YouVersion Logo
Search Icon

១ ធីម៉ូថេ 3

3
គុណ​សម្បត្តិ​របស់​អ្នក​ដឹក​នាំ​ក្រុម‌ជំនុំ
1ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថា ប្រសិន​បើ​បងប្អូន​ណា​ម្នាក់​ចង់​បាន​មុខងារ​ជា​អភិបាល គាត់​មាន​បំណង​បំពេញ​មុខងារ​ដ៏​ប្រសើរ​ហើយ។ 2 អ្នក​អភិបាល​ត្រូវ​មាន​គុណ​សម្បត្តិ​ល្អ​ឥត​ខ្ចោះ ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ មិន​ស្រវឹង​ស្រា មាន​ចិត្ត​ធ្ងន់ មាន​កិរិយា​មារ​យាទ​ល្អ ចេះ​ទទួល​ភ្ញៀវ ចេះ​បង្រៀន 3មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក គឺ​មាន​ចិត្ត​សប្បុរស មិន​ចេះ​រក​រឿង មិន​ស្រឡាញ់​ប្រាក់​ឡើយ។ 4គាត់​ត្រូវ​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​គាត់​ផ្ទាល់ ព្រម​ទាំង​ឲ្យ​កូន​ចៅ​របស់​គាត់​ចេះ​ស្ដាប់​បង្គាប់ និង​មាន​កិរិយា​ថ្លៃ‌ថ្នូរ​ទាំង​ស្រុង 5ព្រោះ​ថា ប្រសិន​បើ​មនុស្ស​ម្នាក់​មិន​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ផង ធ្វើ​ម្ដេច​នឹង​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​កើត!។ 6មិន​ត្រូវ​ឲ្យ​អ្នក​ដែល​ទើប​នឹង​ជឿ​ធ្វើ​ជា​អភិបាល​ឡើយ ក្រែង​លោ​គាត់​អួត​បំប៉ោង ហើយ​ទៅ​ជា​មាន​ទោស​ដូច​មារ*។ 7មួយ​វិញ​ទៀត អ្នក​អភិបាល​ត្រូវ​តែ​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ​ពី​សំណាក់​អស់​អ្នក ដែល​មិន​មែន​ជា​គ្រិស្ត‌បរិស័ទ​ផង​ដែរ ក្រែង​គេ​ប្រមាថ​មើល‌ងាយ ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​មារ។
គុណ​សម្បត្តិ​អ្នក​ជំនួយ
8រីឯ​អ្នក​ជំនួយ*​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ និយាយ​ពាក្យ​សច្ចៈ មិន​ចំណូល​ស្រា​ជ្រុល មិន​រក​ប្រាក់​តាម​របៀប​ថោក​ទាប។ 9គាត់​ត្រូវ​កាន់​តាម​ជំនឿ ដែល​ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​ស្គាល់ ដោយ​មន‌សិការ​បរិសុទ្ធ។ 10ត្រូវ​ល្បង​មើល​ចិត្ត​គេ​ជា​មុន​សិន ប្រសិន​បើ​មិន​ឃើញ​មាន​ទាស់​ត្រង់​ណា​ទេ​នោះ ទុក​ឲ្យ​គេ​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​ទៅ​ចុះ។
11ចំពោះ​ស្ត្រីៗ​វិញ ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ មិន​ចេះ​និយាយ​ដើម​គេ មិន​ស្រវឹង​ស្រា និង​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។
12អ្នក​ជំនួយ​ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ ហើយ​ចេះ​មើល​ខុស​ត្រូវ​កូន​ចៅ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ឯង​ផ្ទាល់​ផង 13ដ្បិត​បងប្អូន​ណា​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​បាន​ល្អ នឹង​បាន​ទទួល​កិត្តិយស ព្រម​ទាំង​មាន​ចិត្ត​អង់‌អាច​មោះ‌មុត ដោយ​អាង​លើ​ជំនឿ​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។
គម្រោង‌ការ​ដ៏​លាក់​កំបាំង
14ខ្ញុំ​សរសេរ​សំបុត្រ​នេះ ទាំង​សង្ឃឹម​ថា​នឹង​បាន​មក​ជួប​អ្នក​ក្នុង​ពេល​ឆាប់ៗ 15ក៏​ប៉ុន្តែ បើ​ខ្ញុំ​ក្រ​មក​ដល់ សំបុត្រ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ខ្លះ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ គឺ​ក្នុង​ក្រុម‌ជំនុំ*​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់។ ក្រុម‌ជំនុំ​នេះ​ជា​សសរ និង​ជា​គ្រឹះ​ទ្រ​ទ្រង់​សេចក្ដី​ពិត។ 16យើង​ត្រូវ​ទទួល​ស្គាល់​ថា គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​នោះ​ធំ​ណាស់ គឺ​ថា:
ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​យើង
ស្គាល់​ព្រះ‌គ្រិស្ត​ក្នុង​ឋានៈ​ជា​មនុស្ស
ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​សុចរិត
ដោយ​ព្រះ‌វិញ្ញាណ
ពួក​ទេវតា​បាន​ឃើញ​ព្រះអង្គ
គេ​ប្រកាស​អំពី​ព្រះអង្គ
នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា
គេ​បាន​ជឿ​លើ​ព្រះ‌គ្រិស្ត
ព្រះ‌ជាម្ចាស់​បាន​លើក​ព្រះអង្គ​ឡើង
ឲ្យ​មាន​សិរី‌រុងរឿង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ១ ធីម៉ូថេ 3