YouVersion Logo
Search Icon

២ ពេត្រុស 2

2
អំពី​គ្រូ​ក្លែង‌ក្លាយ
1កាល​ពី​សម័យ​ដើម មាន​ព្យាការី*​ក្លែង‌ក្លាយ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ។ ក្នុង​ចំណោម​បងប្អូន​ក៏​ដូច្នោះ​ដែរ គឺ​នឹង​មាន​គ្រូ​ក្លែង‌ក្លាយ​មក​ស៊ក​សៀត បញ្ចូល​លទ្ធិ​ខុស ដែល​បណ្ដាល​ឲ្យ​វិនាស គេ​បដិសេធ​ពុំ​ព្រម​ទទួល​ស្គាល់​ព្រះ‌អម្ចាស់ ដែល​បាន​លោះ​គេ​ឲ្យ​រួច​ពី​បាប​នោះ​ទេ គេ​មុខ​ជា​ត្រូវ​វិនាស​អន្តរាយ​យ៉ាង​ទាន់‌ហន់​មិន​ខាន។ 2មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​ពួក​គេ​ទៅ​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ ហើយ​មនុស្ស‌ម្នា​នឹង​ប្រមាថ​មាគ៌ា​នៃ​សេចក្ដី​ពិត ព្រោះ​តែ​អ្នក​ទាំង​នោះ។ 3ពួក​គេ​នឹង​បោក​ប្រាស់​បងប្អូន​ចង់​បាន​ប្រាក់ ដោយ​ពោល​ពាក្យ​បញ្ឆោត ប៉ុន្តែ ព្រះអង្គ​បាន​កាត់​ទោស​ពួក​គេ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ហើយ​ព្រះអង្គ​ឥត​ប្រហែស​នឹង​បំផ្លាញ​គេ​ឡើយ 4ដ្បិត​ព្រះ‌ជា‌ម្ចាស់​ពុំ​បាន​យោគ‌យល់​ដល់​ពួក​ទេវតា*​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ព្រះអង្គ​បាន​រុញ​ពួក​គេ​ទម្លាក់​ទៅ​ក្នុង​នរក​អវិចី​ដែល​ងងឹត​សូន្យ ហើយ​គេ​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នោះ រង់‌ចាំ​ពេល​ព្រះអង្គ​វិនិច្ឆ័យ​ទោស។ 5 ព្រះអង្គ​ក៏​ពុំ​បាន​យោគ‌យល់​ដល់​ពិភព​លោក​នា​បុរាណ​កាល​ដែរ គឺ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពិភព​លោក​ដ៏​ទុច្ចរិត​នោះ។ ព្រះអង្គ​ទុក​ជីវិត​មនុស្ស​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ​ឲ្យ​នៅ​រស់ គិត​ទាំង​លោក​ណូអេ​ជា​អ្នក​ប្រកាស​សេចក្ដី​សុចរិត*​នោះ​ផង។ 6 ព្រះអង្គ​បាន​ដាក់​ទោស​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ឲ្យ​រលាយ​ទៅ​ជា​ផេះ ទុក​ជា​ការ​ព្រមាន​ដល់​មនុស្ស​ទុច្ចរិត​ទៅ​ថ្ងៃ​ក្រោយ។ 7 ព្រះអង្គ​បាន​ដោះ​លែង​តែ​លោក​ឡុត​ជា​មនុស្ស​សុចរិត* ព្រោះ​គាត់​ព្រួយ​ចិត្ត​ដោយ​ឃើញ​មនុស្ស​អាក្រក់​នៅ​ជំនាន់​នោះ វក់‌វី​នឹង​កាម‌គុណ​ដ៏​ថោក​ទាប។ 8រៀង​រាល់​ថ្ងៃ លោក​ឡុត​ជា​មនុស្ស​សុចរិត ដែល​រស់​នៅ​កណ្ដាល​ចំណោម​មនុស្ស​អាក្រក់​ទាំង​នោះ បាន​គ្រាំ‌គ្រា​ក្នុង​ចិត្ត​ដ៏​សុចរិត​របស់​គាត់ ព្រោះ​ឃើញ ហើយ​ឮ​នូវ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។ 9យ៉ាង​នេះ​ហើយ​ដែល​ព្រះ‌អម្ចាស់​អាច​ដោះ​លែង​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ ឲ្យ​រួច​ពី​ទុក្ខ​លំបាក តែ​ព្រះអង្គ​ទុក​មនុស្ស​ទុច្ចរិត សម្រាប់​ដាក់​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ដែល​ព្រះអង្គ​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​លោក 10ជា​ពិសេស ព្រះអង្គ​ដាក់​ទណ្ឌ‌កម្ម​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ថោក​ទាប បំពេញ​តាម​តណ្ហា​របស់​និស្ស័យ​លោកីយ៍ ហើយ​មាក់‌ងាយ​អំណាច​របស់​ព្រះ‌ជា‌ម្ចាស់។ គ្រូ​ក្លែង‌ក្លាយ​ទាំង​នោះ​វាយ‌ឫក​ខ្ពស់ ព្រហើន​ក្អេង‌ក្អាង មិន​ញ‌ញើត​នឹង​ជេរ​ប្រមាថ​ពួក​ទេវតា ដែល​ប្រកប​ដោយ​សិរី‌រុងរឿង​ឡើយ។ 11សូម្បី​តែ​ទេវតា*​ដែល​មាន​កម្លាំង និង​ឫទ្ធា‌នុភាព​ខ្លាំង​ជាង​អ្នក​ទាំង​នោះ ក៏​ពុំ​ដែល​ចោទ​ប្រកាន់​ប្រមាថ​ទេវតា​នៅ​មុខ​ព្រះ‌ជា‌ម្ចាស់​ដែរ។ 12រីឯ​អ្នក​ទាំង​នោះ​វិញ ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​តិរច្ឆាន​ដែល​កើត​មក​សម្រាប់​តែ​ជាប់​អន្ទាក់ និង​ត្រូវ​វិនាស​អន្តរាយ ពួក​គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​គេ​ពុំ​ស្គាល់។ ពួក​គេ​មុខ​ជា​ត្រូវ​វិនាស​សូន្យ​ទៅ ដូច​សត្វ​តិរច្ឆាន​ដែរ។ 13អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នឹង​ទទួល​ផល​ពី​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ អ្នក​ទាំង​នោះ​ត្រេក‌ត្រអាល​នឹង​ការ​ស្រើប‌ស្រាល​របស់​ខ្លួន​ទាំង​ថ្ងៃ ពួក​គេ​ជា​មនុស្ស​មាន​ចិត្ត​កខ្វក់​ថោក​ទាប ហើយ​នៅ​ពេល​បរិភោគ​អាហារ​រួម​ជា​មួយ​បងប្អូន គេ​សប្បាយ​ចិត្ត​ចំពោះ​ការ​បោក​ប្រាស់​របស់​ខ្លួន​បែប​នេះ​ណាស់។ 14គេ​គិត​តែ​ពី​រំពៃ​មើល​ស្រីៗ​ដោយ​ចិត្ត​ស្រើប‌ស្រាល និង​ប្រព្រឹត្ត​អំពើ​បាប​មិន​ចេះ​ស្កប់​ឡើយ។ ពួក​គេ​តែង​ទាក់‌ទាញ​ចិត្ត​អស់​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ ហើយ​ពួក​គេ​ពូកែ​ខាង​លោភ‌លន់​ចង់​បាន​ប្រាក់។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ត្រូវ​បណ្ដាសា!។ 15 ពួក​គេ​បាន​បោះ​បង់​មាគ៌ា​ត្រឹម​ត្រូវ​ចោល ងាក​ទៅ​ដើរ​តាម​ផ្លូវ​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ និង​ជា​អ្នក​ស្រឡាញ់​ប្រាក់ ដែល​គេ​ជួល​ឲ្យ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ 16ប៉ុន្តែ ព្យាការី*​នេះ​បាន​ទទួល​ការ​ស្ដី​ប្រដៅ ព្រោះ​គាត់​ប្រព្រឹត្ត​ល្មើស​វិន័យ* គឺ​សត្វ​ពាហនៈ​ដែល​មិន​ចេះ​និយាយ បែរ​ជា​និយាយ​ភាសា​មនុស្ស ឃាត់​គាត់​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​លេលា​យ៉ាង​នោះ​ឡើយ។
17អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ប្រភព​ទឹក​ហួត‌ហែង ឬ​ពពក​ដែល​ត្រូវ​ខ្យល់​ព្យុះ​ផាត់ គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង​ជា​មិន​ខាន។ 18គេ​ព្រោក‌ប្រាជ្ញ​អំពី​រឿង​សម្បើម​អស្ចារ្យ តែ​គ្មាន​ខ្លឹម‌សារ​អ្វី​សោះ ហើយ​ប្រើ​តណ្ហា​លោភ‌លន់​តាម​និស្ស័យ​លោកីយ៍ មក​ទាក់‌ទាញ​អស់​អ្នក​ដែល​ទើប​នឹង​រួច​ពី​ចំណោម​ពួក​វង្វេង។ 19ពួក​គេ​សន្យា​ថា​នឹង​ផ្ដល់​សេរី‌ភាព​ឲ្យ​អ្នក​ទាំង​នោះ តែ​ខ្លួន​ឯង​ផ្ទាល់​ជា​ខ្ញុំ‌កញ្ជះ​នៃ​សេចក្ដី​អន្តរាយ ដ្បិត​ម្នាក់ៗ​ជា​ខ្ញុំ‌កញ្ជះ​នៃ​អ្វីៗ​ដែល​មាន​អំណាច​លើ​ខ្លួន។
20ប្រសិន​បើ​អ្នក​ណា​បាន​លះ‌បង់​អំពើ​សៅ‌ហ្មង​នៃ​លោកីយ៍ ដោយ​បាន​ស្គាល់​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​យ៉ាង​ច្បាស់​ហើយ តែ​បែរ​ជា​បណ្ដោយ​ឲ្យ​អំពើ​សៅ‌ហ្មង​នេះ​មាន​អំណាច​រួប‌រឹត និង​ដឹក​នាំ​សា​ជា​ថ្មី ជីវិត​របស់​អ្នក​នោះ​នឹង​ក្លាយ​ទៅ​ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត។ 21គួរ​កុំ​ឲ្យ​អ្នក​នោះ​ស្គាល់​មាគ៌ា​សុចរិត​ជា​ជាង​ឲ្យ​ស្គាល់ ហើយ​បែរ​ជា​ងាក​ចេញ​ពី​បទ‌បញ្ជា​ដ៏វិសុទ្ធ​ដែល​ខ្លួន​បាន​ទទួល។ 22 ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​គេ​នេះ ស​ឲ្យ​ឃើញ​ថា សេចក្ដី​ដែល​សុភាសិត​ចែង​ទុក​មក​នោះ​ពិត​ជា​ត្រឹម​ត្រូវ​មែន គឺ«ឆ្កែ​តែងតែ​វិល​ទៅ​រក​កំអួត​របស់​វា​វិញ ជ្រូក​ដែល​ទើប​នឹង​លាង​ស្អាត​ក៏​តែងតែ​វិល​ទៅ​ននៀល​ភក់​វិញ​ដែរ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ២ ពេត្រុស 2