២ សាំយូអែល 19
19
1មានគេមកជម្រាបលោកយ៉ូអាប់ថា ស្ដេចទ្រង់ព្រះកន្សែង និងអាឡោះអាល័យស្ដេចអាប់សាឡុម។ 2ជ័យជម្នះនៅថ្ងៃនោះក្លាយទៅជាទុក្ខព្រួយ ដ្បិតកងទ័ពទាំងមូលឮគេនិយាយថា ព្រះរាជាសោកសង្រេងអាឡោះអាល័យបុត្រ។ 3នៅថ្ងៃនោះ ពួកគេចូលមកក្នុងក្រុងវិញដោយស្ងាត់ៗ ដូចជាទាហានបាក់ទ័ពរត់ចោលសមរភូមិទាំងក្ដីអាម៉ាស់។ 4រីឯស្ដេចវិញ ស្ដេចគ្របព្រះភ័ក្ត្រជិត ហើយបន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «អាប់សាឡុម បុត្របិតា! ឱបុត្របិតា! អាប់សាឡុម បុត្របិតាអើយ!»។
5ពេលនោះ លោកយ៉ូអាប់ចូលគាល់ស្ដេចនៅក្នុងបន្ទប់ ហើយទូលថា៖ «ពលទាហានទាំងអស់បានសង្គ្រោះព្រះករុណា ព្រមទាំងបុត្រាបុត្រី និងស្រីស្នំទាំងប៉ុន្មាន តែថ្ងៃនេះ ព្រះករុណាធ្វើឲ្យពួកគេត្រូវអាម៉ាស់ទៅវិញ។ 6ព្រះករុណាស្រឡាញ់អ្នកដែលស្អប់ព្រះករុណា ហើយស្អប់អ្នកដែលស្រឡាញ់ព្រះករុណាទៅវិញ។ នៅថ្ងៃនេះ ព្រះករុណាបង្ហាញថា ព្រះករុណាមិនគិតគូរដល់មេបញ្ជាការ និងពលទាហានទេ។ ទូលបង្គំដឹងថា ប្រសិនបើស្ដេចអាប់សាឡុមនៅរស់ ហើយទូលបង្គំទាំងអស់គ្នាស្លាប់ ព្រះករុណាមុខជាយល់ថាជាការធម្មតា។ 7ឥឡូវនេះ សូមព្រះករុណាក្រោកឡើង ហើយយាងចេញទៅលើកទឹកចិត្តពលទាហានផង។ ទូលបង្គំសូមស្បថ ក្នុងនាមព្រះអម្ចាស់ថា ប្រសិនបើព្រះករុណាមិនយាងចេញទៅទេ យប់នេះនឹងគ្មាននរណាម្នាក់នៅបម្រើព្រះករុណាទៀតឡើយ ហើយព្រះករុណាត្រូវវេទនាលើសទុក្ខវេទនាទាំងប៉ុន្មាន ដែលព្រះករុណាធ្លាប់ជួបប្រទះតាំងពីក្មេងមកទល់សព្វថ្ងៃ»។ 8ស្ដេចក៏ក្រោកឡើង យាងចេញមកគង់នៅមាត់ទ្វារក្រុង។ គេប្រកាសប្រាប់ពលទាហានទាំងមូលថា ស្ដេចគង់នៅមាត់ទ្វារក្រុង។ ពលទាហានទាំងអស់ក៏នាំគ្នាមកគាល់ស្ដេច។
ព្រះបាទដាវីឌយាងចូលក្រុងយេរូសាឡឹម
ពលទាហានអ៊ីស្រាអែលបានបាក់ទ័ព រត់ចូលជំរំរបស់គេរៀងៗខ្លួនវិញ។ 9នៅតាមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ ប្រជាជនទាំងមូលពិភាក្សាគ្នាថា៖ «ព្រះបាទដាវីឌបានរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ជាពិសេស រំដោះយើងឲ្យរួចពីពួកភីលីស្ទីន តែឥឡូវនេះ ព្រះរាជាបានភៀសខ្លួនចេញពីស្រុក ព្រោះតែស្ដេចអាប់សាឡុម។ 10រីឯស្ដេចអាប់សាឡុមដែលយើងចាក់ប្រេងអភិសេកជាស្ដេចនោះ បានសោយទិវង្គតនៅក្នុងសង្គ្រាមទៅហើយ។ ដូច្នេះ តើពួកយើងនៅរង់ចាំអ្វីទៀត ម្ដេចមិនទៅយាងព្រះរាជាឲ្យត្រឡប់មកវិញ?»។ 11រីឯព្រះបាទដាវីឌ ទ្រង់ចាត់គេឲ្យទៅជម្រាបលោកបូជាចារ្យសាដុក និងលោកបូជាចារ្យអបៀថើរដូចតទៅ៖ «ចូរសាកសួរអស់លោកព្រឹទ្ធាចារ្យនៃជនជាតិយូដាថា ហេតុអ្វីបានជាអស់លោកនៅដំអក់ដូច្នេះ ម្ដេចក៏មិនយាងស្ដេចចូលក្នុងដំណាក់វិញ? ស្ដេចបានជ្រាបពីគោលបំណងរបស់ជនជាតិអ៊ីស្រាអែលទាំងមូលហើយ។ 12អស់លោកជាបងប្អូន និងជាសាច់ញាតិរបស់ស្ដេច។ ដូច្នេះ កុំបង្អង់នៅចាំក្រោយគេ ក្នុងការយាងស្ដេចមកវិញនោះឡើយ។ 13បន្ទាប់មក សូមលោកទាំងពីរទៅប្រាប់លោកអម៉ាសាផងថា “លោកជាសាច់ញាតិរបស់យើង ដូច្នេះ យើងសូមសន្យាថា បើយើងមិនតែងតាំងលោកឲ្យធ្វើជាមេទ័ព ជំនួសលោកយ៉ូអាប់រហូតទេនោះ សូមព្រះជាម្ចាស់ដាក់ទោសយើងចុះ”»។ 14ព្រះបាទដាវីឌធ្វើឲ្យអ្នកស្រុកយូដាទាំងមូលទន់ចិត្ត ហើយពួកគេព្រមព្រៀងគ្នាចាត់មនុស្សឲ្យទៅទូលស្ដេចថា៖ «សូមព្រះករុណាយាងមកវិញ ជាមួយកងទ័ពទាំងមូលរបស់ព្រះករុណាចុះ»។ 15ដូច្នេះ ស្ដេចយាងត្រឡប់មកវិញ។ ពេលស្ដេចយាងមកដល់មាត់ទន្លេយ័រដាន់ អ្នកស្រុកយូដាទាំងមូលនាំគ្នាទទួលស្ដេចនៅគីលកាល់ ដើម្បីជួយចម្លងស្ដេចឆ្លងទន្លេយ័រដាន់។
ព្រះបាទដាវីឌលើកលែងទោសលោកស៊ីម៉ាយ
16 លោកស៊ីម៉ាយជាកូនរបស់លោកកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន នៅបាហ៊ូរីម ក៏ប្រញាប់ប្រញាល់ចុះមកជាមួយពួកយូដាដែរ ដើម្បីថ្វាយបង្គំព្រះបាទដាវីឌ។ 17លោកនាំពួកបេនយ៉ាមីនចំនួនមួយពាន់នាក់ ព្រមទាំងស៊ីបា ជាអ្នកបម្រើនៃញាតិវង្សរបស់ព្រះបាទសូល កូនប្រុសទាំងដប់ប្រាំនាក់ និងអ្នកបម្រើរបស់គាត់ចំនួនម្ភៃនាក់ មកជាមួយផង។ ពួកគេប្រញាប់ប្រញាល់ឆ្លងទន្លេយ័រដាន់ទៅទទួលស្ដេច 18ដើម្បីជួយចម្លងព្រះរាជវង្សឆ្លងកាត់ទន្លេ ហើយចាំទទួលបញ្ជាពីស្ដេច។ ពេលស្ដេចឆ្លងមកដល់ត្រើយម្ខាង ហើយលោកស៊ីម៉ាយក្រាបថ្វាយបង្គំ ឱនមុខដល់ដី។ 19គាត់ទូលថា៖ «បពិត្រព្រះករុណា! សូមកុំប្រកាន់ទោសទូលបង្គំ! សូមមេត្តាបំភ្លេចកំហុស ដែលទូលបង្គំបានប្រព្រឹត្តចំពោះព្រះករុណា នៅថ្ងៃស្ដេចយាងចេញពីក្រុងយេរូសាឡឹម សូមកុំចងគំនុំនឹងទូលបង្គំឡើយ។ 20ទូលបង្គំសូមសារភាពថា ទូលបង្គំបានប្រព្រឹត្តអំពើបាបមែន ប៉ុន្តែ ថ្ងៃនេះ សូមព្រះករុណាទតមើលចុះ ក្នុងចំណោមពូជពង្សលោកយ៉ូសែបទាំងមូល ទូលបង្គំចុះមកទទួលព្រះករុណាមុនគេ»។ 21លោកអប៊ីសាយ ជាកូនអ្នកស្រីសេរូយ៉ា ទូលស្ដេចថា៖ «ស៊ីម៉ាយត្រូវតែស្លាប់ ព្រោះគាត់បានដាក់បណ្ដាសា ស្ដេចដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក!»។ 22ប៉ុន្តែ ព្រះបាទដាវីឌមានរាជឱង្ការទៅលោកអប៊ីសាយ និងលោកយ៉ូអាប់ ជាបងថា៖ «កូនអ្នកស្រីសេរូយ៉ាអើយ កុំលូកដៃក្នុងរឿងនេះឲ្យសោះ! ហេតុអ្វីបានជាលោកទាំងពីរជំទាស់នឹងខ្ញុំនៅពេលនេះដូច្នេះ? មិនត្រូវសម្លាប់ជនជាតិអ៊ីស្រាអែលណាម្នាក់ក្នុងថ្ងៃនេះឡើយ ដ្បិតខ្ញុំដឹងច្បាស់ថា ខ្ញុំពិតជាស្ដេចលើប្រជាជនអ៊ីស្រាអែលវិញហើយ!»។ 23បន្ទាប់មក ស្ដេចមានរាជឱង្ការស្បថនឹងលោកស៊ីម៉ាយថា៖ «អ្នកមិនត្រូវស្លាប់ទេ!»។
ព្រះបាទដាវីឌលើកលែងទោសលោកមេភីបូសែត
24 លោកមេភីបូសែតជាចៅរបស់ព្រះបាទសូល បានមកទទួលព្រះបាទដាវីឌដែរ។ តាំងពីពេលស្ដេចយាងចាកចេញទៅ រហូតដល់ថ្ងៃស្ដេចយាងត្រឡប់មកវិញដោយសុខសាន្ត លោកមេភីបូសែតពុំបានលាងជើង កោរពុកចង្កា ឬបោកសម្លៀកបំពាក់ទេ។ 25នៅពេលលោកចូលទៅគាល់ស្ដេចនៅក្រុងយេរូសាឡឹម ស្ដេចសួរលោកថា៖ «មេភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនទៅជាមួយយើង?»។ 26លោកទូលស្ដេចថា៖ «បពិត្រព្រះករុណាជាអម្ចាស់! អ្នកបម្រើរបស់ទូលបង្គំបានបញ្ឆោតទូលបង្គំ។ ទូលបង្គំមានបំណងឲ្យគេចងកែបលា ដើម្បីជិះទៅតាមព្រះករុណា ព្រោះទូលបង្គំជាមនុស្សខ្វិន 27តែអ្នកបម្រើរបស់ទូលបង្គំបានទៅទូលមួលបង្កាច់ពីទូលបង្គំ ថ្វាយព្រះករុណាជាអម្ចាស់។ ព្រះករុណាជាអម្ចាស់ប្រៀបដូចជាទេវតា*របស់ព្រះជាម្ចាស់ ដូច្នេះ សូមព្រះករុណាសម្រេចតាមព្រះហឫទ័យចុះ។ 28ទោះបីព្រះករុណាជាអម្ចាស់យល់ឃើញថា ពូជពង្សទាំងអស់របស់ព្រះបាទសូល ជាជីតាទូលបង្គំ ត្រូវតែស្លាប់ក៏ដោយ ក៏ព្រះករុណាបានប្រោសប្រទានឲ្យទូលបង្គំចូលរួម ក្នុងចំណោមអស់អ្នកដែលបរិភោគជាមួយព្រះករុណាដែរ។ ទូលបង្គំគ្មានសិទ្ធិនឹងទូលអង្វរសូមអ្វីពីព្រះករុណាទៀតឡើយ»។ 29ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ឈប់និយាយទៅ! យើងសម្រេចឲ្យអ្នក និងស៊ីបា បែងចែកដីស្រែចម្ការរបស់ព្រះបាទសូល»។ 30លោកមេភីបូសែតទូលថា៖ «ឲ្យគេយកទាំងអស់ចុះ! ព្រះករុណាជាអម្ចាស់វិលត្រឡប់មកវិញដោយសុខសាន្តដូច្នេះ ទូលបង្គំស្កប់ចិត្តហើយ!»។
ព្រះបាទដាវីឌលើកទឹកចិត្តលោកបាស៊ីឡៃ
31 លោកបាស៊ីឡៃជាអ្នកស្រុកកាឡាដ បានធ្វើដំណើរពីភូមិរ៉ូគីលីមមកទន្លេយ័រដាន់ដែរ ដើម្បីជូនដំណើរស្ដេចឆ្លងទៅត្រើយម្ខាង។ 32លោកមានវ័យចាស់ជរាហើយ គឺអាយុប៉ែតសិបឆ្នាំ។ ពេលស្ដេចគង់នៅក្រុងម៉ាហាណែម លោកផ្គត់ផ្គង់អ្វីៗទាំងអស់ដែលស្ដេចត្រូវការ ដ្បិតលោកជាអ្នកមានស្ដុកស្ដម្ភ។ 33ស្ដេចមានរាជឱង្ការថា៖ «សូមលោកអញ្ជើញទៅក្រុងយេរូសាឡឹមជាមួយខ្ញុំ ខ្ញុំនឹងផ្គត់ផ្គង់អ្វីៗទាំងអស់ដែលលោកត្រូវការ»។ 34លោកបាស៊ីឡៃទូលស្ដេចថា៖ «បពិត្រព្រះករុណា! តើឲ្យទូលបង្គំឡើងទៅក្រុងយេរូសាឡឹមជាមួយព្រះករុណាធ្វើអ្វី ទូលបង្គំរស់មិនបានប៉ុន្មានឆ្នាំទៀតទេ! 35ពេលនេះ ទូលបង្គំមានអាយុប៉ែតសិបឆ្នាំហើយ ទូលបង្គំលែងដឹងរសជាតិឆ្ងាញ់ ឬមិនឆ្ងាញ់ ទូលបង្គំលែងដឹងរសជាតិអាហារ និងស្រាដែលទូលបង្គំទទួលទាន ហើយទូលបង្គំក៏ស្ដាប់សំឡេងអ្នកចម្រៀងប្រុសស្រីលែងឮដែរ។ ដូច្នេះ មិនបាច់ឲ្យទូលបង្គំទៅនាំតែអំពល់ទុក្ខព្រះករុណាឡើយ។ 36ទូលបង្គំមកនេះ គឺគ្រាន់តែជូនដំណើរព្រះករុណាឆ្លងទន្លេយ័រដាន់ប៉ុណ្ណោះ។ ម្យ៉ាងទៀត ទូលបង្គំមិនសមនឹងទទួលរង្វាន់នេះពីព្រះករុណាទេ! 37សូមព្រះករុណាមេត្តាអនុញ្ញាតឲ្យទូលបង្គំត្រឡប់ទៅកាន់ទីក្រុងរបស់ទូលបង្គំវិញចុះ។ ទូលបង្គំនឹងស្លាប់នៅទីនោះ ក្បែរផ្នូរឪពុកម្ដាយទូលបង្គំ។ ប៉ុន្តែ ទូលបង្គំសូមផ្ញើគីមហាំ ជាកូនប្រុសរបស់ទូលបង្គំ ឲ្យតាមដង្ហែព្រះករុណា សូមមេត្តាប្រោសដល់វា តាមព្រះហឫទ័យរបស់ព្រះករុណាផង»។ 38ស្ដេចមានរាជឱង្ការថា៖ «ឲ្យគីមហាំទៅជាមួយខ្ញុំចុះ ខ្ញុំនឹងប្រព្រឹត្តចំពោះគាត់ តាមបំណងរបស់លោក។ អ្វីៗដែលលោកចង់បាន ខ្ញុំនឹងបំពេញជូនទាំងអស់»។ 39ពេលប្រជាជនទាំងមូលឆ្លងទន្លេយ័រដាន់ហើយ ស្ដេចក៏ឆ្លងទៅដែរ។ ព្រះបាទដាវីឌឱបលោកបាស៊ីឡៃ ព្រមទាំងប្រទានពរដល់លោកផង។ បន្ទាប់មក លោកវិលត្រឡប់ទៅផ្ទះរបស់លោកវិញ។ 40ព្រះបាទដាវីឌបានបន្តដំណើរទៅដល់គីលកាល់ ដោយមានលោកគីមហាំដង្ហែទៅជាមួយផង។ ជនជាតិយូដាទាំងអស់ ព្រមទាំងជនជាតិអ៊ីស្រាអែលចំនួនពាក់កណ្ដាល នាំគ្នាដង្ហែស្ដេចឆ្លងទន្លេយ័រដាន់។
ទំនាស់រវាងជនជាតិយូដានឹងជនជាតិអ៊ីស្រាអែល
41អ្នកស្រុកអ៊ីស្រាអែលទាំងមូលចូលទៅគាល់ស្ដេច ហើយទូលថា៖ «ហេតុអ្វីព្រះករុណាទុកឲ្យតែបងប្អូនជនជាតិយូដាដង្ហែព្រះករុណា ដោយនាំព្រះករុណា និងរាជវង្សានុវង្ស ឆ្លងទន្លេយ័រដាន់ដូច្នេះ ដ្បិតយើងខ្ញុំក៏ជាប្រជារាស្ត្ររបស់ព្រះអង្គដែរ?»។ 42ជនជាតិយូដាទាំងអស់តបទៅជនជាតិអ៊ីស្រាអែលវិញថា៖ «ពួកយើងជាប់សាច់ញាតិនឹងព្រះករុណាជិតជាងអ្នករាល់គ្នា។ ហេតុអ្វីបានជាអ្នករាល់គ្នាខឹងសម្បារដូច្នេះ? ពួកយើងមិនមែនរស់ដោយសារស្ដេចទេ ហើយពួកយើងក៏មិនបានទទួលអំណោយអ្វីពីស្ដេចដែរ»។ 43ពេលនោះ ជនជាតិអ៊ីស្រាអែលតបទៅជនជាតិយូដាវិញថា៖ «យើងមានសិទ្ធិដប់ដងលើសអ្នករាល់គ្នា ក្នុងការទទួលព្រះបាទដាវីឌជាស្ដេចរបស់យើង ហេតុអ្វីបានជាអ្នករាល់គ្នាមើលងាយពួកយើងដូច្នេះ? គឺពួកយើងទេតើដែលបានផ្ដើមគំនិតយាងស្ដេចរបស់យើងឲ្យវិលមកវិញមុនគេ!»។ ប៉ុន្តែ ជនជាតិយូដានិយាយម៉ឺងម៉ាត់ជាងជនជាតិអ៊ីស្រាអែល។
Currently Selected:
២ សាំយូអែល 19: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.