១ ពង្សាវតារក្សត្រ 19
19
ព្យាការីអេលីយ៉ានៅលើភ្នំហោរែប
1ព្រះបាទអហាប់រៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលលោកអេលីយ៉ាបានប្រព្រឹត្ត និងអំពីការដែលលោកបានសម្លាប់ព្យាការីទាំងអស់របស់ព្រះបាលដោយមុខដាវ ប្រាប់ម្ចាស់ក្សត្រិយ៍យេសិបិល។ 2ម្ចាស់ក្សត្រិយ៍យេសិបិលចាត់អ្នកនាំសារឲ្យទៅប្រាប់លោកអេលីយ៉ាថា៖ «ថ្ងៃស្អែក នៅពេលថ្មើរនេះ ប្រសិនបើខ្ញុំមិនប្រហារជីវិតលោក ដូចលោកបានប្រហារជីវិតព្យាការីទាំងនោះទេ សូមព្រះទាំងឡាយដាក់ទោសខ្ញុំយ៉ាងធ្ងន់ចុះ!»។ 3លោកអេលីយ៉ាភ័យខ្លាច ហើយក្រោកឡើង រត់ចេញទៅ ដើម្បីឲ្យរួចជីវិត។ លោកទៅដល់បៀរ-សេបា ក្នុងស្រុកយូដា លោកទុកអ្នកបម្រើឲ្យនៅទីនោះ។ 4 រីឯលោកវិញ លោកធ្វើដំណើរកាត់វាលរហោស្ថានពេញមួយថ្ងៃ ហើយទៅអង្គុយក្រោមដើមដង្កោមួយ រួចទូលអង្វរសុំស្លាប់ ទាំងពោលថា៖ «ព្រះអម្ចាស់អើយ! ទូលបង្គំទ្រាំលែងបានទៀតហើយ! ឥឡូវនេះ សូមព្រះអង្គដកជីវិតទូលបង្គំចុះ! ដ្បិតទូលបង្គំមិនប្រសើរជាងដូនតារបស់ទូលបង្គំទេ»។ 5បន្ទាប់មក លោកទម្រេតខ្លួន សម្រាន្ដលង់លក់ក្រោមដើមដង្កោនោះទៅ។ ពេលនោះ មានទេវតា*មួយរូបមកដាស់លោក ទាំងពោលថា៖ «ចូរក្រោកឡើង បរិភោគទៅ!»។ 6លោកអេលីយ៉ាក្រឡេកទៅ ឃើញមាននំបុ័ងដែលគេទើបនឹងដុតលើថ្មក្ដៅៗ និងទឹកមួយក្អម នៅលើក្បាលដំណេក លោកក៏ពិសានំបុ័ង និងទឹករួច សម្រាន្ដលក់ជាថ្មី។ 7ពេលនោះ ទេវតារបស់ព្រះអម្ចាស់មកដាស់លោកម្ដងទៀត ទាំងពោលថា៖ «ចូរក្រោកឡើង បរិភោគទៅ ដ្បិតលោកត្រូវធ្វើដំណើរយ៉ាងឆ្ងាយ»។ 8លោកក៏ក្រោកឡើង ពិសានំបុ័ង និងទឹក។ អាហារនេះធ្វើឲ្យលោកមានកម្លាំង ដើរបានសែសិបថ្ងៃសែសិបយប់ រហូតដល់ភ្នំហោរែប ជាភ្នំរបស់ព្រះជាម្ចាស់។
ព្រះអម្ចាស់ប្រទានឲ្យព្យាការីអេលីយ៉ាមានសេចក្ដីក្លាហានឡើងវិញ
9កាលទៅដល់ភ្នំហោរែបហើយ លោកអេលីយ៉ាចូលទៅស្នាក់ក្នុងគុហានៅពេលយប់។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកដូចតទៅ៖ «អេលីយ៉ាអើយ អ្នកមកទីនេះធ្វើអ្វី?»។ 10 លោកទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល! ទូលបង្គំស្រឡាញ់ព្រះអង្គខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រាអែលបានផ្ដាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ពួកគេរំលំអាសនៈរបស់ព្រះអង្គ និងសម្លាប់ព្យាការីទាំងអស់របស់ព្រះអង្គ ដោយមុខដាវ គឺនៅសល់តែទូលបង្គំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតទូលបង្គំទៀត»។ 11ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរចេញទៅក្រៅ ហើយឈរលើភ្នំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់»។ ព្រះអង្គយាងកាត់តាមនោះ មានខ្យល់បក់បោកយ៉ាងខ្លាំង ធ្វើឲ្យកក្រើកភ្នំ បំបែកថ្ម នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងខ្យល់នោះទេ។ បន្ទាប់ពីខ្យល់ មានរញ្ជួយដី ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងដីដែលរញ្ជួយនោះទេ។ 12ក្រោយពីរញ្ជួយដី មានភ្លើង ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងភ្លើងនោះទេ។ បន្ទាប់ពីភ្លើង មានឮសូរសំឡេងស្រាលៗយ៉ាងស្រទន់។ 13កាលព្យាការីអេលីយ៉ាឮសំឡេងនោះ លោកយកអាវធំមកគ្របមុខ ហើយចេញទៅឈរនៅមាត់គុហា។ លោកឮព្រះសូរសៀងថា៖ «អេលីយ៉ាអើយ អ្នកមកទីនេះធ្វើអ្វី?»។ 14លោកទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល! ទូលបង្គំស្រឡាញ់ព្រះអង្គខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រាអែលផ្ដាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ពួកគេរំលំអាសនៈរបស់ព្រះអង្គ និងសម្លាប់ព្យាការីទាំងអស់របស់ព្រះអង្គ ដោយមុខដាវ គឺនៅសល់តែទូលបង្គំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតទូលបង្គំទៀត»។ 15 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «ចូរធ្វើដំណើរកាត់វាលរហោស្ថាន ឆ្ពោះទៅកាន់ក្រុងដាម៉ាសចុះ! កាលទៅដល់ហើយ ត្រូវចាក់ប្រេងអភិសេកហាសែលឲ្យធ្វើជាស្ដេចលើស្រុកស៊ីរី។ 16 បន្ទាប់មក ត្រូវចាក់ប្រេងអភិសេកយេហ៊ូវ ជាកូនរបស់នឹមស៊ី ឲ្យធ្វើជាស្ដេចលើស្រុកអ៊ីស្រាអែល រួចចាក់ប្រេងតែងតាំងអេលីសេ ជាកូនរបស់សាផាត នៅអេបិល-មហូឡា ឲ្យធ្វើជាព្យាការីជំនួសអ្នក។ 17ពេលនោះ នរណាគេចផុតពីមុខដាវរបស់ហាសែល នឹងត្រូវយេហ៊ូវសម្លាប់ ហើយនរណាគេចផុតពីមុខដាវរបស់យេហ៊ូវ នឹងត្រូវអេលីសេសម្លាប់។ 18 ប៉ុន្តែ យើងនឹងទុកជីវិតមនុស្សប្រាំពីរពាន់នាក់ នៅស្រុកអ៊ីស្រាអែល គឺអស់អ្នកដែលពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាល ហើយមិនបានថើបព្រះនេះទេ»។
លោកអេលីយ៉ាតែងតាំងលោកអេលីសេជាព្យាការី
19លោកអេលីយ៉ាចាកចេញពីទីនោះទៅ ជួបនឹងលោកអេលីសេ ជាកូនរបស់លោកសាផាត កំពុងតែភ្ជួរស្រែ។ មានអ្នកភ្ជួរទាំងអស់ដប់ពីរនាក់ លោកអេលីសេភ្ជួរក្រោយគេបង្អស់។ លោកអេលីយ៉ាចូលទៅជិតគាត់ រួចដោះអាវធំរបស់លោកបោះទៅលើគាត់។ 20លោកអេលីសេទុកគោចោល ហើយរត់ទៅតាមលោកអេលីយ៉ាជម្រាបថា៖ «សូមអនុញ្ញាតឲ្យខ្ញុំប្របាទទៅលាឪពុកម្ដាយរបស់ខ្ញុំប្របាទសិន រួចខ្ញុំប្របាទនឹងទៅតាមលោក»។ លោកអេលីយ៉ាឆ្លើយថា៖ «ទៅវិញចុះ ខ្ញុំមិនឃាត់អ្នកទេ!»។ 21លោកអេលីសេចាកចេញពីលោកអេលីយ៉ា ត្រឡប់មកកន្លែងភ្ជួរវិញ។ គាត់យកគោទាំងពីរក្បាលទៅសម្លាប់ធ្វើជាយញ្ញបូជា យកនង្គ័លធ្វើជាអុសដុតចម្អិនសាច់ ចែកអស់អ្នកដែលនៅទីនោះបរិភោគ។ បន្ទាប់មក គាត់ក្រោកឡើង ដើរតាមលោកអេលីយ៉ា ហើយនៅបម្រើលោក។
Currently Selected:
១ ពង្សាវតារក្សត្រ 19: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.