YouVersion Logo
Search Icon

២ ថេស្សាឡូនិក 2

2
ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​មុន​ព្រះ‌យេស៊ូ​យាង​មក
1 បងប្អូន​អើយ ចំពោះ​ពេល​ដែល​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​ព្រះ‌អម្ចាស់​នៃ​យើង យាង​មក​យ៉ាង​រុងរឿង ហើយ​ដែល​យើង​ត្រូវ​ជួប‌ជុំ​ជា​មួយ​ព្រះអង្គ​នោះ យើង​សូម​អង្វរ​បងប្អូន​ថា 2កុំ​ប្រញាប់​ជ្រួល‌ច្របល់​ក្នុង​ចិត្ត ឬ​ភ័យ​ស្លន់​ស្លោ ដោយ​គ្រាន់​តែ​ឮ​គេ​ថា​ដល់​ថ្ងៃ​ព្រះ‌អម្ចាស់​យាង​មក​ហើយ។ មាន​អ្នក​ខ្លះ​ប្រហែល​ជា​ថា ព្រះ‌វិញ្ញាណ​បាន​បំភ្លឺ​ឲ្យ​គេ​ដឹង ឬ​ថា​មាន​ពាក្យ​សម្ដី និង​មាន​សំបុត្រ​ណា​មួយ​ពី​យើង​បញ្ជាក់​ដូច្នេះ។ 3កុំ​ឲ្យ​នរណា​ម្នាក់​មក​បញ្ឆោត​បងប្អូន ដោយ​ប្រការ​ណា​មួយ​បាន​ជា​ដាច់​ខាត ដ្បិត​មុន​នឹង​ព្រះ‌អម្ចាស់​យាង​មក ត្រូវ​តែ​មាន​អ្នក​ជឿ​លះ‌បង់​ជំនឿ និង​មេ​ប្រឆាំង​សាសនា​ដែល​ត្រូវ​វិនាស​នោះ ចេញ​មុខ​មក​ជា​មុន​សិន។ 4 មេ​ប្រឆាំង​នោះ​លើក​ខ្លួន​ឡើង​ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​គោរព​ថ្វាយ‌បង្គំ​ទុក​ជា​ព្រះ គឺ​រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ប្រកាស​ខ្លួន​ឯង​ថា​ជា​ព្រះ‌ជាម្ចាស់​ថែម​ទៀត​ផង។
5កាល​ខ្ញុំ​នៅ​ជា​មួយ​បងប្អូន ខ្ញុំ​ធ្លាប់​បាន​និយាយ​ប្រាប់​បងប្អូន​សព្វ​គ្រប់​ហើយ តើ​បងប្អូន​នៅ​ចាំ​ឬ​ទេ? 6ឥឡូវ​នេះ បងប្អូន​ស្គាល់​អ្វី​ដែល​ឃាត់​ឃាំង​មេ​ប្រឆាំង​នោះ​ហើយ វា​ចេញ​មុខ​មក​បាន លុះ​ត្រា​តែ​ពេល​កំណត់​របស់​វា​មក​ដល់។ 7គម្រោង‌ការ​លាក់​កំបាំង​របស់​មេ​ប្រឆាំង​សាសនា​នោះ មាន​សកម្ម‌ភាព​នៅ​ពេល​នេះ​ស្រាប់​ហើយ គឺ​នៅ​ចាំ​តែ​អ្វី​ដែល​កំពុង​ឃាត់​ឃាំង​វា​នេះ​ចេញ​ទៅ​បាត់​ប៉ុណ្ណោះ 8 វា​នឹង​ចេញ​មុខ​មក ហើយ​ព្រះ‌អម្ចាស់‌យេស៊ូ​នឹង​បំផ្លាញ​វា​ដោយ​ខ្យល់ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ រួច​ហើយ នៅ​ពេល​ព្រះអង្គ​យាង​មក ព្រះអង្គ​នឹង​ជាន់​កម្ទេច​វា ដោយ​រស្មី​រុងរឿង​របស់​ព្រះអង្គ។ 9 រីឯ​មេ​ប្រឆាំង​សាសនា​នោះ​វិញ វា​មក​ដល់​ដោយ​អំណាច​មារ*​សាតាំង គឺ​វា​សម្តែង​ការ​អស្ចារ្យ ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​បោក​ប្រាស់​សព្វ​បែប​យ៉ាង។ 10វា​នឹង​ប្រើ​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង ដើម្បី​បោក​បញ្ឆោត​អស់​អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ ព្រោះ​គេ​ពុំ​ព្រម​ទទួល ពុំ​ព្រម​ស្រឡាញ់​សេចក្ដី​ពិត ដែល​អាច​សង្គ្រោះ​គេ​ទេ។ 11ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​ចាត់​ឥទ្ធិ‌ពល​មួយ​មក​ធ្វើ​ឲ្យ​គេ​វង្វេង និង​ឲ្យ​គេ​ជឿ​លើ​ពាក្យ​ភូត‌ភរ 12ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​មិន​ព្រម​ជឿ​សេចក្ដី​ពិត ហើយ​ចូល​ចិត្ត​អំពើ​ទុច្ចរិត ត្រូវ​ទទួល​ទោស។
ជីវិត​ខ្ជាប់ខ្ជួន​ក្នុង​ជំនឿ
13ចំពោះ​យើង​វិញ បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អម្ចាស់​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​អំពី​បងប្អូន​ជានិច្ច ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​បងប្អូន ឲ្យ​ទទួល​ការ​សង្គ្រោះ​មុន​គេ ដោយ​ព្រះ‌វិញ្ញាណ​ប្រោស​បងប្អូន​ឲ្យ​បាន​វិសុទ្ធ* និង​ដោយ​បងប្អូន​មាន​ជំនឿ​លើ​សេចក្ដី​ពិត។ 14ព្រះអង្គ​ត្រាស់​ហៅ​បងប្អូន​ដោយ‌សារ​ដំណឹង‌ល្អ​របស់​យើង ដើម្បី​ឲ្យ​បងប្អូន​ទទួល​ការ​សង្គ្រោះ​នេះ គឺ​ឲ្យ​មាន​សិរី‌រុងរឿង​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​អម្ចាស់​នៃ​យើង។ 15ហេតុ​នេះ បងប្អូន​អើយ ចូរ​ស្ថិត​នៅ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​កាន់​តាម​សេចក្ដី​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បងប្អូន ដោយ​ផ្ទាល់​មាត់​ក្ដី ឬ​តាម​សំបុត្រ​ក្ដី។
16ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​នៃ​យើង មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង ព្រះអង្គ​បាន​សម្រាល​ទុក្ខ​យើង​អស់‌កល្ប​ជានិច្ច ដោយ‌សារ​ព្រះ‌គុណ ហើយ​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​ល្អ​ប្រសើរ។ សូម​ព្រះ‌យេស៊ូ‌គ្រិស្ត​ផ្ទាល់​ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ‌បិតា 17សម្រាល​ទុក្ខ​បងប្អូន ព្រម​ទាំង​ប្រទាន​ឲ្យ​បងប្អូន​មាន​ជំហរ​រឹង‌ប៉ឹង ក្នុង​គ្រប់​កិច្ចការ​ដែល​បងប្អូន​ធ្វើ និង​ពាក្យ​សម្ដី​ល្អ​ដែល​បងប្អូន​និយាយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy