1 Timothy 6
6
1 ចូរឲ្យអស់អ្នកដែលនៅក្រោមនឹមជាបាវបម្រើចាត់ទុកចៅហ្វាយខ្លួនថាជាអ្នកដែលស័ក្ដិសមទទួលកិត្ដិយសគ្រប់បែបយ៉ាង ដើម្បីកុំឲ្យគេប្រមាថព្រះនាម និងសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ឡើយ។
2 អ្នកណាដែលមានចៅហ្វាយជាអ្នកជឿ អ្នកនោះមិនត្រូវបង្ហាញការមិនគោរពចៅហ្វាយនោះដោយព្រោះតែជាបងប្អូននឹងគ្នាឡើយ ផ្ទុយទៅវិញ ត្រូវបម្រើចៅហ្វាយនោះឲ្យកាន់តែប្រសើរ ដោយព្រោះអ្នកដែលទទួលផលប្រយោជន៍ពីការបម្រើដ៏ល្អនោះជាអ្នកជឿ ហើយជាអ្នកជាទីស្រឡាញ់ទៀតផង។ ចូរបង្រៀន និងដាស់តឿនគេអំពីសេចក្ដីទាំងនេះចុះ។
3 បើអ្នកណាបង្រៀនសេចក្ដីណាផ្សេងទៀត ហើយមិនយល់ស្របនឹងព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង និងសេចក្ដីបង្រៀនអំពីការគោរពកោតខ្លាចព្រះជាម្ចាស់
4 អ្នកនោះកើតមានចិត្ដធំហើយ គេមិនយល់អ្វីទាំងអស់ គឺវក់តែនឹងការសួរដេញដោលគ្នា ហើយប្រកែកគ្នាអំពីពាក្យដែលនាំឲ្យមានការឈ្នានីស ការបាក់បែក ការជេរប្រមាថ ការសង្ស័យដ៏អាក្រក់
5 និងការឈ្លោះប្រកែកមិនចេះចប់មិនចេះហើយរបស់មនុស្សដែលមានគំនិតស្អុយរលួយ ហើយគ្មានសេចក្ដីពិតក្នុងខ្លួន ព្រោះពួកគេស្មានថា ការគោរពកោតខ្លាចព្រះជាម្ចាស់ជាមធ្យោបាយនាំឲ្យបានកម្រៃ
6 ប៉ុន្ដែការគោរពកោតខ្លាចព្រះជាម្ចាស់ដោយចិត្ដស្កប់ស្កល់ នោះជាកម្រៃមួយធំបំផុត។
7 ដ្បិតយើងមិនបានយកអ្វីចូលមកក្នុងពិភពលោកនេះទេ ហើយក៏មិនអាចយកអ្វីចេញពីពិភពលោកនេះបានដែរ
8 ដូច្នេះបើយើងមានអាហារ និងសម្លៀកបំពាក់ នោះយើងស្កប់ចិត្តហើយ។
9 រីឯពួកអ្នកដែលចង់ធ្វើជាអ្នកមាន គេធ្លាក់ចូលក្នុងសេចក្ដីល្បួង និងអន្ទាក់ ព្រមទាំងសេចក្ដីប៉ងប្រាថ្នាដ៏ល្ងង់ខ្លៅជាច្រើនដែលធ្វើឲ្យឈឺចាប់ សេចក្ដីទាំងនេះពន្លិចមនុស្សទៅក្នុងសេចក្ដីវិនាស និងសេចក្ដីអន្តរាយ។
10 ដ្បិតការស្រឡាញ់លុយជាឫសនៃអំពើអាក្រក់គ្រប់បែបយ៉ាង ហើយអ្នកខ្លះដោយលោភចង់បានលុយ ក៏ត្រូវវង្វេងចេញពីជំនឿ ហើយបានចាក់ទម្លុះខ្លួនដោយសេចក្ដីទុក្ខព្រួយជាច្រើនផង។
11 រីឯអ្នកវិញ ឱអ្នកសំណប់របស់ព្រះជាម្ចាស់អើយ! ចូរគេចចេញពីសេចក្ដីទាំងនេះ ហើយដេញតាមសេចក្ដីសុចរិត ការគោរពកោតខ្លាចព្រះជាម្ចាស់ ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីអត់ធ្មត់ និងសេចក្ដីស្លូតបូតចុះ។
12 ចូរតយុទ្ធខាងជំនឿឲ្យបានល្អ ចូរឈោងចាប់ជីវិតអស់កល្បជានិច្ចដែលព្រះជាម្ចាស់បានត្រាស់ហៅអ្នកឲ្យមកទទួលចុះ ហើយអ្នកក៏បានប្រកាសយ៉ាងល្អនៅចំពោះមុខសាក្សីជាច្រើនដែរ។
13 នៅចំពោះព្រះជាម្ចាស់ដែលបានប្រទានជីវិតដល់អ្វីៗទាំងអស់ និងនៅចំពោះព្រះគ្រិស្ដយេស៊ូដែលបានធ្វើបន្ទាល់ដោយសេចក្ដីប្រកាសដ៏ល្អនៅចំពោះមុខលោកប៉ុនទាសពីឡាត់ ខ្ញុំបង្គាប់អ្នកថា
14 ចូរកាន់តាមបញ្ញត្ដិឲ្យបានល្អឥតខ្ចោះ ឥតបន្ទោសបានរហូតដល់ពេលព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងយាងមក
15 ដែលព្រះជាម្ចាស់នឹងបង្ហាញឲ្យឃើញនៅពេលកំណត់។ ព្រះជាម្ចាស់ជាព្រះដ៏មានពរ ហើយជាព្រះតែមួយគត់មានសិទ្ធិអំណាចធំ ជាស្ដេចលើអស់ទាំងស្ដេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់
16 ជាព្រះតែមួយគត់ដែលមិនសោយទិវង្គត ព្រះអង្គគង់នៅក្នុងពន្លឺ ដែលមិនអាចចូលទៅជិតបានឡើយ ហើយជាព្រះដែលគ្មានមនុស្សណាម្នាក់បានឃើញ ឬអាចមើលឃើញបានដែរ សូមឲ្យព្រះអង្គបានប្រកបដោយព្រះកិត្ដិយស និងព្រះចេស្ដាអស់កល្បជានិច្ច អាម៉ែន។
17 ចូរបង្គាប់ពួកអ្នកមាននៅក្នុងពិភពលោកនេះ កុំឲ្យមានឫកខ្ពស់ ឬទុកចិត្ដទ្រព្យសម្បត្ដិដែលមិនទៀងទាត់ឡើយ ផ្ទុយទៅវិញ ត្រូវទុកចិត្ដព្រះជាម្ចាស់ដែលប្រទានអ្វីៗទាំងអស់យ៉ាងបរិបូរដល់យើងដើម្បីឲ្យយើងមានអំណរ
18 ចូរឲ្យពួកគេប្រព្រឹត្ដល្អ ធ្វើជាអ្នកមានខាងការល្អ មានចិត្ដសប្បុរស ហើយមានចិត្ដចែករំលែកផង
19 ឲ្យពួកគេសន្សំទ្រព្យដែលជាគ្រឹះដ៏ល្អទុកសម្រាប់ខ្លួននាពេលអនាគត ដើម្បីឈោងចាប់ជីវិតដ៏ពិតប្រាកដ។
20 ឱ ធីម៉ូថេអើយ! ចូររក្សាសេចក្ដីដែលបានផ្ញើទុកនឹងអ្នកចុះ ចូរចៀសចេញពីពាក្យសំដីខាងលោកិយដែលគ្មានខ្លឹមសារ ព្រមទាំងពាក្យសំដីជំទាស់ដែលគេច្រឡំថាជាចំណេះដឹង
21 ទាំងមានអ្នកខ្លះប្រកាសអំពីចំណេះបែបនេះ ហើយវង្វេងចេញពីជំនឿ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។
Currently Selected:
1 Timothy 6: KCB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.