YouVersion Logo
Search Icon

កូឡូស 2

2
1ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ជ្រាប​ថា ខ្ញុំ​តយុទ្ធ​ខ្លាំង​ក្លា​យ៉ាង​ណា សម្រាប់​បងប្អូន សម្រាប់​អស់​អ្នក​នៅ​ស្រុក​ឡៅឌី‌សេ និង​អស់​អ្នក​ដែល​មិន​ធ្លាប់​បាន​ឃើញ​មុខ​ខ្ញុំ​ផ្ទាល់​ 2គឺ​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​បងប្អូន​ទាំង​នោះ ឲ្យ​រួប‌រួម​គ្នា​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​គេ​មាន​ប្រាជ្ញា​វាង‌វៃ​បំផុត យល់​សព្វ​គ្រប់​ទាំង‌អស់ និង​ស្គាល់​ច្បាស់​នូវ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជា‌ម្ចាស់ ពោល​គឺ​ព្រះ‌គ្រិស្ត​ផ្ទាល់ 3ដ្បិត​ព្រះ‌តម្រិះ និង​ព្រះ‌ប្រាជ្ញា‌ញាណ​ដ៏​ខ្ពង់‌ខ្ពស់​ របស់​ព្រះ‌ជា‌ម្ចាស់ សុទ្ធ​តែ​លាក់​ទុក​ក្នុង​អង្គ​ព្រះ‌គ្រិស្ត​ហ្នឹង​ហើយ។
4ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ការពារ​កុំ​ឲ្យ​នរណា​ម្នាក់​អាច​មក​បញ្ឆោត​បងប្អូន ដោយ​ពាក្យ​សម្ដី​ដ៏​ពីរោះៗ​នោះ​ឡើយ។ 5ថ្វី‌ដ្បិត​តែ​រូប​កាយ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​បងប្អូន តែ​ចិត្ត​ខ្ញុំ​ ​នៅ​ជាប់​ជា​មួយ​បងប្អូន ហើយ​ខ្ញុំ​ក៏​មាន​អំណរ​ដោយ​ឃើញ​បងប្អូន​មាន​សណ្ដាប់‌ធ្នាប់ និង​មាន​ជំនឿ​មាំ‌មួន​លើ​ព្រះ‌គ្រិស្ត។
ជីវិត​រួម​ជា​មួយ​ព្រះ‌គ្រិស្ត
6ដូច្នេះ បើ​បងប្អូន​បាន​ទទួល​ព្រះគ្រិស្ត‌យេស៊ូ​ទុក​ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា​ហើយ ចូរ​រស់​នៅ​រួម​ជា​មួយ​ព្រះអង្គ​យ៉ាង​នោះ​ត​ទៅ​ទៀត​ទៅ។ 7ចូរ​ចាក់​ឫស និង​កសាង​ជីវិត​លើ​ព្រះអង្គ ចូរ​រក្សា​ជំនឿ​ឲ្យ​រឹង‌ប៉ឹង ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​ដែល​បងប្អូន​បាន​ទទួល ហើយ​ត្រូវ​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​ច្រើន​លើស‌លុប។
8ចូរ​ប្រុង‌ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​មក​ទាក់‌ទាញ​បងប្អូន​បាន ដោយ​ប្រើ​ទស្សន‌វិជ្ជា ឬ​ប្រើ​ពាក្យ​បោក‌បញ្ឆោត​ឥត​ខ្លឹមសារ ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​មនុស្ស​តៗ​គ្នា​មក និង​ស្រប​តាម​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិ‌ពល​លើ​លោកីយ៍​ គឺ​មិន​ស្រប​តាម​ព្រះ‌គ្រិស្ត​ទេ 9ដ្បិត​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​យ៉ាង​ពោរ‌ពេញ​ក្នុង​រូប​កាយ​ព្រះ‌គ្រិស្ត។ 10រីឯ​បងប្អូន​ក៏​បាន​ពោរ‌ពេញ​ដូច្នោះ​ដែរ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត ដែល​ជា​ម្ចាស់​លើ​វត្ថុ​ស័ក្ដិ‌សិទ្ធិ និង​លើ​អ្វីៗ​ទាំង​អស់​ដែល​មាន​អំណាច។
11ក្នុង​អង្គ​ព្រះ‌គ្រិស្ត បងប្អូន​ក៏​បាន​ទទួល​ពិធី​កាត់​ស្បែក*​ដែរ តែ​មិន​មែន​ដោយ​ដៃ​មនុស្ស​ទេ គឺ​បងប្អូន​បាន​ទទួល​ពិធី​កាត់​ស្បែក​តាម​របៀប​ព្រះ‌គ្រិស្ត ដោយ​ដោះ​រូប​កាយ​ដែល​ជាប់​និស្ស័យ​លោកីយ៍​នេះ​ចេញ។ 12 ពេល​បងប្អូន​ទទួល​ពិធី​ជ្រមុជ​ទឹក* បងប្អូន​ត្រូវ​កប់​ក្នុង​ផ្នូរ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ហើយ​ដោយ​បងប្អូន​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត បងប្អូន​ក៏​មាន​ជីវិត​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះអង្គ​ដែរ ព្រោះ​បងប្អូន​មាន​ជំនឿ​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ 13 ពី​ដើម បងប្អូន​បាន​ស្លាប់​មក​ពី​កំហុស​របស់​បងប្អូន និង​មក​ពី​បងប្អូន​ពុំ​បាន​ទទួល​ពិធី​កាត់​ស្បែក​ខាង​រូប​កាយ​ មែន តែ​ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បងប្អូន​មាន​ជីវិត​រួម​ជា​មួយ​ព្រះ‌គ្រិស្ត។
ព្រះអង្គ​បាន​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន
របស់​យើង។
14 ព្រះអង្គ​បាន​លុប​បញ្ជី​ដែល​ចោទ​ប្រកាន់
ទាស់​នឹង​យើង​ ​តាម​វិន័យ​នោះ​ចោល។
ព្រះអង្គ​បាន​ដក​បញ្ជី​នេះ​ចេញ
ដោយ​យក​ទៅ​បោះ​ភ្ជាប់​នឹង​ឈើ‌ឆ្កាង។
15ព្រះអង្គ​បាន​ដក​ឫទ្ធិ​ចេញ​ពី​វត្ថុ​ស័ក្ដិ‌សិទ្ធិ
និង​ពី​អ្វីៗ​ដែល​មាន​អំណាច
គឺ​ព្រះអង្គ​បាន​បំបាក់​មុខ​ពួក​វា​ជា​សាធារណៈ
ទាំង​នាំ​វា​ទៅ​ជា​ឈ្លើយ
ក្នុង​ពេល​ហែ​ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះអង្គ​ ។
16 ហេតុ​នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ថ្កោល​ទោស​បងប្អូន​អំពី​រឿង​ចំណី​អាហារ ភេសជ្ជៈ ឬ​អំពី​រឿង​បុណ្យ​ទាន បុណ្យ​ចូល​ខែ និង​ថ្ងៃ​សប្ប័ទ*​នោះ​ឡើយ។ 17ការ​ទាំង​អស់​នេះ​គ្រាន់​តែ​ជា​ស្រមោល​នៃ​អ្វីៗ​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល​ប៉ុណ្ណោះ រីឯ​អ្វីៗ​ដែល​ពិត​វិញ គឺ​ព្រះ‌គ្រិស្ត។ 18មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​មក​បង្វែរ​បងប្អូន​ចេញ​ពី​រង្វាន់​ដែល​បងប្អូន​ត្រូវ​ទទួល ដោយ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ឬ​គោរព​ទេវតា*​នោះ​ឡើយ។ ជន​បែប​នេះ​តែង​យក​ការ​និមិត្ត​ឃើញ​របស់​ខ្លួន​មក​ធ្វើ​ជា​ទី​សំអាង ហើយ​គេ​អួត​បំប៉ោង​ឥត​បាន​ការ​តាម​គំនិត​លោកីយ៍។ 19 គេ​មិន​នៅ​ជាប់​ជា​មួយ​ព្រះ‌គ្រិស្ត​ជា​ព្រះ‌សិរសា​ទេ គឺ​ព្រះ‌សិរសា​នេះ​ហើយ ដែល​ផ្គត់‌ផ្គង់​ឲ្យ​ព្រះ‌កាយ​ទាំង​មូល​ត‌ភ្ជាប់​គ្នា​ដោយ​សន្លាក់​ឆ្អឹង និង​សរសៃ ព្រម​ទាំង​ចម្រើន​ឡើង តាម​តែ​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ។
ស្លាប់ និង​រស់​រួម​ជា​មួយ​ព្រះ‌គ្រិស្ត
20បងប្អូន​បាន​ស្លាប់​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ហើយ​ក៏​រួច​ពី​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិ‌ពល​ក្នុង​លោកីយ៍​ដែរ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​បងប្អូន​នៅ​តែ​ធ្វើ​តាម​ក្បួន​តម្រា​ផ្សេងៗ​ហាក់​បី​ដូច​ជា​បងប្អូន​នៅ​តែ​ពឹង​ផ្អែក​លើ​លោកីយ៍​នេះ​ទៀត? 21«កុំ​យក! កុំ​ភ្លក់! កុំ​ប៉ះ‌ពាល់!» 22បញ្ញត្តិ​ទាំង​នេះ​សុទ្ធ​តែ​ជា​បទ‌បញ្ជា និង​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​មនុស្ស​លោក ជាប់​ទាក់ទង​នឹង​អ្វីៗ​ដែល​ត្រូវ​រលួយ ដោយ​ការ​ប្រើ‌ប្រាស់។ 23សេចក្ដី​ក្នុង​បញ្ញត្តិ​ទាំង​នេះ​ទំនង​ដូច​ជា​មាន​ប្រាជ្ញា គឺ​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ដោយ​ស្ម័គ្រ‌ចិត្ត ឲ្យ​ដាក់​ខ្លួន និង​លត់‌ដំ​ខ្លួន​ជា​ដើម តែ​តាម​ពិត គ្មាន​តម្លៃ​អ្វី​សោះ បាន​ត្រឹម​តែ​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​និស្ស័យ​លោកីយ៍​ប៉ុណ្ណោះ។

Currently Selected:

កូឡូស 2: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in