១ ពេត្រុស 2
2
ប្រជារាស្ត្រដ៏វិសុទ្ធ
1ហេតុនេះ ចូរបងប្អូនលះបង់ការអាក្រក់គ្រប់យ៉ាង លះបង់ល្បិចកិច្ចកលទាំងប៉ុន្មាន ការលាក់ពុត ចិត្តច្រណែនឈ្នានីស និងការនិយាយដើមគេគ្រប់យ៉ាងនោះចោលទៅ! 2ចូរប្រាថ្នាចង់បានព្រះបន្ទូល ដូចទារកដែលទើបនឹងកើតប្រាថ្នាចង់បានទឹកដោះសុទ្ធ ដើម្បីឲ្យបងប្អូនបានចម្រើនឡើងតាមរយៈព្រះបន្ទូលនេះ និងទទួលការសង្គ្រោះ 3 បើបងប្អូនពិតជាបានក្រេបជញ្ជក់ដឹងថា ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសមែននោះ!
4សូមបងប្អូនចូលមកជិតព្រះគ្រិស្ត ជាសិលាដ៏មានជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោល តែព្រះជាម្ចាស់បានរើសយក ព្រោះព្រះអង្គឈ្វេងយល់ថាមានតម្លៃវិសេស។ 5រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាព្រះដំណាក់របស់ព្រះវិញ្ញាណ ធ្វើជាក្រុមបូជាចារ្យដ៏វិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ត* 6 ដ្បិតក្នុងគម្ពីរមានចែងថា៖
«យើងបានរើសយកថ្មគ្រឹះមួយដ៏សំខាន់
ហើយមានតម្លៃ
យើងដាក់ថ្មនោះនៅក្រុងស៊ីយ៉ូន។
អ្នកណាជឿលើថ្មនោះ
អ្នកនោះមុខជាមិនត្រូវខកចិត្តឡើយ»។
7 ថ្មនេះមានតម្លៃវិសេសសម្រាប់បងប្អូនជាអ្នកជឿ។ រីឯអ្នកដែលមិនជឿវិញ
«ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល
បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត
8 ជាថ្មដែលនាំឲ្យគេជំពប់ដួល
ជាសិលាដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ»។
អ្នកទាំងនោះជំពប់ដួល ដូចព្រះជាម្ចាស់បានគ្រោងទុកមកស្រាប់ មកពីគេពុំព្រមជឿព្រះបន្ទូល 9 រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលព្រះអង្គបានជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្ដ្រដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ។ 10 ពីដើម បងប្អូនមិនមែនជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ទេ តែឥឡូវនេះ បងប្អូនជាប្រជារាស្ដ្ររបស់ព្រះអង្គហើយ ពីដើម បងប្អូនពុំបានទទួលព្រះហឫទ័យមេត្តាករុណាទេ តែឥឡូវនេះ បងប្អូនបានទទួលព្រះហឫទ័យមេត្តាករុណាហើយ ។
របៀបរស់នៅនៃអ្នកបម្រើរបស់ព្រះជាម្ចាស់
11បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមទូន្មានបងប្អូនជាជនបរទេស និងជាអ្នកស្នាក់នៅជាបណ្ដោះអាសន្ន ក្នុងលោកនេះថា កុំបណ្ដោយខ្លួនទៅតាមតណ្ហា ដែលតែងតែប្រឆាំងនឹងព្រលឹងនោះឡើយ។ 12ត្រូវកាន់កិរិយាមារយាទឲ្យថ្លៃថ្នូរនៅក្នុងចំណោមសាសន៍ដទៃ។ ដូច្នេះ ត្រង់ចំណុចណាដែលគេចោទថា បងប្អូនប្រព្រឹត្តអាក្រក់ គេបែរជាឃើញអំពើល្អរបស់បងប្អូនទៅវិញ ហើយនៅថ្ងៃដែលព្រះជាម្ចាស់យាងមក គេនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គថែមទៀតផង។
13សូមគោរពចុះចូលអំណាចនានានៅលើផែនដីនេះ ដោយយល់ដល់ព្រះអម្ចាស់ គឺត្រូវគោរពចុះចូលព្រះរាជា ក្នុងឋានៈលោកជាអ្នកមានអំណាចធំជាងគេ 14ត្រូវគោរពចុះចូលនឹងលោកទេសាភិបាលទាំងឡាយ ក្នុងឋានៈលោកជាតំណាងរបស់ព្រះរាជា ដែលទ្រង់ចាត់ឲ្យមកធ្វើទោសអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ និងសរសើរអស់អ្នកដែលប្រព្រឹត្តអំពើល្អ។ 15ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យបងប្អូនបំបិទមាត់ពួកមនុស្សខ្លៅ ដោយបងប្អូនប្រព្រឹត្តអំពើល្អ 16ឲ្យសមនឹងឋានៈជាមនុស្សមានសេរីភាព ក៏ប៉ុន្តែ កុំប្រើសេរីភាពនេះ ដើម្បីគ្របបាំងអំពើអាក្រក់ឡើយ គឺត្រូវប្រព្រឹត្តឲ្យសមនឹងឋានៈបងប្អូន ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់។ 17ចូរគោរពមនុស្សគ្រប់ៗរូប ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរគោរពកោតខ្លាចព្រះជាម្ចាស់ និងគោរពព្រះរាជាផង។
គំរូអំពីទុក្ខលំបាករបស់ព្រះគ្រិស្ត
18បងប្អូនដែលជាអ្នកបម្រើអើយ! ត្រូវគោរពចុះចូលនឹងម្ចាស់របស់ខ្លួន ដោយគោរពកោតខ្លាចទាំងស្រុង មិនត្រឹមតែគោរពចុះចូលនឹងម្ចាស់ណាដែលល្អ និងមានចិត្តសប្បុរសប៉ុណ្ណោះទេ គឺត្រូវចុះចូលនឹងម្ចាស់ដែលកាចផងដែរ។ 19បើមានបងប្អូនណាម្នាក់រងទុក្ខលំបាកដោយអយុត្ដិធម៌ ហើយស៊ូទ្រាំ ព្រោះយល់ដល់ព្រះជាម្ចាស់ តោងចាត់ទុកថា ព្រះអង្គប្រណីសន្ដោសដល់បងប្អូននោះហើយ។ 20ប្រសិនបើបងប្អូនស៊ូទ្រាំរងទារុណកម្មមកពីបានប្រព្រឹត្តអំពើអាក្រក់ណាមួយ បងប្អូនគ្មានកិត្តិយសអ្វីទេ! ផ្ទុយទៅវិញ ប្រសិនបើបងប្អូនបានប្រព្រឹត្តអំពើល្អ តែស៊ូទ្រាំនឹងទុក្ខលំបាក នោះមកពីព្រះជាម្ចាស់ប្រណីសន្ដោសដល់បងប្អូន ។
21ព្រះអង្គត្រាស់ហៅបងប្អូនមក
ឲ្យរងទុក្ខលំបាកយ៉ាងនេះ
ព្រោះព្រះគ្រិស្ត*ក៏បានរងទុក្ខលំបាក
សម្រាប់បងប្អូន ទុកជាគំរូឲ្យ
បងប្អូនដើរតាមគន្លងរបស់ព្រះអង្គដែរ។
22 ព្រះអង្គពុំដែលបានប្រព្រឹត្តអំពើបាបសោះ
ហើយក៏ពុំដែលមានព្រះបន្ទូលវៀចវេរណា
ចេញពីព្រះឱស្ឋរបស់ព្រះអង្គឡើយ។
23 ទោះបីគេជេរប្រមាថព្រះអង្គ
ក៏ព្រះអង្គមិនតបតទៅគេវិញដែរ
ព្រះអង្គបានរងទុក្ខលំបាក
តែព្រះអង្គពុំបានគំរាមកំហែងគេវិញទេ
ព្រះអង្គផ្ញើជីវិតទៅលើព្រះជាម្ចាស់
ដែលទ្រង់វិនិច្ឆ័យដោយយុត្តិធម៌។
24 ព្រះគ្រិស្ត*បានផ្ទុកបាប*របស់យើង
ក្នុងព្រះកាយរបស់ព្រះអង្គ
ដែលជាប់លើឈើឆ្កាង
ដើម្បីឲ្យយើងលែងជំពាក់ជំពិន
នឹងបាបតទៅមុខទៀត
ហើយឲ្យយើងមានជីវិត
ដោយប្រព្រឹត្តតែអំពើសុចរិត*។
បងប្អូនបានជាសះស្បើយដោយសារ
ស្នាមរបួសរបស់ព្រះអង្គ
25 ដ្បិតបងប្អូនប្រៀបដូចជាចៀមដែលវង្វេង
តែឥឡូវនេះ បងប្អូនបានវិលត្រឡប់មករក
គង្វាល និងអ្នកថែរក្សាព្រលឹង
របស់បងប្អូនវិញហើយ។
Currently Selected:
១ ពេត្រុស 2: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.