2 Peter 2
2
1 ដូចដែលធ្លាប់មានអ្នកនាំព្រះបន្ទូលក្លែងក្លាយនៅក្នុងចំណោមប្រជាជនជាយ៉ាងណា នោះក៏នឹងមានគ្រូក្លែងក្លាយនៅក្នុងចំណោមអ្នករាល់គ្នាជាយ៉ាងនោះដែរ ពួកគេនឹងនាំសេចក្ដីបង្រៀនដែលនាំឲ្យហិនវិនាសចូលមកដោយសំងាត់ ពួកគេបដិសេធសូម្បីតែព្រះអម្ចាស់ដែលបានលោះពួកគេ ហើយក៏នាំសេចក្ដីវិនាសទាន់ហន់មកលើខ្លួនឯងទៀតផង។
2 មនុស្សជាច្រើននឹងដើរតាមអំពើល្មោភកាមរបស់ពួកគេ ហើយផ្លូវនៃសេចក្ដីពិតនឹងត្រូវប្រមាថដោយព្រោះតែពួកគេ
3 ដោយសារសេចក្ដីលោភលន់របស់ពួកគេ នោះពួកគេនឹងកេងចំណេញពីអ្នករាល់គ្នាដោយប្រើពាក្យបោកបញ្ឆោត រីឯសេចក្ដីជំនុំជម្រះសម្រាប់ពួកគេ ដែលមានយូរមកហើយនោះមិននៅស្ងៀមឡើយ ហើយសេចក្ដីវិនាសសម្រាប់ពួកគេក៏មិនដេកលក់ដែរ។
4 ដ្បិតបើព្រះជាម្ចាស់មិនបានអត់ឱនឲ្យពួកទេវតាដែលបានធ្វើបាបទេ ប៉ុន្ដែបានទម្លាក់ពួកគេទៅក្នុងស្ថាននរក ហើយបានប្រគល់ឲ្យឃុំទុកនៅក្នុងសេចក្ដីងងឹត ដើម្បីជំនុំជម្រះ
5 ហើយបើព្រះអង្គមិនបានអត់ឱនឲ្យពិភពលោកជំនាន់មុន នៅពេលដែលព្រះអង្គធ្វើឲ្យមានទឹកជំនន់លិចពិភពលោករបស់មនុស្សដែលមិនគោរពកោតខ្លាចព្រះជាម្ចាស់ ប៉ុន្ដែព្រះអង្គសង្គ្រោះលោកណូអេដែលជាអ្នកប្រកាសសេចក្ដីសុចរិត និងមនុស្សប្រាំពីរនាក់ទៀត
6 បើព្រះអង្គបានកាត់ទោសក្រុងសូដុម និងក្រុងកូម៉ូរ៉ា ឲ្យវិនាសអន្ដរាយដោយដុតឲ្យទៅជាផេះ ដើម្បីទុកជាគំរូដល់មនុស្សដែលនឹងរស់នៅដោយមិនគោរពកោតខ្លាចព្រះជាម្ចាស់
7 ហើយបើព្រះអង្គបានសង្គ្រោះលោកឡុតជាមនុស្សសុចរិតដែលព្រួយចិត្ត ដោយព្រោះអំពើល្មោភកាមរបស់មនុស្សថោកទាប
8 (ព្រោះមនុស្សសុចរិតនោះបានរស់នៅក្នុងចំណោមពួកគេ ក៏ធ្វើឲ្យព្រលឹងដ៏សុច្ចរិតរបស់គាត់ឈឺចាប់ជារៀងរាល់ថ្ងៃ ដោយព្រោះបានឮ និងបានឃើញអំពើអាក្រក់របស់ពួកគេ)
9 ដូច្នេះ ព្រះអម្ចាស់ក៏ដឹងអំពីរបៀបរំដោះមនុស្សដែលគោរពកោតខ្លាចព្រះជាម្ចាស់ឲ្យរួចពីសេចក្ដីល្បួង ហើយឃុំមនុស្សទុច្ចរិត ដើម្បីដាក់ទោសនៅថ្ងៃជំនុំជម្រះដែរ
10 ជាពិសេស ពួកអ្នកដែលដេញតាមសេចក្ដីប៉ងប្រាថ្នាដ៏ស្មោកគ្រោកខាងសាច់ឈាម ហើយមើលងាយអំណាចគ្រប់គ្រង។ ពួកគេព្រហើន ហើយធ្វើតាមទំនើងចិត្ដ មិនញញើតនឹងប្រមាថពួកអ្នកដែលប្រកបដោយសិរីរុងរឿងឡើយ
11 ទោះបីពួកទេវតាដែលមានកម្លាំង និងអំណាចធំជាងពួកគេក៏ដោយ ក៏មិនហ៊ានចោទប្រកាន់ប្រមាថពួកអ្នកទាំងនោះនៅចំពោះព្រះភក្ដ្រព្រះអម្ចាស់ដែរ។
12 ប៉ុន្ដែមនុស្សទាំងនេះដូចជាសត្វតិរច្ឆានគ្មានវិចារណញ្ញាណទេ កើតមកសម្រាប់ឲ្យគេចាប់ និងសម្លាប់តែប៉ុណ្ណោះ គេប្រមាថអ្វីៗដែលគេមិនស្គាល់។ សត្វតិរច្ឆានវិនាសជាយ៉ាងណា ពួកគេក៏នឹងត្រូវវិនាសជាយ៉ាងនោះដែរ
13 ហើយទទួលបានផលពីអំពើទុច្ចរិតរបស់ខ្លួន។ ពួកគេចាត់ទុកសេចក្ដីស្រើបស្រាលទាំងថ្ងៃ ជាការសប្បាយ។ ពួកគេជាស្នាមប្រឡាក់ ជាសេចក្ដីស្មោកគ្រោក ហើយពេលពួកគេស៊ីលៀងជាមួយអ្នករាល់គ្នា ពួកគេសប្បាយនៅក្នុងការបោកបញ្ឆោតរបស់ខ្លួន
14 ពួកគេមានភ្នែកពេញដោយអំពើផិតក្បត់ ហើយមិនឈប់ប្រព្រឹត្ដបាបឡើយ ក៏អូសទាញមនុស្សដែលមិនខ្ជាប់ខ្ជួនផង ពួកគេមានចិត្ដដែលត្រូវបានបង្វឹកឲ្យមានសេចក្ដីលោភ ជាកូនត្រូវបណ្ដាសារ។
15 ពួកគេបានបោះបង់ផ្លូវត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់បាឡាម ជាកូនរបស់បេអ៊រដែលស្រឡាញ់កម្រៃដែលបានមកពីអំពើទុច្ចរិត
16 ដូច្នេះ គាត់បានទទួលការស្ដីបន្ទោសចំពោះការបំពានរបស់ខ្លួន គឺសត្វលាដែលមិនចេះនិយាយបាននិយាយភាសាមនុស្សរារាំងភាពចម្កួតរបស់អ្នកនាំព្រះបន្ទូលនោះ។
17 មនុស្សទាំងនេះជាប្រភពទឹករីងស្ងួត ជាពពកដែលព្យុះបានបក់ផាត់ ហើយសេចក្ដីងងឹតសូន្យសុងត្រូវបានបម្រុងទុកសម្រាប់ពួកគេហើយ។
18 ដ្បិតពួកគេនិយាយពាក្យអួតអាងឥតប្រយោជន៍ ហើយទាក់ទាញអស់អ្នកដែលទើបតែរួចចេញពីពួកអ្នករស់នៅក្នុងសេចក្ដីវង្វេងដោយសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម និងការល្មោភកាម
19 ទាំងសន្យាឲ្យអ្នកទាំងនោះមានសេរីភាព ប៉ុន្ដែខ្លួនពួកគេផ្ទាល់ជាទាសករនៃសេចក្ដីពុករលួយ ដ្បិតអ្នកណាដែលត្រូវគេបង្ក្រាបបាន អ្នកនោះនឹងត្រលប់ជាទាសកររបស់អ្នកដែលបង្ក្រាបខ្លួននោះហើយ។
20 ដ្បិតបើពួកគេបានរួចពីសេចក្ដីស្មោកគ្រោករបស់លោកិយដោយការស្គាល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង ប៉ុន្ដែបែរជាទៅជាប់ជំពាក់នឹងសេចក្ដីទាំងនោះម្ដងទៀត ហើយឲ្យសេចក្ដីទាំងនោះបង្ក្រាបពួកគេបាន នោះស្ថានភាពចុងក្រោយសម្រាប់ពួកគេ នឹងត្រលប់ជាអាក្រក់ជាងមុនទៅទៀត។
21 ដ្បិតសម្រាប់ពួកគេ បើមិនបានស្គាល់ផ្លូវនៃសេចក្ដីសុចរិត នោះប្រសើរជាងស្គាល់ ហើយបែរចេញពីបញ្ញត្ដិបរិសុទ្ធ ដែលបានប្រគល់ឲ្យពួកគេ។
22 ការដែលកើតឡើងចំពោះពួកគេ គឺដូចសុភាសិតពិតមួយពោលថា ឆ្កែបានត្រលប់ទៅរកកម្អួតរបស់វា ឯមេជ្រូកដែលលាងស្អាតហើយ បានទៅននៀលក្នុងភក់វិញ។
Currently Selected:
2 Peter 2: KCB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.