John 13
13
1 នៅមុនថ្ងៃបុណ្យរំលង ព្រះយេស៊ូបានជ្រាបថា ពេលកំណត់ដែលព្រះអង្គត្រូវយាងចេញពីពិភពលោកនេះទៅឯព្រះវរបិតាបានមកដល់ហើយ។ ព្រះអង្គស្រឡាញ់អស់អ្នកដែលនៅជាមួយព្រះអង្គនៅក្នុងពិភពលោកនេះណាស់ ហើយព្រះអង្គក៏ស្រឡាញ់ពួកគេដល់ចុងបំផុតដែរ។
2 នៅពេលបរិភោគអាហារពេលយប់នោះ អារក្សសាតាំងបានចូលទៅក្នុងចិត្ដរបស់យូដាសអ៊ីស្ការីយ៉ុត ជាកូនលោកស៊ីម៉ូនរួចជាស្រេច ដើម្បីឲ្យក្បត់ព្រះអង្គ
3 ព្រះយេស៊ូបានដឹងថា ព្រះវរបិតាបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្ដរបស់ព្រះអង្គហើយ ព្រមទាំងដឹងទៀតថា ព្រះអង្គបានមកពីព្រះជាម្ចាស់ ហើយត្រូវទៅឯព្រះជាម្ចាស់វិញ
4 ដូច្នេះព្រះអង្គក៏ក្រោកចេញពីតុអាហារ ហើយដោះអាវវែងចេញ រួចយកកន្សែងមួយមកក្រវាត់ខ្លួន
5 បន្ទាប់មកព្រះអង្គចាក់ទឹកក្នុងចានក្លាំមួយ រួចចាប់ផ្ដើមលាងជើងរបស់ពួកសិស្ស ហើយយកកន្សែងដែលព្រះអង្គក្រវាត់នោះមកជូតផង។
6 ពេលព្រះអង្គមកដល់លោកស៊ីម៉ូនពេត្រុស នោះគាត់ទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គនឹងលាងជើងរបស់ខ្ញុំឬ?»
7 ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «នៅពេលនេះ អ្នកមិនយល់អំពីអ្វីដែលខ្ញុំកំពុងធ្វើទេ ប៉ុន្ដែអ្នកនឹងយល់នៅពេលក្រោយ»
8 លោកពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអង្គមិនត្រូវលាងជើងរបស់ខ្ញុំទេ!» ព្រះយេស៊ូមានបន្ទូលថា៖ «បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយខ្ញុំឡើយ»
9 នោះលោកស៊ីម៉ូនពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមកុំលាងត្រឹមតែជើងរបស់ខ្ញុំ គឺសូមលាងទាំងដៃ ទាំងក្បាលផង»
10 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកដែលងូតទឹករួចហើយ ត្រូវការលាងជើងតែប៉ុណ្ណោះ ដ្បិតខ្លួនទាំងមូលរបស់អ្នកនោះបានស្អាតហើយ រីឯអ្នករាល់គ្នាបានស្អាតហើយដែរ ប៉ុន្ដែមិនមែនទាំងអស់គ្នាទេ»
11 ដ្បិតព្រះអង្គបានស្គាល់អ្នកក្បត់ព្រះអង្គ ហេតុនេះហើយបានជាព្រះអង្គមានបន្ទូលថា អ្នករាល់គ្នាមិនស្អាតទាំងអស់គ្នាទេ។
12 កាលព្រះអង្គលាងជើងរបស់ពួកគេរួចហើយ ព្រះអង្គក៏ពាក់អាវវែងវិញ រួចយាងទៅអង្គុយនៅតុអាហារវិញ ទាំងមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាយល់អំពីអ្វីដែលខ្ញុំបានធ្វើសម្រាប់អ្នករាល់គ្នាឬទេ?
13 អ្នករាល់គ្នាហៅខ្ញុំថា លោកគ្រូ និងព្រះអម្ចាស់ នោះអ្នករាល់គ្នាហៅត្រូវហើយ ព្រោះគឺខ្ញុំមែន!
14 ដូច្នេះបើខ្ញុំជាព្រះអម្ចាស់ ហើយជាគ្រូ បានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ នោះអ្នករាល់គ្នាគួរលាងជើងឲ្យគ្នាទៅវិញទៅមកដែរ
15 ដ្បិតខ្ញុំបានទុកគំរូមួយសម្រាប់អ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាធ្វើតាមដូចដែលខ្ញុំបានធ្វើសម្រាប់អ្នករាល់គ្នាដែរ
16 ហើយខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា បាវបម្រើមិនដែលធំជាងចៅហ្វាយរបស់ខ្លួនទេ ហើយអ្នកដែលគេចាត់ឲ្យទៅ ក៏មិនដែលធំជាងអ្នកដែលចាត់ខ្លួនឲ្យទៅដែរ
17 ដូច្នេះបើអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះ ហើយធ្វើតាម នោះអ្នករាល់គ្នាមានពរហើយ
18 ខ្ញុំមិនមែននិយាយពីអ្នកទាំងអស់គ្នាទេ ខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស ប៉ុន្ដែដើម្បីឲ្យសម្រេចតាមបទគម្ពីរដែលបានចែងថា អ្នកដែលបរិភោគនំប៉័ងរបស់ខ្ញុំ អ្នកនោះបានលើកកែងជើងរបស់ខ្លួនទាស់នឹងខ្ញុំ។
19 ពេលនេះខ្ញុំប្រាប់អ្នករាល់គ្នាឲ្យហើយ មុនការនោះកើតឡើង ដើម្បីនៅពេលការនោះកើតឡើង នោះអ្នករាល់គ្នានឹងជឿថា គឺខ្ញុំមែន
20 ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាទទួលអ្នកដែលខ្ញុំចាត់ឲ្យទៅ អ្នកនោះទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ អ្នកនោះក៏ទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។
21 កាលព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះរួចហើយ ព្រះអង្គជ្រួលច្របល់ក្នុងវិញ្ញាណជាខ្លាំង ក៏ធ្វើបន្ទាល់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា នៅក្នុងចំណោមអ្នករាល់គ្នាមានម្នាក់នឹងក្បត់ខ្ញុំ»។
22 ពេលនោះពួកសិស្សក៏ងាកមើលគ្នាទៅវិញទៅមក ទាំងមិនដឹងថា ព្រះអង្គមានបន្ទូលអំពីអ្នកណាទេ។
23 មានសិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់ គាត់កំពុងអង្គុយនៅតុអាហារផ្អែកលើព្រះឱរារបស់ព្រះអង្គ
24 ដូច្នេះ លោកស៊ីម៉ូនពេត្រុសក៏ធ្វើសញ្ញាឲ្យអ្នកនោះទូលសួរព្រះអង្គ អំពីអ្នកដែលព្រះអង្គមានបន្ទូលនោះ
25 អ្នកនោះក៏ទម្រេតលើព្រះឱរារបស់ព្រះយេស៊ូ ហើយសួរថា៖ «ព្រះអម្ចាស់អើយ! តើអ្នកនោះជានរណា?»
26 ព្រះយេស៊ូឆ្លើយថា៖ «អ្នកនោះ ជាអ្នកដែលខ្ញុំជ្រលក់ចំណិតនំប៉័ងហុចទៅឲ្យ»។ ដូច្នេះព្រះអង្គក៏ជ្រលក់ចំណិតនំប៉័ង ហើយឲ្យទៅយូដាស ជាកូនរបស់លោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។
27 ក្រោយពីទទួលចំណិតនំប៉័ងនោះហើយ នោះអារក្សសាតាំងក៏ចូលគាត់ រួចព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកចង់ធ្វើអ្វី ចូរប្រញាប់ធ្វើចុះ»។
28 ក្នុងចំណោមពួកអ្នកដែលអង្គុយនៅតុ គ្មានអ្នកណាម្នាក់ដឹងថា ហេតុអ្វីបានជាព្រះអង្គមានបន្ទូលទៅគាត់ដូច្នេះឡើយ
29 ហើយមានអ្នកខ្លះស្មានថា ដោយព្រោះតែយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូប្រាប់គាត់ឲ្យទៅទិញឥវ៉ាន់ដែលត្រូវការសម្រាប់ពិធីបុណ្យ ឬឲ្យគាត់ទៅចែកអ្វីដល់ពួកអ្នកក្រ។
30 កាលយូដាសបានទទួលចំណិតនំប៉័ងនោះហើយ គាត់ក៏ចេញទៅភ្លាម ពេលនោះយប់ហើយ។
31 ពេលគាត់ចេញផុតទៅ ព្រះយេស៊ូក៏មានបន្ទូលថា៖ «ឥឡូវនេះ កូនមនុស្សបានតម្កើងឡើងហើយ ឯព្រះជាម្ចាស់ក៏បានតម្កើងឡើងតាមរយៈកូនមនុស្សដែរ
32 ដូច្នេះបើព្រះជាម្ចាស់បានតម្កើងឡើងតាមរយៈកូនមនុស្ស នោះព្រះអង្គក៏នឹងតម្កើងកូនមនុស្សឡើងតាមរយៈព្រះអង្គដែរ ហើយព្រះអង្គនឹងតម្កើងកូនមនុស្សឡើងឆាប់ៗនេះ។
33 កូនតូចៗអើយ! ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេ អ្នករាល់គ្នានឹងរកខ្ញុំ ដូចដែលខ្ញុំបានប្រាប់ជនជាតិយូដារួចហើយ ឥឡូវនេះ ខ្ញុំក៏ប្រាប់អ្នករាល់គ្នាដែរថា កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចទៅបានទេ។
34 ខ្ញុំឲ្យបញ្ញត្តិថ្មីមួយដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ចូរស្រឡាញ់គ្នាដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
35 មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះ គឺបើអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។
36 លោកស៊ីម៉ូនពេត្រុសទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គនឹងយាងទៅណា?» ព្រះយេស៊ូឆ្លើយទៅគាត់ថា៖ «កន្លែងដែលខ្ញុំទៅនោះ អ្នកពុំអាចទៅតាមខ្ញុំបានទេនៅពេលឥឡូវនេះ ប៉ុន្ដែនៅពេលក្រោយ ទើបអ្នកទៅបាន»។
37 លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើហេតុអ្វីបានជាខ្ញុំមិនអាចទៅតាមព្រះអង្គបាននៅពេលឥឡូវនេះ? ខ្ញុំនឹងលះបង់ជីវិតរបស់ខ្ញុំដើម្បីព្រះអង្គ»
38 ព្រះយេស៊ូមានបន្ទូលតបថា៖ «តើអ្នកនឹងលះបង់ជីវិតដើម្បីខ្ញុំឬ? ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា មុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង។
Currently Selected:
John 13: KCB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.