James 2
2
1 បងប្អូនរបស់ខ្ញុំអើយ! ត្រូវមានជំនឿលើព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងដែលប្រកបដោយសិរីរុងរឿង ដោយមិនមានសេចក្ដីលំអៀងឡើយ
2 ដ្បិតបើមានមនុស្សម្នាក់ចូលក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ចៀនមាស និងសម្លៀកបំពាក់ភ្លឺផ្លេក ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កខ្វក់ចូលមកដែរ
3 រួចអ្នករាល់គ្នាក៏មើលទៅអ្នកដែលស្លៀកពាក់ភ្លឺផ្លេកនោះ ទាំងនិយាយថា សូមអញ្ជើញអង្គុយនៅកន្លែងកិត្ដិយសនេះចុះ ហើយនិយាយទៅកាន់អ្នកក្រថា ចូរឈរនៅទីនោះ ឬនិយាយថា ចូរអង្គុយនៅក្បែរកំណល់ជើងរបស់ខ្ញុំនេះចុះ
4 តើនោះមិនបានសេចក្ដីថា អ្នករាល់គ្នារាប់អានមនុស្សដោយរើសមុខក្នុងចំណោមអ្នករាល់គ្នា ហើយត្រលប់ជាអ្នកវិនិច្ឆ័យគេដោយគំនិតអាក្រក់របស់ខ្លួនទេឬ?
5 ចូរស្ដាប់ចុះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! តើព្រះជាម្ចាស់មិនបានជ្រើសរើសអ្នកក្រនៅក្នុងពិភពលោកនេះ ឲ្យធ្វើជាអ្នកមានខាងឯជំនឿ និងជាអ្នកទទួលបាននគរដែលព្រះអង្គបានសន្យាសម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គទុកជាមរតកទេឬ?
6 ប៉ុន្ដែអ្នករាល់គ្នាបែរជាធ្វើឲ្យអ្នកក្រអាម៉ាស់ទៅវិញ តើមិនមែនពួកអ្នកមានទេឬដែលសង្កត់សង្កិន ហើយអូសអ្នករាល់គ្នាទៅតុលាការ?
7 តើមិនមែនពួកអ្នកមានទេឬដែលប្រមាថនាមដ៏ល្អ ដែលគេហៅអ្នករាល់គ្នាតាមនាមនោះ?
8 បើអ្នករាល់គ្នាធ្វើតាមក្រឹត្យវិន័យដ៏ប្រសើរ ស្របតាមបទគម្ពីរដែលបានចែងថា ចូរស្រឡាញ់អ្នកជិតខាងរបស់ខ្លួនឲ្យដូចខ្លួនឯង នោះអ្នករាល់គ្នាប្រព្រឹត្ដបានល្អហើយ
9 ប៉ុន្ដែបើអ្នករាល់គ្នាមានសេចក្ដីលំអៀង នោះអ្នករាល់គ្នាប្រព្រឹត្ដបាប ហើយក្រឹត្យវិន័យក៏បង្ហាញថាអ្នករាល់គ្នាជាអ្នកល្មើសក្រឹត្យវិន័យដែរ។
10 ដ្បិតអ្នកណាដែលកាន់តាមក្រឹត្យវិន័យទាំងអស់ ប៉ុន្ដែបានធ្វើខុសត្រង់ចំណុចណាមួយ នោះត្រលប់ជាមានទោសនៅចំពោះក្រឹត្យវិន័យទាំងអស់ហើយ
11 ដ្បិតព្រះជាម្ចាស់ដែលមានបន្ទូលថា កុំប្រព្រឹត្ដអំពើផិតក្បត់ ព្រះអង្គក៏បានមានបន្ទូលដែរថា កុំសម្លាប់មនុស្ស។ ដូច្នេះ ទោះបីអ្នកមិនបានប្រព្រឹត្ដអំពើផិតក្បត់ក៏ដោយ ប៉ុន្ដែបានសម្លាប់មនុស្ស នោះអ្នកបានត្រលប់ជាអ្នកល្មើសនឹងក្រឹត្យវិន័យហើយ។
12 ដូច្នេះ ចូរអ្នករាល់គ្នានិយាយ ព្រមទាំងប្រព្រឹត្ដឲ្យស័ក្តិសមជាពួកអ្នកដែលក្រឹត្យវិន័យនៃសេរីភាពរៀបនឹងជំនុំជម្រះចុះ
13 ដ្បិតការជំនុំជម្រះគ្មានសេចក្ដីមេត្ដាករុណាទេ ចំពោះអស់អ្នកដែលគ្មានសេចក្ដីមេត្ដាករុណា ប៉ុន្ដែសេចក្ដីមេត្ដាករុណានឹងឈ្នះការជំនុំជម្រះ។
14 ឱ បងប្អូនរបស់ខ្ញុំអើយ! បើមានអ្នកណានិយាយថាខ្លួនមានជំនឿ ប៉ុន្ដែគ្មានការប្រព្រឹត្តិ តើមានប្រយោជន៍អ្វី? តើជំនឿបែបនេះអាចសង្គ្រោះអ្នកនោះបានដែរឬទេ?
15 បើមានបងប្អូនប្រុស ឬស្រីណាម្នាក់រស់នៅដោយខ្វះសម្លៀកបំពាក់ និងខ្វះអាហារបរិភោគប្រចាំថ្ងៃ
16 ហើយមានម្នាក់ក្នុងចំណោមអ្នករាល់គ្នានិយាយទៅបងប្អូននោះថា សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខ សូមឲ្យបានកក់ក្ដៅ និងឆ្អែតចុះ ប៉ុន្ដែមិនបានឲ្យអ្វីៗដែលបងប្អូននោះត្រូវការសម្រាប់រូបកាយទេ តើនោះមានប្រយោជន៍អ្វី?
17 រីឯជំនឿក៏ដូច្នោះដែរ បើគ្មានការប្រព្រឹត្ដិទេ នោះស្លាប់ហើយ
18 ប៉ុន្ដែអ្នកខ្លះនឹងនិយាយថា អ្នកមានជំនឿ រីឯខ្ញុំមានការប្រព្រឹត្ដិ។ ដូច្នេះ ចូរបង្ហាញខ្ញុំអំពីជំនឿរបស់អ្នកដែលគ្មានការប្រព្រឹត្ដិ ហើយខ្ញុំនឹងបង្ហាញអ្នកអំពីជំនឿរបស់ខ្ញុំតាមរយៈការប្រព្រឹត្ដិវិញ។
19 អ្នកជឿថាមានព្រះជាម្ចាស់តែមួយ នោះត្រឹមត្រូវហើយ សូម្បីតែអារក្សក៏ជឿដូច្នេះដែរ ហើយវាភ័យខ្លាចទៀតផង។
20 ឱ មនុស្សឥតប្រាជ្ញាអើយ! តើអ្នកចង់ដឹងដែរឬទេថា ជំនឿដែលគ្មានការប្រព្រឹត្ដិ គឺគ្មានប្រយោជន៍អ្វីឡើយ។
21 តើលោកអ័ប្រាហាំដែលជាដូនតារបស់យើង មិនត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្ដិ នៅពេលគាត់ថ្វាយអ៊ីសាក ជាកូនប្រុសរបស់គាត់នៅលើកន្លែងថ្វាយតង្វាយទេឬ?
22 អ្នកឃើញថា ជំនឿគួបផ្សំជាមួយការប្រព្រឹត្ដិរបស់គាត់ ហើយដោយសារការប្រព្រឹត្ដិរបស់គាត់បានធ្វើឲ្យជំនឿគ្រប់លក្ខណ៍
23 និងបានសម្រេចតាមបទគម្ពីរដែលចែងថា លោកអ័ប្រាហាំបានជឿព្រះជាម្ចាស់ ហើយគាត់ត្រូវបានរាប់ជាសុចរិតដោយសារជំនឿនោះឯង ព្រមទាំងត្រូវបានហៅថាជាសម្លាញ់របស់ព្រះជាម្ចាស់។
24 ដូច្នេះ អ្នករាល់គ្នាឃើញហើយថា មនុស្សត្រូវបានរាប់ជាសុចរិត មិនមែនដោយសារជំនឿប៉ុណ្ណោះទេ គឺដោយសារការប្រព្រឹត្ដិដែរ។
25 រីឯនាងរ៉ាហាប ជាស្ដ្រីពេស្យា ក៏ដូច្នោះដែរ តើនាងមិនត្រូវបានរាប់ជាសុចរិត ដោយសារការដែលនាងបានប្រព្រឹត្តទេឬ គឺក្នុងកាលដែលនាងបានទទួលពួកអ្នកនាំសារ ហើយបានឲ្យពួកគេចេញតាមផ្លូវមួយទៀត។
26 ដូច្នេះ រូបកាយគ្មានវិញ្ញាណស្លាប់ជាយ៉ាងណា នោះជំនឿដែលគ្មានការប្រព្រឹត្ដិក៏ស្លាប់ជាយ៉ាងនោះដែរ។
Currently Selected:
James 2: KCB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.