YouVersion Logo
Search Icon

២ ថេស្សាឡូនិក 1

1
សេចក្ដី​ផ្ដើម
1 យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ សូម​ជម្រាប​មក​ក្រុម‌ជំនុំ*​នៅ​ក្រុង​ថេស្សា‌ឡូនិក ដែល​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​នៃ​យើង និង​រួម​ជា​មួយ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត*។ 2សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន។
ជីវិត និង​ជំនឿ​របស់​គ្រិស្ត‌បរិស័ទ​នៅ​ក្រុង​ថេស្សា‌ឡូនិក
3បងប្អូន​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ស្ដី​អំពី​បងប្អូន​ជានិច្ច យើង​ធ្វើ​ដូច្នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ជំនឿ​របស់​បងប្អូន​កាន់​តែ​ចម្រើន​ឡើង ហើយ​បងប្អូន​ក៏​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​រឹត​តែ​ខ្លាំង​ឡើងៗ​ដែរ។ 4ដូច្នេះ យើង​បាន​ខ្ពស់​មុខ​នៅ​ចំពោះ​ក្រុម‌ជំនុំ*​នានា​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​តែ​បងប្អូន ដ្បិត​បងប្អូន​ចេះ​ស៊ូ​ទ្រាំ និង​មាន​ជំនឿ ទោះ​បី​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន និង​ត្រូវ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង​ក៏​ដោយ។
5ហេតុ‌ការណ៍​នេះ​ស​ឲ្យ​ឃើញ​ថា ព្រះ‌ជាម្ចាស់​ទ្រង់​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ណាស់ គឺ​ទុក្ខ​លំបាក​របស់​បងប្អូន ធ្វើ​ឲ្យ​បងប្អូន​សម​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​មែន ដ្បិត​បងប្អូន​រង​ទុក្ខ​លំបាក ព្រោះ​តែ​ព្រះ‌រាជ្យ​នេះ​ឯង។ 6ព្រះ‌ជាម្ចាស់​នឹង​សម្រេច​ការ​មួយ​ដ៏​ត្រឹម​ត្រូវ គឺ​ព្រះអង្គ​នាំ​ទុក្ខ​វេទនា​យក​មក​សង​ពួក​អ្នក ដែល​ធ្វើ​ឲ្យ​បងប្អូន​វេទនា 7ហើយ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​បងប្អូន​ដែល​រង​ទុក្ខ​វេទនា បាន​សម្រាក​ជា​មួយ​យើង នៅ​ពេល​ព្រះ‌អម្ចាស់‌យេស៊ូ​លេច​ចេញ​ពី​ស្ថាន​បរម‌សុខ*​មក ជា​មួយ​ពួក​ទេវតា*​ដ៏​មាន​ឫទ្ធា‌នុភាព។ 8ព្រះអង្គ​យាង​មក​ក្នុង​ភ្លើង​សន្ធោ‌សន្ធៅ ដើម្បី​ធ្វើ​ទោស​អស់​អ្នក​ដែល​មិន​ស្គាល់​ព្រះ‌ជាម្ចាស់ និង​អស់​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង‌ល្អ*​របស់​ព្រះ‌យេស៊ូ‌ជា‌អម្ចាស់​នៃ​យើង។ 9 ពួក​គេ​នឹង​ទទួល​ទោស គឺ​ត្រូវ​វិនាស​អន្តរាយ​អស់‌កល្ប​ជានិច្ច។ ពួក​គេ​នៅ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ និង​ឆ្ងាយ​ពី​ឥទ្ធិ‌ឫទ្ធិ​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ។ 10នៅ​ថ្ងៃ​នោះ ពេល​ព្រះអង្គ​យាង​មក ប្រជា‌ជន​ដ៏វិសុទ្ធ*​នឹង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ ហើយ​អស់​អ្នក​ដែល​ជឿ​ក៏​នាំ​គ្នា​ស្ងើច​សរសើរ​ព្រះអង្គ​ដែរ ។ ចំពោះ​បងប្អូន​វិញ បងប្អូន​បាន​ជឿ​សក្ខីភាព​របស់​យើង។
11ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អធិស្ឋាន​ឲ្យ​បងប្អូន​ជានិច្ច សូម​ព្រះ‌ជាម្ចាស់​នៃ​យើង​ប្រទាន​ឲ្យ​បងប្អូន​រស់​នៅ​បាន​សម​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះអង្គ។ សូម​ព្រះអង្គ​ប្រទាន​ឲ្យ​បងប្អូន​អាច​បំពេញ​បំណង​ដ៏​ល្អ​គ្រប់​យ៉ាង និង​ឲ្យ​ជំនឿ​របស់​បងប្អូន​បង្កើត​ផល​បាន​បរិបូណ៌ ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។ 12ដូច្នេះ ព្រះ‌នាម​របស់​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង មាន​សិរី‌រុងរឿង​នៅ​ក្នុង​បងប្អូន ហើយ​បងប្អូន​ក៏​មាន​សិរី‌រុងរឿង​ក្នុង​ព្រះអង្គ ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​នៃ​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy