ទុតិយកថា 17
17
1កុំយកគោ ឬកូនចៀម ដែលមានស្លាកស្នាម ឬពិការ ថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ ដ្បិតព្រះអង្គស្អប់ខ្ពើមយញ្ញបូជាបែបនេះ។
2ក្នុងចំណោមអ្នក ប្រហែលជាមានប្រុសម្នាក់ ឬស្រីម្នាក់ប្រព្រឹត្តអំពើបាប ដែលមិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ក្នុងក្រុងដែលព្រះអង្គប្រទានឲ្យ គឺអ្នកនោះបំពានលើសម្ពន្ធមេត្រីរបស់ព្រះអង្គ 3 ទៅគោរពបម្រើព្រះដទៃ ហើយក្រាបថ្វាយបង្គំព្រះទាំងនោះ ឬក្រាបថ្វាយបង្គំព្រះអាទិត្យ ព្រះចន្ទ និងហ្វូងតារាទាំងប៉ុន្មាន ផ្ទុយពីសេចក្ដីដែលខ្ញុំ បានបង្គាប់។ 4ពេលណាអ្នកឮដំណឹងនេះ ត្រូវស៊ើបសួរឲ្យបានច្បាស់លាស់ថា តើការណ៍នេះពិត ឬមិនពិត។ ប្រសិនបើមានភស្ដុតាងបញ្ជាក់ថា ហេតុការណ៍ដ៏គួរស្អប់ខ្ពើមនេះ ពិតជាកើតមាននៅស្រុកអ៊ីស្រាអែលមែន 5ត្រូវនាំប្រុស ឬស្រី ដែលបានប្រព្រឹត្តអំពើអាក្រក់នោះ ទៅមាត់ទ្វារក្រុង ហើយយកដុំថ្មគប់ រហូតទាល់តែស្លាប់។ 6 ជនជាប់ចោទនោះមានទោសដល់ស្លាប់ ល្គឹកណាតែមានមនុស្សពីរ ឬបីនាក់ធ្វើជាសាក្សី។ ប្រសិនបើមានសាក្សីតែម្នាក់ គេមិនអាចប្រហារជីវិតជនជាប់ចោទនោះឡើយ។ 7 សាក្សីត្រូវយកដុំថ្មគប់សម្លាប់អ្នកនោះមុនគេ បន្ទាប់មក ទើបប្រជាជនគប់តាមក្រោយ។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា»។
ការកាត់ក្ដី
8«ចំពោះឃាតកម្ម ការប្ដឹងផ្ដល់គ្នា និងការវាយគ្នាឲ្យមានរបួស ជាករណីដែលពិបាកកាត់ក្ដី នៅក្នុងក្រុងរបស់អ្នក ត្រូវនាំយករឿងនេះទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកជ្រើសរើស។ 9អ្នកត្រូវទៅជួបពួកបូជាចារ្យលេវី និងចៅក្រមនៅជំនាន់នោះ ដើម្បីសុំសួរយោបល់។ ពួកគេនឹងប្រាប់អ្នកថា ត្រូវវិនិច្ឆ័យរឿងនេះបែបណា។ 10ចូរធ្វើតាមការវិនិច្ឆ័យដែលលោកទាំងនោះប្រាប់អ្នក នៅកន្លែងព្រះអម្ចាស់ជ្រើសរើស។ ចូរធ្វើតាមពាក្យដែលពួកលោកណែនាំឲ្យបានឥតខ្ចោះ។ 11ចូរធ្វើឲ្យត្រឹមត្រូវតាមក្រឹត្យវិន័យ ដែលលោកទាំងនោះណែនាំ និងការវិនិច្ឆ័យដែលពួកលោកបានសម្រេច គឺត្រូវធ្វើតាមពាក្យដែលពួកលោកអារកាត់ ឥតលម្អៀងឡើយ ។ 12អ្នកណាតាំងចិត្តមានះ មិនព្រមធ្វើតាមពាក្យរបស់បូជាចារ្យ* ដែលបានទទួលតំណែងបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នក ឬមិនស្ដាប់ពាក្យរបស់ចៅក្រមទេ អ្នកនោះត្រូវតែស្លាប់។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមជនជាតិអ៊ីស្រាអែល។ 13ប្រជាជនទាំងអស់ឮដំណឹងនេះ គេនឹងភ័យខ្លាច ហើយគ្មាននរណាហ៊ានតាំងចិត្តមានះបែបនេះទៀតឡើយ»។
ច្បាប់ស្ដីអំពីព្រះមហាក្សត្រ
14 «ពេលណាអ្នកចូលទៅដល់ស្រុកដែលព្រះអម្ចាស់ជាព្រះរបស់អ្នក ប្រទានឲ្យ ពេលណាអ្នកកាន់កាប់ស្រុក និងតាំងទីលំនៅក្នុងស្រុកនោះហើយ ប្រហែលជាអ្នកនឹកចង់បានស្ដេចមួយអង្គគ្រប់គ្រងលើអ្នក ដូចប្រជាជាតិទាំងប៉ុន្មានដែលនៅជុំវិញដែរ។ 15អ្នកត្រូវតែងតាំងស្ដេច ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកជ្រើសរើស។ អ្នកត្រូវតែងតាំងស្ដេចដែលជាជនរួមជាតិរបស់អ្នក គឺមិនត្រូវតែងតាំងជនបរទេស ដែលមិនមែនជាជនរួមជាតិរបស់អ្នកឡើយ។ 16 ស្ដេចរបស់អ្នកមិនត្រូវមានសេះច្រើន ហើយក៏មិនត្រូវឲ្យប្រជាជនវិលត្រឡប់ទៅស្រុកអេស៊ីប ដើម្បីរកសេះឲ្យច្រើនដែរ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកអ្នករាល់គ្នាថា “មិនត្រូវវិលត្រឡប់ទៅស្រុកនោះវិញឡើយ”។ 17 ស្ដេចរបស់អ្នកមិនត្រូវមានមហេសីច្រើនឡើយ ក្រែងលោស្ដេចបែកចិត្តចេញឆ្ងាយពីព្រះជាម្ចាស់។ ស្ដេចក៏មិនត្រូវមានមាសប្រាក់ច្រើនពេកដែរ។ 18ពេលណាស្ដេចឡើងគ្រងរាជសម្បត្តិហើយ ត្រូវឲ្យស្ដេចយកក្រឹត្យវិន័យនេះពីបូជាចារ្យលេវី ទៅចម្លងទុកក្នុងសៀវភៅមួយ។ 19សៀវភៅនេះត្រូវនៅជាប់ជាមួយស្ដេចជានិច្ច ហើយស្ដេចអានជារៀងរាល់ថ្ងៃ អស់មួយជីវិត ដើម្បីរៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ព្រមទាំងកាន់ ហើយប្រតិបត្តិក្រឹត្យវិន័យ និងច្បាប់ទាំងប៉ុន្មាន ដែលមាននៅក្នុងគម្ពីរវិន័យនេះ។ 20ធ្វើដូច្នេះ ស្ដេចនឹងគ្មានគំនិតតម្កើងខ្លួនខ្ពស់ជាងជនរួមជាតិឡើយ ហើយក៏មិនបែកចិត្តចេញឆ្ងាយពីបទបញ្ជារបស់ព្រះជាម្ចាស់ ដោយងាកទៅឆ្វេង ឬទៅស្ដាំដែរ ដើម្បីឲ្យស្ដេច និងរាជវង្សរបស់ស្ដេច គ្រងរាជ្យបានយូរឆ្នាំលើជនជាតិអ៊ីស្រាអែល»។
Currently Selected:
ទុតិយកថា 17: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.