YouVersion Logo
Search Icon

២ កូរិនថូស 2

2
1ដូច្នេះ ខ្ញុំ​សម្រេច​ថា​ខ្ញុំ​មិន​វិល​មក​រក​បងប្អូន​វិញ ទាំង​ព្រួយ​ចិត្ត​នោះ​ឡើយ។ 2បើ​ខ្ញុំ​ធ្វើ​ឲ្យ​បងប្អូន​ព្រួយ​ចិត្ត​ទៅ​ហើយ តើ​នរណា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ ក្រៅ​ពី​អ្នក​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រួយ​ចិត្ត​នោះ? 3សំបុត្រ​ដែល​ខ្ញុំ​បាន​សរសេរ​មក​ជូន​បងប្អូន មាន​គោល​បំណង​ចៀស‌វាង​កុំ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត នៅ​ពេល​ខ្ញុំ​មក​ដល់ គឺ​កុំ​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ព្រួយ​ពី​អស់​អ្នក ដែល​ត្រូវ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​នោះ​ឡើយ។ ខ្ញុំ​ជឿ​ជាក់​ថា ពេល​ខ្ញុំ​មាន​អំណរ បងប្អូន​ទាំង​អស់​គ្នា​ក៏​មាន​អំណរ​រួម​ជា​មួយ​ខ្ញុំ​ដែរ។ 4ខ្ញុំ​សរសេរ​មក​បងប្អូន ទាំង​តឹង​ទ្រូង ទាំង​ពិបាក​ចិត្ត ទាំង​ស្រក់​ទឹក​ភ្នែក តែ​មិន​មែន​ចង់​ធ្វើ​ឲ្យ​បងប្អូន​ព្រួយ​ចិត្ត​ទេ គឺ​ចង់​សម្តែង​ឲ្យ​បងប្អូន​ដឹង​អំពី​សេចក្ដីស្រឡាញ់​ដ៏​លើស‌លុប​របស់​ខ្ញុំ​ចំពោះ​បងប្អូន។
លោក​ប៉ូល​អត់‌ទោស​ឲ្យ​អ្នក​ដែល​ប្រព្រឹត្ត​ខុស
5ប្រសិន​បើ​នរណា​ម្នាក់​បង្កើត​ឲ្យ​មាន​ទុក្ខ​ព្រួយ មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត​ទេ គឺ​គាត់​ធ្វើ​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា​ព្រួយ​ចិត្ត ឬ​យ៉ាង​ហោច​ណាស់ ក៏​ឲ្យ​បងប្អូន​មួយ​ចំនួន​ព្រួយ​ចិត្ត (ខ្ញុំ​ថា​ដូច្នេះ មក​ពី​មិន​ចង់​បំផ្លើស)។ 6បើ​បងប្អូន​ភាគ​ច្រើន​បាន​ដាក់​ទោស​មនុស្ស​បែប​នេះ ល្មម​ហើយ។ 7សូម​បងប្អូន​អត់‌ទោស​ឲ្យ​គាត់ និង​លើក​ទឹក​ចិត្ត​គាត់​ផង​ទៅ ក្រែង​លោ​គាត់​ពិបាក​ចិត្ត​ខ្លាំង​ពេក រហូត​ដល់​ទៅ​អស់​សង្ឃឹម។ 8ដូច្នេះ ខ្ញុំ​សូម​ទូន្មាន​បងប្អូន​ធ្វើ​យ៉ាង​ណា​បង្ហាញ​ឲ្យ​ឃើញ​ថា បងប្អូន​ស្រឡាញ់​គាត់។ 9ខ្ញុំ​សរសេរ​មក ដើម្បី​ល​ចិត្ត​បងប្អូន​មើល ចង់​ដឹង​ថា តើ​បងប្អូន​ពិត​ជា​ស្ដាប់​តាម​សេចក្ដី​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់ ឬ​យ៉ាង​ណា។ 10បើ​បងប្អូន​លើក‌លែង​ទោស​ឲ្យ​អ្នក​ណា ខ្ញុំ​ក៏​លើក‌លែង​ទោស​ឲ្យ​អ្នក​នោះ​ដែរ។ ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ (ប្រសិន​បើ​មាន​ហេតុ​ដែល​ខ្ញុំ​ត្រូវ​អត់‌ទោស​ឲ្យ​នរណា​ម្នាក់) ខ្ញុំ​លើក‌លែង​ទោស​ឲ្យ​គេ ព្រោះ​តែ​បងប្អូន ដោយ​ខ្ញុំ​យល់​ដល់​ព្រះ‌គ្រិស្ត 11ដើម្បី​កុំ​ឲ្យ​យើង​ចាញ់​បោក​មារ*​សា‌តាំង ដ្បិត​យើង​ស្គាល់​គម្រោង‌ការ​របស់​វា​ស្រាប់​ហើយ។
លោក​ប៉ូល​ខ្វល់​ខ្វាយ​ក្នុង​ចិត្ត
12 ពេល​ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​ត្រូអាស ដើម្បី​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​របស់​ព្រះ‌គ្រិស្ត ទោះ​បី​ព្រះ‌អម្ចាស់​បាន​បើក​ឱកាស ឲ្យ​ខ្ញុំ​ក៏​ដោយ ក៏​ចិត្ត​ខ្ញុំ​ពុំ​បាន​ស្ងប់​ដែរ ព្រោះ​រក​លោក​ទីតុស​មិន​ឃើញ។ 13ហេតុ​នេះ ខ្ញុំ​ក៏​លា​ពួក​បងប្អូន​នៅ​ក្រុង​ត្រូអាស ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេ‌ដូន។ 14សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជម្នះ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​ជានិច្ច។ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​បាន​ស្គាល់​ព្រះអង្គ តាម​រយៈ​យើង ដែល​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​សាយ​គ្រប់​ទិស‌ទី!។ 15ចំពោះ​ព្រះ‌ជាម្ចាស់ គឺ​យើង​នេះ​ហើយ​ជា​ក្លិន​ក្រអូប​របស់​ព្រះ‌គ្រិស្ត ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទទួល​ការ​សង្គ្រោះ និង​ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​វិនាស​អន្តរាយ។ 16ចំពោះ​អ្នក​វិនាស យើង​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់​ដែល​នាំ​ឲ្យ​គេ​ស្លាប់ ចំពោះ​អ្នក​ដែល​បាន​ទទួល​ការ​សង្គ្រោះ​យើង​ជា​ក្លិន​នៃ​ជីវិត ដែល​នាំ​ឲ្យ​គេ​មាន​ជីវិត។ តើ​នរណា​មាន​សមត្ថ‌ភាព​អាច​នឹង​បំពេញ​កិច្ចការ​នេះ​បាន? 17យើង​មិន​មែន​ជា​អ្នក​ក្លែង​បន្លំ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដូច​មនុស្ស​មួយ​ចំនួន​ធំ​នោះ​ឡើយ គឺ​យើង​និយាយ​ដោយ​សុទ្ធ​ចិត្ត ក្នុង​នាម​ព្រះ‌ជាម្ចាស់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ និង​នៅ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy