Revelation 7
7
1 ក្រោយពីហេតុការណ៍នេះ ខ្ញុំបានឃើញទេវតាបួនរូបឈរនៅជ្រុងទាំងបួននៃផែនដី ទាំងទប់ខ្យល់នៅផែនដីទាំងបួនទិសដើម្បីកុំឲ្យមានខ្យល់បក់មកលើផែនដី លើសមុទ្រ ឬលើដើមឈើណាឡើយ។
2 បន្ទាប់មក ខ្ញុំឃើញទេវតាមួយរូបទៀតឡើងមកពីទិសខាងកើត ទាំងមានត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ទេវតានោះក៏បន្លឺសំឡេងយ៉ាងខ្លាំងទៅកាន់ទេវតាទាំងបួនរូបដែលបានទទួលអំណាចឲ្យធ្វើទុក្ខផែនដី និងសមុទ្រ
3 ថា៖ «មិនត្រូវធ្វើទុក្ខផែនដី សមុទ្រ ឬដើមឈើណាឡើយ រហូតទាល់តែយើងបានបោះត្រាលើថ្ងាសពួកបាវបម្រើរបស់ព្រះជាម្ចាស់នៃយើងរួចហើយសិន»។
4 ខ្ញុំក៏ឮចំនួនពួកអ្នកដែលត្រូវបានបោះត្រានោះ គឺមានចំនួនមួយសែនបួនម៉ឺនបួនពាន់នាក់ មកពីគ្រប់កុលសម្ព័ន្ធនៃពួកកូនចៅអ៊ីស្រាអែលដែលបានបោះត្រា។
5 ពីកុលសម្ព័ន្ធយូដា មានមួយម៉ឺនពីរពាន់នាក់បានបោះត្រា ហើយពីកុលសម្ព័ន្ធរូបេន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធកាដ មានមួយម៉ឺនពីរពាន់នាក់
6 ពីកុលសម្ព័ន្ធអេស៊ើរ មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធណែបថាលី មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធម៉ាណាសេ មានមួយម៉ឺនពីរពាន់នាក់
7 ពីកុលសម្ព័ន្ធស៊ីម្មាន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធលេវី មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធអ៊ីសាខារ មានមួយម៉ឺនពីរពាន់នាក់
8 ពីកុលសម្ព័ន្ធសាប់យ៉ូឡូន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធយ៉ូសែប មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធបេនយ៉ាមីន មានមួយម៉ឺនពីរពាន់នាក់។
9 ក្រោយពីហេតុការណ៍ទាំងនេះ ខ្ញុំបានឃើញមនុស្សយ៉ាងច្រើនសន្ធឹកដែលគ្មានអ្នកណាអាចរាប់បានឡើយ អ្នកទាំងនោះមកពីគ្រប់ប្រទេស គ្រប់កុលសម្ព័ន្ធ គ្រប់ជនជាតិ គ្រប់ភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅនឹងដៃរបស់ពួកគេផង
10 ពួកគេបានបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «សេចក្ដីសង្គ្រោះស្រេចលើព្រះជាម្ចាស់របស់យើងដែលគង់លើបល្ល័ង្ក និងស្រេចលើកូនចៀម»
11 នោះទេវតាទាំងអស់ដែលឈរជុំវិញបល្ល័ង្ក ជុំវិញពួកចាស់ទុំ និងសត្វមានជីវិតទាំងបួន ក៏ក្រាបផ្កាប់មុខចុះនៅពីមុខបល្ល័ង្ក ហើយថ្វាយបង្គំព្រះជាម្ចាស់
12 ទាំងនិយាយថា៖ «អាម៉ែន! សូមឲ្យព្រះជាម្ចាស់របស់យើងបានប្រកបដោយព្រះពរ សិរីរុងរឿង ប្រាជ្ញា ការអរព្រះគុណ កិត្ដិយស អំណាច និងឥទ្ធិឫទ្ធិរហូតអស់កល្បជានិច្ច អាម៉ែន!»
13 មានចាស់ទុំម្នាក់សួរខ្ញុំថា៖ «តើពួកអ្នកដែលពាក់អាវសវែងទាំងនេះជានរណា ហើយមកពីណា?»
14 នោះខ្ញុំក៏ប្រាប់គាត់ថា៖ «លោកម្ចាស់អើយ! លោកដឹងស្រាប់ហើយ»។ គាត់ក៏ប្រាប់ខ្ញុំថា៖ «អ្នកទាំងនោះជាពួកអ្នកដែលបានឆ្លងកាត់សេចក្ដីវេទនាជាខ្លាំង ពួកគេបានបោកគក់អាវវែងរបស់ខ្លួន និងបានធ្វើឲ្យសដោយសារឈាមរបស់កូនចៀម។
15 ហេតុនេះហើយបានជាពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ ទាំងបម្រើព្រះអង្គទាំងយប់ទាំងថ្ងៃនៅក្នុងព្រះវិហាររបស់ព្រះអង្គ ហើយព្រះអង្គដែលគង់លើបល្ល័ង្កនោះ ព្រះអង្គនឹងពន្លាតរោងរបស់ព្រះអង្គលើពួកគេ។
16 ពួកគេនឹងមិនឃ្លាន ឬស្រេកទៀតឡើយ ក៏មិនត្រូវថ្ងៃចាំង ឬត្រូវកម្ដៅណាទៀតដែរ
17 ដ្បិតកូនចៀមដែលនៅកណ្ដាលបល្ល័ង្កនោះ ព្រះអង្គនឹងឃ្វាលពួកគេ ហើយនាំពួកគេទៅកាន់ប្រភពទឹកជីវិត ហើយព្រះជាម្ចាស់នឹងជូតទឹកភ្នែកទាំងអស់ចេញពីភ្នែករបស់ពួកគេ»។
Currently Selected:
Revelation 7: KCB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.