កូឡូស 2
2
1ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា ខ្ញុំតយុទ្ធខ្លាំងក្លាយ៉ាងណា សម្រាប់បងប្អូន សម្រាប់អស់អ្នកនៅស្រុកឡៅឌីសេ និងអស់អ្នកដែលមិនធ្លាប់បានឃើញមុខខ្ញុំផ្ទាល់ 2គឺខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងនោះ ឲ្យរួបរួមគ្នាក្នុងសេចក្ដីស្រឡាញ់ ដើម្បីឲ្យគេមានប្រាជ្ញាវាងវៃបំផុត យល់សព្វគ្រប់ទាំងអស់ និងស្គាល់ច្បាស់នូវគម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ពោលគឺព្រះគ្រិស្តផ្ទាល់ 3ដ្បិតព្រះតម្រិះ និងព្រះប្រាជ្ញាញាណដ៏ខ្ពង់ខ្ពស់ របស់ព្រះជាម្ចាស់ សុទ្ធតែលាក់ទុកក្នុងអង្គព្រះគ្រិស្តហ្នឹងហើយ។
4ខ្ញុំនិយាយដូច្នេះ ដើម្បីការពារកុំឲ្យនរណាម្នាក់អាចមកបញ្ឆោតបងប្អូន ដោយពាក្យសម្ដីដ៏ពីរោះៗនោះឡើយ។ 5ថ្វីដ្បិតតែរូបកាយខ្ញុំនៅឆ្ងាយពីបងប្អូន តែចិត្តខ្ញុំ នៅជាប់ជាមួយបងប្អូន ហើយខ្ញុំក៏មានអំណរដោយឃើញបងប្អូនមានសណ្ដាប់ធ្នាប់ និងមានជំនឿមាំមួនលើព្រះគ្រិស្ត។
ជីវិតរួមជាមួយព្រះគ្រិស្ត
6ដូច្នេះ បើបងប្អូនបានទទួលព្រះគ្រិស្តយេស៊ូទុកជាព្រះអម្ចាស់យ៉ាងណាហើយ ចូររស់នៅរួមជាមួយព្រះអង្គយ៉ាងនោះតទៅទៀតទៅ។ 7ចូរចាក់ឫស និងកសាងជីវិតលើព្រះអង្គ ចូររក្សាជំនឿឲ្យរឹងប៉ឹង ស្របតាមសេចក្ដីប្រៀនប្រដៅដែលបងប្អូនបានទទួល ហើយត្រូវអរព្រះគុណព្រះជាម្ចាស់ឲ្យច្រើនលើសលុប។
8ចូរប្រុងប្រយ័ត្ន កុំឲ្យនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសារ ស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមក និងស្របតាមអ្វីៗជាអរូបដែលមានឥទ្ធិពលលើលោកីយ៍ គឺមិនស្របតាមព្រះគ្រិស្តទេ 9ដ្បិតគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រិស្ត។ 10រីឯបងប្អូនក៏បានពោរពេញដូច្នោះដែរ ដោយរួមក្នុងអង្គព្រះគ្រិស្ត ដែលជាម្ចាស់លើវត្ថុស័ក្ដិសិទ្ធិ និងលើអ្វីៗទាំងអស់ដែលមានអំណាច។
11ក្នុងអង្គព្រះគ្រិស្ត បងប្អូនក៏បានទទួលពិធីកាត់ស្បែក*ដែរ តែមិនមែនដោយដៃមនុស្សទេ គឺបងប្អូនបានទទួលពិធីកាត់ស្បែកតាមរបៀបព្រះគ្រិស្ត ដោយដោះរូបកាយដែលជាប់និស្ស័យលោកីយ៍នេះចេញ។ 12 ពេលបងប្អូនទទួលពិធីជ្រមុជទឹក* បងប្អូនត្រូវកប់ក្នុងផ្នូររួមជាមួយព្រះគ្រិស្ត ហើយដោយបងប្អូនរួមក្នុងអង្គព្រះគ្រិស្ត បងប្អូនក៏មានជីវិតរស់ឡើងវិញរួមជាមួយព្រះអង្គដែរ ព្រោះបងប្អូនមានជំនឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រិស្តឲ្យមានព្រះជន្មរស់ឡើងវិញ។ 13 ពីដើម បងប្អូនបានស្លាប់មកពីកំហុសរបស់បងប្អូន និងមកពីបងប្អូនពុំបានទទួលពិធីកាត់ស្បែកខាងរូបកាយ មែន តែឥឡូវនេះ ព្រះជាម្ចាស់បានប្រោសឲ្យបងប្អូនមានជីវិតរួមជាមួយព្រះគ្រិស្ត។
ព្រះអង្គបានលើកលែងទោសទាំងប៉ុន្មាន
របស់យើង។
14 ព្រះអង្គបានលុបបញ្ជីដែលចោទប្រកាន់
ទាស់នឹងយើង តាមវិន័យនោះចោល។
ព្រះអង្គបានដកបញ្ជីនេះចេញ
ដោយយកទៅបោះភ្ជាប់នឹងឈើឆ្កាង។
15ព្រះអង្គបានដកឫទ្ធិចេញពីវត្ថុស័ក្ដិសិទ្ធិ
និងពីអ្វីៗដែលមានអំណាច
គឺព្រះអង្គបានបំបាក់មុខពួកវាជាសាធារណៈ
ទាំងនាំវាទៅជាឈ្លើយ
ក្នុងពេលហែក្បួនជ័យជម្នះរបស់ព្រះអង្គ ។
16 ហេតុនេះ មិនត្រូវឲ្យនរណាម្នាក់ថ្កោលទោសបងប្អូនអំពីរឿងចំណីអាហារ ភេសជ្ជៈ ឬអំពីរឿងបុណ្យទាន បុណ្យចូលខែ និងថ្ងៃសប្ប័ទ*នោះឡើយ។ 17ការទាំងអស់នេះគ្រាន់តែជាស្រមោលនៃអ្វីៗដែលនឹងកើតមាននៅអនាគតកាលប៉ុណ្ណោះ រីឯអ្វីៗដែលពិតវិញ គឺព្រះគ្រិស្ត។ 18មិនត្រូវឲ្យនរណាម្នាក់មកបង្វែរបងប្អូនចេញពីរង្វាន់ដែលបងប្អូនត្រូវទទួល ដោយធ្វើឫកជាដាក់ខ្លួន ឬគោរពទេវតា*នោះឡើយ។ ជនបែបនេះតែងយកការនិមិត្តឃើញរបស់ខ្លួនមកធ្វើជាទីសំអាង ហើយគេអួតបំប៉ោងឥតបានការតាមគំនិតលោកីយ៍។ 19 គេមិននៅជាប់ជាមួយព្រះគ្រិស្តជាព្រះសិរសាទេ គឺព្រះសិរសានេះហើយ ដែលផ្គត់ផ្គង់ឲ្យព្រះកាយទាំងមូលតភ្ជាប់គ្នាដោយសន្លាក់ឆ្អឹង និងសរសៃ ព្រមទាំងចម្រើនឡើង តាមតែព្រះជាម្ចាស់ប្រទានឲ្យ។
ស្លាប់ និងរស់រួមជាមួយព្រះគ្រិស្ត
20បងប្អូនបានស្លាប់រួមជាមួយព្រះគ្រិស្ត ហើយក៏រួចពីអ្វីៗជាអរូបដែលមានឥទ្ធិពលក្នុងលោកីយ៍ដែរ ចុះហេតុដូចម្ដេចបានជាបងប្អូននៅតែធ្វើតាមក្បួនតម្រាផ្សេងៗហាក់បីដូចជាបងប្អូននៅតែពឹងផ្អែកលើលោកីយ៍នេះទៀត? 21«កុំយក! កុំភ្លក់! កុំប៉ះពាល់!» 22បញ្ញត្តិទាំងនេះសុទ្ធតែជាបទបញ្ជា និងសេចក្ដីប្រៀនប្រដៅរបស់មនុស្សលោក ជាប់ទាក់ទងនឹងអ្វីៗដែលត្រូវរលួយ ដោយការប្រើប្រាស់។ 23សេចក្ដីក្នុងបញ្ញត្តិទាំងនេះទំនងដូចជាមានប្រាជ្ញា គឺឲ្យគោរពថ្វាយបង្គំដោយស្ម័គ្រចិត្ត ឲ្យដាក់ខ្លួន និងលត់ដំខ្លួនជាដើម តែតាមពិត គ្មានតម្លៃអ្វីសោះ បានត្រឹមតែបំពេញសេចក្ដីប៉ងប្រាថ្នារបស់និស្ស័យលោកីយ៍ប៉ុណ្ណោះ។
Currently Selected:
កូឡូស 2: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.