្គបានសម្តែងក្នុងអង្គព្រះគ្រិស្ត។ 20 ព្រះអង្គបានសម្តែងមហិទ្ធិឫទ្ធិនេះ ដោយប្រោសព្រះគ្រិស្តឲ្យមានព្រះជន្មរស់ឡើងវិញ និងឲ្យគង់នៅខាងស្ដាំព្រះអង្គនៅស្ថានបរមសុខ 21ខ្ពស់ជាងវត្ថុស័ក្ដិសិទ្ធិគ្រប់យ៉ាង ខ្ពស់ជាងអ្វីៗដែលមានអំណាច មានឫទ្ធិ មានបារមីគ្រប់គ្រង និងខ្ពស់លើសអ្វីៗដែលមានឈ្មោះមិនត្រឹមតែនៅលោកនេះទេ គឺនៅលោកខាងមុខទៀតផង ។ 22 ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ឲ្យនៅក្រោមព្រះបាទារបស់ព្រះគ្រិស្ត ព្រមទាំងប្រទានឲ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើក្រុមជំនុំ 23ដែលជាព្រះកាយរបស់ព្រះអង្គ។ ក្រុមជំនុំនេះបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះគ្រិស្ត ហើយព្រះគ្រិស្តផ្ទាល់ក៏បានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ដែរ ។
Currently Selected:
អេភេសូ 1: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.