YouVersion Logo
Search Icon

២ កូរិនថូស 9

9
ជំនួយ​ផ្ញើ​ទៅ​ជូន​បងប្អូន
1ចំពោះ​រឿង​ផ្ញើ​ជំនួយ​ទៅ​ជូន​ប្រជា‌ជន​ដ៏វិសុទ្ធ នោះ មិន​បាច់​ឲ្យ​ខ្ញុំ​សរសេរ​ជម្រាប​បងប្អូន​ទេ 2ខ្ញុំ​ស្គាល់​ឆន្ទៈ​ល្អ​របស់​បងប្អូន​ស្រាប់​ហើយ ហើយ​ខ្ញុំ​ក៏​បាន​និយាយ​សរសើរ​ពី​បងប្អូន​ប្រាប់​អ្នក​ស្រុក​ម៉ាសេ‌ដូន​ថា «បងប្អូន​នៅ​ស្រុក​អាខៃ​បាន​រៀបចំ​ខ្លួន​ជា​ស្រេច តាំង​ពី​ឆ្នាំ​ទៅ​ម៉្លេះ»។ ចិត្ត​ខ្នះ‌ខ្នែង​របស់​បងប្អូន​បាន​ជំរុញ​អ្នក​ឯ​ទៀត​ជា​ច្រើន ឲ្យ​មាន​ចិត្ត​ស្ទុះ‌ស្ទា​ឡើង។ 3ខ្ញុំ​បាន​ចាត់​ពួក​បងប្អូន​ខ្លះ​មក ដើម្បី​ឲ្យ​ឃើញ​ថា ពាក្យ​ដែល​យើង​និយាយ​សរសើរ​ពី​បងប្អូន​ត្រង់​ចំណុច​នេះ មិន​មែន​ខុស​ទេ គឺ​បងប្អូន​ពិត​ជា​រៀបចំ​ខ្លួន​ជា​ស្រេច​ដូច​ខ្ញុំ​និយាយ​មែន។ 4ប្រសិន​បើ​បងប្អូន​នៅ​ស្រុក​ម៉ាសេ‌ដូន​មក​ជា​មួយ​ខ្ញុំ ហើយ​ឃើញ​ថា​បងប្អូន​មិន​ទាន់​រៀបចំ​ខ្លួន​ទេ​នោះ មិន​ត្រឹម​តែ​យើង​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​អាម៉ាស់​មុខ បងប្អូន​ក៏​នឹង​ត្រូវ​អាម៉ាស់​មុខ​ដែរ មក​ពី​យើង​ទុក​ចិត្ត​លើ​បងប្អូន​ខ្លាំង​ពេក។ 5ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​សុំ​ឲ្យ​បងប្អូន​នៅ​ទី​នោះ​ធ្វើ​ដំណើរ​មក​រក​បងប្អូន​មុន​ខ្ញុំ ដើម្បី​រៀបចំ​ប្រាក់​ជំនួយ​ដែល​បងប្អូន​សន្យា​នោះ​ឲ្យ​បាន​រួច​រាល់។ ការ​នេះ​ស​ឲ្យ​ឃើញ​ថា បងប្អូន​បាន​ចូល​ប្រាក់​ដោយ​ចិត្ត​ទូលាយ មិន​មែន​ដោយ​ចង្អៀត‌ចង្អល់​ទេ។
6សូម​ចង​ចាំ​ថា អ្នក​ណា​ព្រោះ​តិច អ្នក​នោះ​ក៏​ច្រូត​បាន​ផល​តិច​ដែរ រីឯ​អ្នក​ដែល​ព្រោះ​ច្រើន​បរិបូណ៌ ក៏​ច្រូត​បាន​ផល​ច្រើន​បរិបូណ៌​ដែរ។ 7ហេតុ​នេះ ម្នាក់ៗ​ត្រូវ​តែ​ចូល​ប្រាក់​តាម​តែ​ខ្លួន​សម្រេច​ចិត្ត ដោយ​មិន​នឹក​ស្ដាយ ឬ​ទើស​ទ័ល​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​ណា​ដែល​ធ្វើ​អំណោយ​ដោយ​ចិត្ត​រីក‌រាយ។ 8ព្រះអង្គ​អាច​នឹង​ប្រទាន​ពរ​ដ៏​ហូរ‌ហៀរ​គ្រប់​យ៉ាង​ដល់​បងប្អូន ដើម្បី​ឲ្យ​បងប្អូន​មាន​អ្វីៗ​ទាំង​អស់​ដែល​បងប្អូន​ត្រូវ​ការ​ដ៏​ចាំបាច់​នោះ​ជានិច្ច ហើយ​ថែម​ទាំង​នៅ​សល់​បរិបូណ៌​សម្រាប់​ចែក​ទាន​ផង 9 ដូច​មាន​ចែង​ទុក​មក​ថា:
«ព្រះអង្គ​ចែក ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក​ក្រ
សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ
រហូត​ត​រៀង​ទៅ»
10 ព្រះអង្គ​ដែល​«ប្រទាន​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​ប្រទាន​ចំណី​អាហារ​ឲ្យ​គេ​ផង​នោះ» ព្រះអង្គ​ក៏​ផ្គត់‌ផ្គង់​គ្រាប់​ពូជ​ឲ្យ​បងប្អូន និង​ឲ្យ​គ្រាប់​ពូជ​នោះ​កើន​ចំនួន​ឡើង​ដែរ ហើយ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត​របស់​បងប្អូន​បង្កើត​ផល​បាន​ច្រើន​ឡើង​ថែម​ទៀត។ 11ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​បងប្អូន​ទៅ​ជា​អ្នក​មាន​គ្រប់​វិស័យ​ទាំង​អស់ ដើម្បី​ឲ្យ​បងប្អូន​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា​គ្រប់​ជំពូក និង​ឲ្យ​អ្នក​ឯ​ទៀតៗ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដោយ​យើង​ជួយ​គេ 12ដ្បិត​មុខងារ​ប្រមូល​ប្រាក់​នេះ​មិន​ត្រឹម​តែ​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ជឿ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជួយ​គេ​ឲ្យ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​កាន់​តែ​ច្រើន​ឡើង​ទៀត​ផង។ 13ពេល​គេ​យល់​តម្លៃ​នៃ​កិច្ចការ​ដែល​បងប្អូន​ធ្វើ​នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​បងប្អូន​សម្តែង​ឲ្យ​គេ​ឃើញ​ថា បងប្អូន​ពិត​ជា​ប្រតិបត្តិ​តាម​ដំណឹង‌ល្អ*​របស់​ព្រះ‌គ្រិស្ត​ដែល​បងប្អូន​ប្រកាស ហើយ​បងប្អូន​មាន​ចិត្ត​ទូលាយ ដោយ​យក​របស់​របរ​មក​ចែក​ជា​មួយ​ពួក​គេ និង​ជា​មួយ​មនុស្ស​ទាំង​អស់។ 14គេ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​បងប្អូន​ដោយ​ចិត្ត​ស្រឡាញ់ ព្រោះ​តែ​ព្រះ‌គុណ​ដ៏​ច្រើន​លើស​លុប​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​បងប្អូន។ 15សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ចំពោះ​ព្រះ‌អំណោយ​ទាន​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ រក​ថ្លែង​ពុំ​បាន។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy