Revelation 13
13
1 នោះខ្ញុំឃើញសត្វសាហាវមួយចេញពីសមុទ្រមក វាមានស្នែងដប់ និងក្បាលប្រាំពីរ នៅលើស្នែងរបស់វាមានមកុដដប់ ហើយនៅលើក្បាលរបស់វាមានឈ្មោះជាពាក្យប្រមាថព្រះជាម្ចាស់។
2 សត្វសាហាវដែលខ្ញុំឃើញនោះដូចជាខ្លារខិន ជើងរបស់វាដូចជាជើងរបស់ខ្លាឃ្មុំ ហើយមាត់របស់វាដូចជាមាត់របស់សត្វតោ។នាគក៏ប្រគល់អំណាច និងបល្ល័ង្ករបស់វា ព្រមទាំងសិទ្ធិអំណាចយ៉ាងធំដល់សត្វនោះ
3 ហើយក្បាលមួយរបស់សត្វនោះ ហាក់ដូចជាត្រូវរបួសជិតស្លាប់ ប៉ុន្ដែរបួសជិតស្លាប់របស់វានោះក៏បានជាសះឡើងវិញ ដូច្នេះផែនដីទាំងមូលក៏ស្ញប់ស្ញែង ហើយដើរតាមវា។
4 ពួកគេថ្វាយបង្គំនាគ ព្រោះវាបានប្រគល់សិទ្ធិអំណាចរបស់វាដល់សត្វសាហាវនោះ ហើយពួកគេក៏ថ្វាយបង្គំសត្វសាហាវនោះដែរ ទាំងនិយាយថា៖ «តើមាននរណាដូចសត្វនេះ តើមាននរណាអាចច្បាំងនឹងសត្វនេះបាន?»
5 សត្វសាហាវនោះបានទទួលមាត់និយាយពាក្យអួតអាង និងពាក្យប្រមាថព្រះជាម្ចាស់ ហើយវាក៏បានទទួលសិទ្ធិអំណាចធ្វើសកម្មភាពសែសិបពីរខែ។
6 វាបានហាមាត់របស់វាប្រមាថព្រះជាម្ចាស់ ប្រមាថព្រះនាមរបស់ព្រះអង្គ និងលំនៅរបស់ព្រះអង្គ ព្រមទាំងពួកអ្នកដែលរស់នៅក្នុងស្ថានសួគ៌។
7 វាបានទទួលអំណាចនឹងធ្វើសង្រ្គាមជាមួយពួកបរិសុទ្ធ ហើយយកឈ្នះលើពួកគេ រួចវាក៏បានទទួលសិទ្ធិអំណាចលើគ្រប់កុលសម្ព័ន្ធ គ្រប់ជនជាតិ គ្រប់ភាសា និងគ្រប់ប្រទេស
8 រីឯអស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា គឺជាអស់អ្នកដែលតាំងពីដើមកំណើតពិភពលោកមកគ្មានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវបានគេសម្លាប់។
9 អ្នកណាមានត្រចៀក ចូរស្ដាប់ចុះ។
10 អ្នកណាត្រូវជាប់ជាឈ្លើយ អ្នកនោះនឹងជាប់ជាឈ្លើយ អ្នកណាត្រូវស្លាប់ដោយដាវ អ្នកនោះនឹងស្លាប់ដោយដាវ។ នេះហើយគឺជាសេចក្ដីអត់ធ្មត់ និងជំនឿរបស់ពួកបរិសុទ្ធ។
11 ខ្ញុំបានឃើញសត្វសាហាវមួយទៀតចេញពីដីមក វាមានស្នែងពីរដូចជាកូនចៀម ហើយវានិយាយដូចជានាគ។
12 វាប្រើសិទ្ធិអំណាចទាំងអស់របស់សត្វសាហាវទីមួយនៅពីមុខសត្វសាហាវទីមួយ ហើយវាធ្វើឲ្យផែនដី និងពួកអ្នកដែលរស់នៅលើផែនដីថ្វាយបង្គំសត្វសាហាវទីមួយដែលរបួសជិតស្លាប់របស់វាបានជាសះឡើងវិញនោះ។
13 វាធ្វើទីសំគាល់ធំៗ សូម្បីតែធ្វើឲ្យមានភ្លើងធ្លាក់ចុះពីលើមេឃមកផែនដីនៅមុខមនុស្សផង
14 ហើយវាបោកបញ្ឆោតពួកអ្នកដែលរស់នៅលើផែនដីដោយសារទីសំគាល់ដែលវាបានទទួលអំណាចនឹងធ្វើនៅពីមុខសត្វសាហាវនោះ ទាំងប្រាប់ពួកអ្នកដែលរស់នៅលើផែនដីឲ្យធ្វើរូបចម្លាក់មួយសម្រាប់សត្វសាហាវដែលមានរបួសដោយសារដាវ ហើយនៅមានជីវិតនោះ។
15 វាក៏បានទទួលអំណាចនឹងផ្ដល់វិញ្ញាណឲ្យរូបចម្លាក់របស់សត្វសាហាវនោះ ដើម្បីឲ្យរូបចម្លាក់របស់សត្វសាហាវនោះនិយាយបាន និងធ្វើឲ្យមនុស្សទាំងឡាយដែលមិនថ្វាយបង្គំរូបចម្លាក់របស់សត្វសាហាវនោះស្លាប់ផង។
16 វាធ្វើឲ្យមនុស្សទាំងអស់ ទាំងតូច ទាំងធំ ទាំងអ្នកក្រ ទាំងអ្នកមាន ទាំងអ្នកមានសេរីភាព ទាំងបាវបម្រើឲ្យទទួលសញ្ញាសំគាល់មួយនៅលើដៃស្ដាំ ឬនៅលើថ្ងាសរបស់ពួកគេ
17 ដើម្បីកុំឲ្យអ្នកណាអាចទិញ ឬលក់អ្វីបានឡើយ ប្រសិនបើគេគ្មានសញ្ញាសំគាល់នោះទេ គឺជាឈ្មោះរបស់សត្វសាហាវនោះ ឬលេខឈ្មោះរបស់វា។
18 នេះហើយគឺជាប្រាជ្ញា ហើយអ្នកណាដែលមានការយល់ដឹង ចូរគិតលេខរបស់សត្វសាហាវនោះចុះ ដ្បិតលេខនោះគឺជាលេខរបស់មនុស្ស លេខរបស់វាគឺ ប្រាំមួយរយហុកសិបប្រាំមួយ។
Currently Selected:
Revelation 13: KCB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.