២ ពេត្រុស 1:2-15
២ ពេត្រុស 1:2-15 គខប
ដោយបងប្អូនស្គាល់ព្រះជាម្ចាស់ និងស្គាល់ព្រះយេស៊ូជាអម្ចាស់នៃយើង សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តកាន់តែច្រើនឡើងៗ។ ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ប្រទានឲ្យយើងមានអ្វីៗទាំងអស់ សម្រាប់ជីវិតរស់នៅ និងសម្រាប់គោរពប្រណិប័តន៍ព្រះអង្គ។ ឫទ្ធានុភាពនោះនាំយើងឲ្យស្គាល់ព្រះអង្គ ដែលបានត្រាស់ហៅយើង ដោយសារសិរីរុងរឿងរបស់ព្រះអង្គផ្ទាល់ និងដោយសារព្រះបារមីរបស់ព្រះអង្គ។ ដោយសារសិរីរុងរឿង និងព្រះបារមីនេះ ព្រះអង្គបានប្រទានព្រះអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមព្រះបន្ទូលសន្យា ដើម្បីឲ្យបងប្អូនមានលក្ខណៈជាព្រះជាម្ចាស់ រួមជាមួយព្រះអង្គ ដោយបោះបង់ចោលសេចក្ដីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។ ហេតុនេះ បងប្អូនត្រូវខ្នះខ្នែងឲ្យអស់ពីសមត្ថភាព បន្ថែមកិរិយាល្អឥតខ្ចោះ ពីលើជំនឿ បន្ថែមការស្គាល់ព្រះអង្គពីលើកិរិយាល្អ បន្ថែមការចេះទប់ចិត្តពីលើការស្គាល់ព្រះអង្គ បន្ថែមការព្យាយាមតស៊ូពីលើការចេះទប់ចិត្ត បន្ថែមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពីលើការព្យាយាមតស៊ូ បន្ថែមភាតរភាពពីលើការគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើភាតរភាព។ ប្រសិនបើបងប្អូនមានគុណសម្បត្តិទាំងនេះពេញបរិបូណ៌ក្នុងខ្លួនហើយ គុណសម្បត្តិទាំងនេះមុខជានាំបងប្អូនឲ្យមានសកម្មភាព និងបង្កើតផល ដើម្បីបានស្គាល់ព្រះយេស៊ូគ្រិស្ត* ជាព្រះអម្ចាស់របស់យើងយ៉ាងច្បាស់។ ផ្ទុយទៅវិញ បើអ្នកណាគ្មានគុណសម្បត្តិទាំងនេះទេ អ្នកនោះជាមនុស្សខ្វាក់ មើលឃើញមិនបានវែងឆ្ងាយ គេភ្លេចថាព្រះជាម្ចាស់បានលាងជម្រះគេពីអំពើបាប ដែលគេប្រព្រឹត្តពីអតីតកាល។ ហេតុនេះ បងប្អូនអើយ ចូរខំប្រឹងយកចិត្តទុកដាក់ធ្វើឲ្យការត្រាស់ហៅ និងការជ្រើសរើសរបស់ព្រះជាម្ចាស់ បានកាន់តែខ្ជាប់ខ្ជួនឡើងថែមទៀត។ ធ្វើយ៉ាងនេះ បងប្អូនមុខជាមិនជំពប់ដួលឡើយ។ ដូច្នេះ បងប្អូននឹងទទួលសិទ្ធិដ៏ធំទូលំទូលាយ អាចចូលទៅក្នុងព្រះរាជ្យ* ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច គឺព្រះរាជ្យរបស់ព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ ហេតុនេះ ខ្ញុំនឹងរំឭកដាស់តឿនបងប្អូនអំពីសេចក្ដីទាំងនោះជានិច្ច ទោះបីបងប្អូនបានដឹង និងនៅតែកាន់តាមសេចក្ដីពិត ដែលបងប្អូនបានទទួលយ៉ាងខ្ជាប់ខ្ជួនហើយក៏ដោយ។ ដរាបណាខ្ញុំនៅមានជីវិតរស់ក្នុងលោកីយ៍នេះនៅឡើយ ខ្ញុំយល់ឃើញថា ត្រូវតែរំឭកបងប្អូនឲ្យភ្ញាក់ស្មារតី។ ខ្ញុំដឹងថា ខ្ញុំនឹងត្រូវលាចាកលោកនេះក្នុងពេលឆាប់ៗខាងមុខ ដូចព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើងបានសម្តែងឲ្យខ្ញុំដឹងស្រាប់។ ប៉ុន្តែ ខ្ញុំនឹងខ្នះខ្នែងធ្វើយ៉ាងណាឲ្យបងប្អូនអាចនឹកឃើញសេចក្ដីទាំងនោះ គ្រប់កាលៈទេសៈទាំងអស់ ក្រោយពេលខ្ញុំចាកលោកនេះទៅ។