YouVersion Logo
Search Icon

២ កូរិនថូស 8

8
អំពី​ការ​រៃ​ប្រាក់
1 បងប្អូន​អើយ យើង​សូម​ជម្រាប​បងប្អូន​អំពី​ព្រះ‌គុណ ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ដល់​ក្រុម‌ជំនុំ*​នានា នៅ​ស្រុក​ម៉ាសេ‌ដូន 2គឺ​ទោះ​បី​បងប្អូន​ទាំង​នោះ​កំពុង​ជួប​ប្រទះ​ទុក្ខ​វេទនា​ជា​ច្រើន​យ៉ាង​ណា​ក្ដី ក៏​គេ​មាន​អំណរ​ខ្លាំង​ក្រៃ‌លែង ហើយ​ទោះ​បី​គេ​ក្រ​តោក‌យ៉ាក​យ៉ាង​ណា​ក្ដី ក៏​គេ​នៅ​តែ​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា​ដ៏​លើស‌លុប​ដែរ។ 3បងប្អូន​ទាំង​នោះ​បាន​ចូល​ប្រាក់​តាម​សមត្ថ‌ភាព​របស់​ខ្លួន ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា គេ​ធ្វើ​លើស​ពី​សមត្ថ‌ភាព និង​ដោយ​ស្ម័គ្រ​អស់​ពី​ចិត្ត​ទៀត​ផង។ 4ពួក​គេ​បាន​ទទូច​សុំ​យើង​មេត្តា​អនុញ្ញាត ឲ្យ​គេ​ចូល​រួម​បម្រើ​ការ‌ងារ​នេះ គឺ​ផ្ញើ​ប្រាក់​ទៅ​ជួយ​ប្រជា‌ជន​ដ៏វិសុទ្ធ ។ 5គេ​ធ្វើ​ដូច្នេះ លើស​ពី​សេចក្ដី​សង្ឃឹម​របស់​យើង​ទៅ​ទៀត គឺ​មុន​ដំបូង គេ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់ បន្ទាប់​មក គេ​ក៏​ដាក់​ខ្លួន​បម្រើ​យើង ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់​ដែរ។ 6ហេតុ​នេះ​ហើយ​បាន​ជា​យើង​អង្វរ​លោក​ទីតុស ឲ្យ​មក​បង្ហើយ​ការ​ប្រមូល​តង្វាយ​នេះ​ពី​បងប្អូន ដូច​គាត់​បាន​ចាប់​ផ្ដើម​រួច​មក​ហើយ។ 7បងប្អូន​បាន​ចម្រើន​ឡើង​យ៉ាង​បរិបូណ៌​គ្រប់​វិស័យ​ទាំង​អស់ គឺ​មាន​ជំនឿ មាន​សំនួន‌វោហារ មាន​ចំណេះ មាន​ចិត្ត​ខ្នះ‌ខ្នែង​គ្រប់​យ៉ាង ព្រម​ទាំង​មាន​ចិត្ត​ស្រឡាញ់​យើង​ផង។ ហេតុ​នេះ ចំពោះ​ការ​ប្រមូល​តង្វាយ ចូរ​ចម្រើន​ឡើង​យ៉ាង​បរិបូណ៌​ដូច្នោះ​ដែរ។ 8ខ្ញុំ​និយាយ​បែប​នេះ មិន​មែន​បញ្ជា​បងប្អូន​ទេ គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​ស្ទង់​មើល​ចិត្ត​ស្រឡាញ់​ដ៏​ស្មោះ​របស់​បងប្អូន ដោយ​និយាយ​អំពី​ការ​ខ្នះ‌ខ្នែង​របស់​អ្នក​ឯ​ទៀតៗ​ប៉ុណ្ណោះ 9ដ្បិត​បងប្អូន​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត*​ស្រាប់​ហើយ គឺ​ព្រះអង្គ​មាន​សម្បត្តិ​ដ៏​ច្រើន ព្រះអង្គ​បាន​ដាក់​ខ្លួន​មក​ជា​អ្នក​ក្រ ព្រោះ​តែ​បងប្អូន ដើម្បី​ឲ្យ​បងប្អូន​បាន​ទៅ​ជា​អ្នក​មាន​ដោយ​ភាព​ក្រីក្រ​របស់​ព្រះអង្គ។
10ត្រង់​នេះ ខ្ញុំ​គ្រាន់​តែ​ជូន​យោបល់​បងប្អូន​ប៉ុណ្ណោះ។ គួរ​គប្បី​បង្ហើយ​កិច្ចការ​ដែល​បងប្អូន​បាន​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​ឆ្នាំ​ទៅ។ បងប្អូន​មិន​ត្រឹម​តែ​បាន​ចាប់​ផ្ដើម​ធ្វើ​មុន​គេ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បាន​ផ្ដើម​គំនិត​ទៀត​ផង។ 11ដូច្នេះ សូម​បងប្អូន​បង្ហើយ​ការ​នេះ​ឥឡូវ​ចុះ។ បងប្អូន​មាន​ឆន្ទៈ​ផ្ដើម​គំនិត​នេះ​យ៉ាង​ណា ត្រូវ​ធ្វើ​ឲ្យ​បាន​សម្រេច​ជា​ស្ថាពរ​តាម​សមត្ថ‌ភាព ដែល​បងប្អូន​មាន​យ៉ាង​នោះ​ដែរ។ 12កាល​ណា​យើង​មាន​ឆន្ទៈ​ល្អ យើង​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ តាម​អ្វីៗ​ដែល​យើង​មាន គឺ​មិន​មែន​តាម​អ្វីៗ​ដែល​យើង​គ្មាន​នោះ​ទេ។ 13ប៉ុន្តែ មិន​ត្រូវ​ឲ្យ​បងប្អូន​ជួយ​អ្នក​ដទៃ​រហូត​ដល់​ខ្លួន​ឯង​ខ្វះ​ខាត​នោះ​ឡើយ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​ស្មើៗ​គ្នា​ប៉ុណ្ណោះ។ 14ក្នុង​កាលៈ‌ទេសៈ​សព្វ​ថ្ងៃ អ្វីៗ​ដែល​បងប្អូន​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ បងប្អូន​យក​ទៅ​ផ្គត់‌ផ្គង់​អស់​អ្នក​ដែល​ខ្វះ​ខាត លុះ​ដល់​ថ្ងៃ​មួយ ពេល​បងប្អូន​ខ្វះ​ខាត គេ​នឹង​យក​អ្វីៗ​ដែល​គេ​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ មក​ផ្គត់‌ផ្គង់​បងប្អូន​វិញ។ ធ្វើ​ដូច្នេះ ទើប​មាន​ស្មើៗ​គ្នា 15 ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា: «អ្នក​ប្រមូល​បាន​ច្រើន ក៏​មិន​មាន​ច្រើន​ជ្រុល រីឯ​អ្នក​ដែល​ប្រមូល​បាន​បន្តិច‌បន្តួច ក៏​មិន​ខ្វះ​ខាត​អ្វី​ដែរ»
លោក​ទីតុស និង​សហការី​របស់​លោក
16សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​ឲ្យ​លោក​ទីតុស​មាន​ចិត្ត​ខ្នះ‌ខ្នែង​ចង់​ជួយ​បងប្អូន​ដូច​យើង​ដែរ 17ដ្បិត​គាត់​បាន​យល់​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​យើង ហើយ​លើស​ពី​នេះ គាត់​ក៏​មាន​ចិត្ត​ខ្នះ‌ខ្នែង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ធ្វើ​ដំណើរ​មក​រក​បងប្អូន។ 18យើង​បាន​ចាត់​បងប្អូន​ម្នាក់​ឲ្យ​មក​ជា​មួយ​គាត់ គឺ​បងប្អូន​ម្នាក់​ដែល​ក្រុម‌ជំនុំ*​ទាំង​អស់​កោត​សរសើរ ក្នុង​ការ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*។ 19មិន​តែ​ប៉ុណ្ណោះ​សោត ក្រុម‌ជំនុំ​បាន​ជ្រើស​រើស​គាត់​ឲ្យ​រួម​ដំណើរ​ជា​មួយ​យើង ក្នុង​មុខងារ​ប្រមូល​តង្វាយ​នេះ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ និង​ដើម្បី​សម្តែង​ឆន្ទៈ​ល្អ​របស់​យើង​ដែរ។
20យើង​ចង់​ចៀស‌វាង​មិន​ឲ្យ​គេ​រិះគន់​យើង អំពី​របៀប​ចាត់​ចែង​ប្រាក់​ដែល​រៃ​បាន​ដ៏​ច្រើន​នេះ​ឡើយ 21 ដ្បិត​យើង​ចង់​ធ្វើ​ការ​ល្អ មិន​ត្រឹម​តែ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​ទៀត​ផង។ 22យើង​បាន​ចាត់​បងប្អូន​យើង​ម្នាក់​ទៀត​ឲ្យ​មក​ជា​មួយ​អ្នក​ទាំង​ពីរ។ យើង​ធ្លាប់​ល្បង‌ល​មើល​ចិត្ត​គាត់​ជា​ច្រើន​លើក​ច្រើន​សា ហើយ​ឃើញ​ថា គាត់​ពិត​ជា​មាន​ចិត្ត​ខ្នះ‌ខ្នែង​មែន។ លើក​នេះ​គាត់​បាន​បង្ហាញ​នូវ​ទឹក​ចិត្ត​ខ្នះ‌ខ្នែង​ជាង​មុន​ទៅ​ទៀត ព្រោះ​គាត់​ទុក​ចិត្ត​បងប្អូន​ខ្លាំង​ណាស់។ 23ចំពោះ​លោក​ទីតុស គាត់​ជា​សហការី​របស់​ខ្ញុំ ហើយ​គាត់​ធ្វើ​ការ​រួម​ជា​មួយ​ខ្ញុំ ដើម្បី​បម្រើ​បងប្អូន។ រីឯ​បងប្អូន​ពីរ​នាក់​ទៀត​ជា​តំណាង​របស់​ក្រុម‌ជំនុំ និង​ជា​សិរី‌រុងរឿង​របស់​ព្រះ‌គ្រិស្ត។ 24ដូច្នេះ សូម​បងប្អូន​សម្តែង​ឲ្យ​ក្រុម‌ជំនុំ​នានា​ឃើញ​ថា បងប្អូន​ស្រឡាញ់​គេ​ពិត​មែន និង​ឃើញ​ថា សេចក្ដី​ដែល​យើង​និយាយ​សរសើរ​ពី​បងប្អូន​ប្រាប់​គេ​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy