២ កូរិនថូស 2
2
1ដូច្នេះ ខ្ញុំសម្រេចថាខ្ញុំមិនវិលមករកបងប្អូនវិញ ទាំងព្រួយចិត្តនោះឡើយ។ 2បើខ្ញុំធ្វើឲ្យបងប្អូនព្រួយចិត្តទៅហើយ តើនរណានឹងធ្វើឲ្យខ្ញុំសប្បាយ ក្រៅពីអ្នកដែលខ្ញុំបានធ្វើឲ្យព្រួយចិត្តនោះ? 3សំបុត្រដែលខ្ញុំបានសរសេរមកជូនបងប្អូន មានគោលបំណងចៀសវាងកុំឲ្យខ្ញុំព្រួយចិត្ត នៅពេលខ្ញុំមកដល់ គឺកុំឲ្យខ្ញុំកើតទុក្ខព្រួយពីអស់អ្នក ដែលត្រូវធ្វើឲ្យខ្ញុំមានអំណរនោះឡើយ។ ខ្ញុំជឿជាក់ថា ពេលខ្ញុំមានអំណរ បងប្អូនទាំងអស់គ្នាក៏មានអំណររួមជាមួយខ្ញុំដែរ។ 4ខ្ញុំសរសេរមកបងប្អូន ទាំងតឹងទ្រូង ទាំងពិបាកចិត្ត ទាំងស្រក់ទឹកភ្នែក តែមិនមែនចង់ធ្វើឲ្យបងប្អូនព្រួយចិត្តទេ គឺចង់សម្តែងឲ្យបងប្អូនដឹងអំពីសេចក្ដីស្រឡាញ់ដ៏លើសលុបរបស់ខ្ញុំចំពោះបងប្អូន។
លោកប៉ូលអត់ទោសឲ្យអ្នកដែលប្រព្រឹត្តខុស
5ប្រសិនបើនរណាម្នាក់បង្កើតឲ្យមានទុក្ខព្រួយ មិនមែនធ្វើឲ្យខ្ញុំព្រួយចិត្តទេ គឺគាត់ធ្វើឲ្យបងប្អូនទាំងអស់គ្នាព្រួយចិត្ត ឬយ៉ាងហោចណាស់ ក៏ឲ្យបងប្អូនមួយចំនួនព្រួយចិត្ត (ខ្ញុំថាដូច្នេះ មកពីមិនចង់បំផ្លើស)។ 6បើបងប្អូនភាគច្រើនបានដាក់ទោសមនុស្សបែបនេះ ល្មមហើយ។ 7សូមបងប្អូនអត់ទោសឲ្យគាត់ និងលើកទឹកចិត្តគាត់ផងទៅ ក្រែងលោគាត់ពិបាកចិត្តខ្លាំងពេក រហូតដល់ទៅអស់សង្ឃឹម។ 8ដូច្នេះ ខ្ញុំសូមទូន្មានបងប្អូនធ្វើយ៉ាងណាបង្ហាញឲ្យឃើញថា បងប្អូនស្រឡាញ់គាត់។ 9ខ្ញុំសរសេរមក ដើម្បីលចិត្តបងប្អូនមើល ចង់ដឹងថា តើបងប្អូនពិតជាស្ដាប់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់ ឬយ៉ាងណា។ 10បើបងប្អូនលើកលែងទោសឲ្យអ្នកណា ខ្ញុំក៏លើកលែងទោសឲ្យអ្នកនោះដែរ។ ចំពោះខ្លួនខ្ញុំផ្ទាល់ (ប្រសិនបើមានហេតុដែលខ្ញុំត្រូវអត់ទោសឲ្យនរណាម្នាក់) ខ្ញុំលើកលែងទោសឲ្យគេ ព្រោះតែបងប្អូន ដោយខ្ញុំយល់ដល់ព្រះគ្រិស្ត 11ដើម្បីកុំឲ្យយើងចាញ់បោកមារ*សាតាំង ដ្បិតយើងស្គាល់គម្រោងការរបស់វាស្រាប់ហើយ។
លោកប៉ូលខ្វល់ខ្វាយក្នុងចិត្ត
12 ពេលខ្ញុំបានទៅដល់ក្រុងត្រូអាស ដើម្បីផ្សព្វផ្សាយដំណឹងល្អ*របស់ព្រះគ្រិស្ត ទោះបីព្រះអម្ចាស់បានបើកឱកាស ឲ្យខ្ញុំក៏ដោយ ក៏ចិត្តខ្ញុំពុំបានស្ងប់ដែរ ព្រោះរកលោកទីតុសមិនឃើញ។ 13ហេតុនេះ ខ្ញុំក៏លាពួកបងប្អូននៅក្រុងត្រូអាស ធ្វើដំណើរឆ្ពោះទៅស្រុកម៉ាសេដូន។ 14សូមអរព្រះគុណព្រះជាម្ចាស់ ដែលប្រទានឲ្យយើងមានជ័យជម្នះរួមជាមួយព្រះគ្រិស្តជានិច្ច។ ព្រះអង្គប្រោសប្រទានឲ្យមនុស្សនៅគ្រប់ទីកន្លែងបានស្គាល់ព្រះអង្គ តាមរយៈយើង ដែលប្រៀបបីដូចជាក្លិនក្រអូបសាយគ្រប់ទិសទី!។ 15ចំពោះព្រះជាម្ចាស់ គឺយើងនេះហើយជាក្លិនក្រអូបរបស់ព្រះគ្រិស្ត ក្នុងចំណោមអស់អ្នកដែលបានទទួលការសង្គ្រោះ និងក្នុងចំណោមអស់អ្នកដែលកំពុងតែវិនាសអន្តរាយ។ 16ចំពោះអ្នកវិនាស យើងជាក្លិននៃសេចក្ដីស្លាប់ដែលនាំឲ្យគេស្លាប់ ចំពោះអ្នកដែលបានទទួលការសង្គ្រោះយើងជាក្លិននៃជីវិត ដែលនាំឲ្យគេមានជីវិត។ តើនរណាមានសមត្ថភាពអាចនឹងបំពេញកិច្ចការនេះបាន? 17យើងមិនមែនជាអ្នកក្លែងបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចមនុស្សមួយចំនួនធំនោះឡើយ គឺយើងនិយាយដោយសុទ្ធចិត្ត ក្នុងនាមព្រះជាម្ចាស់ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ និងនៅក្នុងអង្គព្រះគ្រិស្ត។
Currently Selected:
២ កូរិនថូស 2: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.