២ របាក្សត្រ 8
8
ស្នាដៃផ្សេងៗទៀតរបស់ព្រះបាទសាឡូម៉ូន
(១ ពង្សាវតារក្សត្រ ៩.១០-២៨)
1ព្រះបាទសាឡូម៉ូនចំណាយពេលអស់ម្ភៃឆ្នាំ ដើម្បីកសាងព្រះដំណាក់របស់ព្រះអម្ចាស់ និងវាំងរបស់ស្ដេច។ 2ព្រះរាជាសង់ក្រុងទាំងប៉ុន្មានដែលព្រះបាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុស បានថ្វាយនោះឡើងវិញ រួចឲ្យប្រជាជនអ៊ីស្រាអែលទៅរស់នៅ។ 3ព្រះបាទសាឡូម៉ូនលើកទ័ពទៅវាយយកក្រុងហាម៉ាត់ នៅស្រុកសូបា ហើយកាន់កាប់ក្រុងនោះ។ 4ស្ដេចក៏បានសង់ក្រុងថាត់ម៉ោរ នៅតំបន់វាលរហោស្ថាន ព្រមទាំងក្រុងនានា ធ្វើជាឃ្លាំងដាក់ស្បៀង នៅតំបន់ហាម៉ាត់។ 5ស្ដេចបានសង់ក្រុងបេតហូរ៉ូនខាងលើ និងបេតហូរ៉ូនខាងក្រោម ជាក្រុងដែលមានបន្ទាយ និងកំពែងព័ទ្ធជុំវិញ ហើយមានទ្វារ និងរនុកផង។ 6ស្ដេចក៏បានសង់ក្រុងបាឡាត និងក្រុងទាំងប៉ុន្មាន ដែលស្ដេចទុកធ្វើជាឃ្លាំងសម្រាប់ដាក់ស្បៀង ឃ្លាំងសម្រាប់ដាក់រទេះចម្បាំង និងសម្រាប់ពលសេះ។ ព្រះបាទសាឡូម៉ូនបានសង់អ្វីៗទាំងអស់ ដែលស្ដេចសព្វព្រះហឫទ័យ នៅក្រុងយេរូសាឡឹម នៅស្រុកលីបង់ និងក្នុងនគរទាំងប៉ុន្មានដែលស្ដេចគ្រប់គ្រង។ 7ជាតិសាសន៍ទាំងអស់ដែលនៅសេសសល់ពីជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស មិនបានរាប់បញ្ចូលក្នុងចំណោមកូនចៅអ៊ីស្រាអែលទេ។ 8កូនចៅរបស់ជាតិសាសន៍ទាំងនោះនៅសេសសល់ក្នុងស្រុក ព្រោះជនជាតិអ៊ីស្រាអែលពុំបានបំផ្លាញពួកគេឲ្យផុតពូជឡើយ។ ព្រះបាទសាឡូម៉ូនបានកេណ្ឌពួកនោះឲ្យធ្វើជាកំណែន រហូតដល់សព្វថ្ងៃ។ 9ព្រះបាទសាឡូម៉ូនពុំបានបង្ខំឲ្យនរណាម្នាក់ ក្នុងចំណោមកូនចៅអ៊ីស្រាអែល ធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន មេបញ្ជាការ មេកងពលរទេះចម្បាំង និងកងពលសេះ។ 10ព្រះបាទសាឡូម៉ូនបានតែងតាំងមេដឹកនាំចំនួន ២៥០នាក់ ឲ្យត្រួតត្រាលើពួកកំណែន។
11ព្រះបាទសាឡូម៉ូនបាននាំបុត្រីរបស់ព្រះចៅផារ៉ោន ចាកចេញពីបុរីព្រះបាទដាវីឌ មកគង់នៅក្នុងដំណាក់ដែលស្ដេចបានសង់ថ្វាយព្រះនាង ដ្បិតស្ដេចមានព្រះតម្រិះថា៖ «មហេសីរបស់យើងពុំអាចគង់នៅក្នុងដំណាក់របស់ព្រះបាទដាវីឌ ជាស្ដេចនៃជនជាតិអ៊ីស្រាអែលបានទេ ព្រោះកន្លែងដែលគេតម្កល់ហិបរបស់ព្រះអម្ចាស់ជាកន្លែងដ៏វិសុទ្ធ»។
12គ្រានោះ ព្រះបាទសាឡូម៉ូនបានថ្វាយតង្វាយដុតទាំងមូល*ចំពោះព្រះអម្ចាស់ នៅលើអាសនៈដែលស្ដេចសង់នៅមុខទីសក្ការៈ 13 គឺតង្វាយប្រចាំថ្ងៃ តង្វាយសម្រាប់ថ្ងៃសប្ប័ទ តង្វាយសម្រាប់ថ្ងៃចូលខែថ្មី ព្រមទាំងតង្វាយសម្រាប់បុណ្យសំខាន់ៗបីដង ក្នុងមួយឆ្នាំ គឺថ្ងៃបុណ្យនំបុ័ងឥតមេ បុណ្យសប្ដាហ៍ និងបុណ្យបារាំ ស្របតាមបទបញ្ជាដែលលោកម៉ូសេបានចែងទុក។
14ព្រះបាទសាឡូម៉ូនបានតែងតាំងបូជាចារ្យជាក្រុមៗ តាមមុខងាររបស់ពួកគេ ដូចព្រះបាទដាវីឌ ជាបិតា បានចាត់ចែងទុកមក។ ស្ដេចតែងតាំងក្រុមលេវីឲ្យបំពេញមុខងាររបស់ខ្លួនដែរ គឺច្រៀងសរសើរព្រះអម្ចាស់ និងជួយក្រុមបូជាចារ្យក្នុងការងារប្រចាំថ្ងៃ ដូចមានចែងទុក។ ស្ដេចក៏បានចាត់ឲ្យអ្នកយាមទ្វារ ប្រចាំការនៅមាត់ទ្វារនីមួយៗ តាមក្រុមរបស់ខ្លួនដែរ។ នេះជាវិន័យដែលព្រះបាទដាវីឌ ជាជំនិតរបស់ព្រះជាម្ចាស់ បានបង្គាប់ទុក។ 15គេពុំបានប្រព្រឹត្តខុសនឹងបញ្ជាដែលស្ដេចបានចែងទុក ស្ដីពីក្រុមបូជាចារ្យ និងក្រុមលេវី ឬបញ្ជាផ្សេងទៀត ស្ដីអំពីទ្រព្យសម្បត្តិរបស់ព្រះដំណាក់ឡើយ។
16ព្រះបាទសាឡូម៉ូនបានសម្រេចគម្រោងការទាំងអស់ជាស្ថាពរ គឺចាប់ពីថ្ងៃចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់ រហូតដល់ថ្ងៃបង្ហើយ គឺការសង់ព្រះដំណាក់របស់ព្រះអម្ចាស់បានចប់សព្វគ្រប់។
17គ្រានោះ ព្រះបាទសាឡូម៉ូនបានយាងទៅក្រុងអេស៊ាន-គេប៊ើរ និងក្រុងអេឡុត ដែលនៅមាត់សមុទ្រ ក្នុងស្រុកអេដុម។ 18ព្រះបាទហ៊ីរ៉ាមបានបញ្ជូនសំពៅ ដឹកនាំដោយទាហានជើងទឹកស្ទាត់ជំនាញខាងសមុទ្រ មកថ្វាយព្រះបាទសាឡូម៉ូន។ ពួកគេធ្វើដំណើរជាមួយទាហានរបស់ព្រះបាទសាឡូម៉ូន ទៅដល់ស្រុកអូភារ ហើយនាំយកមាសទម្ងន់ដប់ប្រាំមួយតោន មកថ្វាយព្រះបាទសាឡូម៉ូន។
Currently Selected:
២ របាក្សត្រ 8: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.