YouVersion Logo
Search Icon

1 John 3

3
1 មើល៍​ ព្រះវរបិតា​ប្រទាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ដល់​យើង​ ដែល​យើង​ត្រូវ​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះអង្គ​ ហើយ​យើង​ជា​កូន​របស់​ព្រះអង្គ​មែន​ ដូច្នេះ​ហើយ​បាន​ជា​លោកិយ​មិន​ស្គាល់​យើង​ ព្រោះ​គេ​មិន​ស្គាល់​ព្រះអង្គ។​
2 បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ឥឡូវ​នេះ​យើង​ជា​កូន​របស់​ព្រះជាម្ចាស់​ ហើយ​យើង​នឹង​ត្រលប់​ជា​យ៉ាង​ណា​នោះ​ មិន​ទាន់​បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។​ យើង​ដឹង​ថា​ នៅ​ពេល​ព្រះអង្គ​លេច​មក​ យើង​នឹង​បាន​ដូច​ជា​ព្រះអង្គ​ ដ្បិត​ព្រះអង្គ​មាន​លក្ខណៈ​យ៉ាង​ណា​ យើង​នឹង​ឃើញ​ព្រះអង្គ​យ៉ាង​នោះ​ហើយ។​
3 អស់​អ្នក​ដែល​មាន​សង្ឃឹម​លើ​ព្រះអង្គ​ដូច្នេះ​ នោះ​បាន​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ ដូច​ជា​ព្រះអង្គ​បរិសុទ្ធ​ដែរ។​
4 រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ដ​បាប​ នោះ​ក៏​ប្រព្រឹត្ដ​ល្មើស​ក្រឹត្យ​វិន័យ​ដែរ​ ដ្បិត​បាប​ជា​ការ​ល្មើស​ក្រឹត្យ​វិន័យ។​
5 អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​ ព្រះអង្គ​បាន​លេច​មក​ ដើម្បី​ដក​យក​បាប​ចេញ​ ហើយ​នៅ​ក្នុង​ព្រះអង្គ​គ្មាន​បាប​ឡើយ។​
6 អស់​អ្នក​ដែល​នៅ​ជាប់​ក្នុង​ព្រះអង្គ​ នោះ​មិន​ប្រព្រឹត្ដ​បាប​ទេ​ ប៉ុន្ដែ​អស់​អ្នក​ដែល​ប្រព្រឹត្ដ​បាប​ នោះ​មិន​បាន​ឃើញ​ព្រះអង្គ​ឡើយ​ ហើយ​ក៏​មិន​ស្គាល់​ព្រះអង្គ​ដែរ។​
7 កូន​តូចៗ​អើយ!​ ចូរ​កុំ​ឲ្យ​អ្នក​ណា​បោកបញ្ឆោត​អ្នក​រាល់គ្នា​ឡើយ​ អ្នក​ដែល​ប្រព្រឹត្ដ​តាម​សេចក្ដី​សុចរិត​ នោះ​ជា​មនុស្ស​សុចរិត​ដូច​ជា​ព្រះអង្គ​សុចរិត​ដែរ​
8 ប៉ុន្ដែ​អស់​អ្នក​ដែល​ប្រព្រឹត្ដ​បាប​ នោះ​មកពី​អារក្ស​សាតាំង​ទេ​ ព្រោះ​អារក្ស​សាតាំង​បាន​ប្រព្រឹត្ដ​បាប​តាំង​ពី​ដើម​ដំបូង​មក​ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​បាន​លេច​មក​ ដើម្បី​បំផ្លាញ​កិច្ចការ​របស់​អារក្ស​សាតាំង។​
9 អស់​អ្នក​ដែល​កើត​ពី​ព្រះជាម្ចាស់​ នោះ​មិន​ប្រព្រឹត្ដ​បាប​ឡើយ​ ព្រោះ​ពូជ​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ ដូច្នេះ​ហើយ​បាន​ជា​មិន​អាច​ប្រព្រឹត្ដ​បាប​បាន​ឡើយ​ ដ្បិត​គេ​កើត​ពី​ព្រះជាម្ចាស់​
10 កូន​របស់​ព្រះជាម្ចាស់​ និង​កូន​របស់​អារក្ស​ ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់តាម​របៀប​នេះ​ គឺ​អស់​អ្នក​ដែល​មិន​ប្រព្រឹត្ដ​តាម​សេចក្ដី​សុចរិត​ នោះ​មិន​មែន​មក​ពី​ព្រះជាម្ចាស់​ទេ​ ហើយ​អស់​អ្នកដែល​មិន​ស្រឡាញ់​បងប្អូន​របស់​ខ្លួន​ ក៏​មិន​មែន​មក​ពី​ព្រះជាម្ចាស់​ដែរ‍។​
11 នេះ​ជា​សេចក្ដី​ដែល​អ្នក​រាល់គ្នា​បាន​ឮ​តាំង​ពី​ដើម​ដំបូង​មក​ គឺ​យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​
12 មិន​មែន​ដូច​ជា​កាអ៊ីន​ដែល​មក​ពី​អារក្ស​សាតាំង​ ហើយ​បាន​សម្លាប់​ប្អូន​គាត់​នោះ​ទេ។​ តើ​ហេតុអ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​គាត់​ដូច្នេះ?​ ព្រោះ​ការ​ប្រព្រឹត្ដិ​របស់​គាត់​អាក្រក់​ ហើយ​ការ​ប្រព្រឹត្ដិ​របស់​ប្អូន​គាត់​សុចរិត។​
13 បងប្អូន​អើយ!​ បើ​លោកិយ​ស្អប់​អ្នក​រាល់គ្នា​ ចូរ​កុំ​ឆ្ងល់​ឡើយ។​
14 យើង​ដឹង​ថា​ ដោយសារ​យើង​ស្រឡាញ់​បងប្អូន​ យើង​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​ឯ​ជីវិត​ ហើយ​អ្នក​ដែល​មិន​ស្រឡាញ់បងប្អូន​ អ្នក​នោះ​ស្ថិត​ក្នុង​សេចក្ដី​ស្លាប់​នៅ​ឡើយ។​
15 អ្នក​ណា​ដែល​ស្អប់​បងប្អូន​របស់​ខ្លួន​ អ្នក​នោះ​ជា​ឃាតក​ ហើយ​អ្នក​រាល់គ្នា​ដឹង​ថា​ ឃាតក​គ្មាន​ជីវិត​អស់កល្ប​ជានិច្ច​ក្នុង​ខ្លួន​ទេ។​
16 យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​តាម​របៀប​នេះ​ គឺ​ដោយ​ព្រោះ​ព្រះអង្គ​បាន​លះបង់​ជីវិត​របស់​ព្រះអង្គ​ជំនួស​យើង​ យើង​ក៏​ត្រូវ​លះបង់​ជីវិត​របស់​យើង​ជំនួស​បងប្អូន​ដែរ។​
17 បើ​អ្នកណា​មាន​ទ្រព្យ​សម្បត្តិ​ខាង​លោកិយ​ ហើយ​ឃើញ​បងប្អូន​ខ្វះ​ខាត​ ប៉ុន្ដែ​គ្មាន​ចិត្ដ​អាណិត​គាត់​សោះ​ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ស្ថិត​ក្នុង​អ្នកនោះ​បាន?​
18 កូន​តូចៗ​អើយ!​ យើង​មិន​ត្រូវ​ស្រឡាញ់​ដោយ​ពាក្យ​សំដី​ ឬ​បបូរ​មាត់​ប៉ុណ្ណោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ស្រឡាញ់​ដោយ​ការ​ប្រព្រឹត្ដិ​ និង​សេចក្ដី​ពិត។​
19 ហើយ​ដោយ​របៀប​នេះ​ យើង​ដឹង​ថា​ យើង​មក​ពី​សេចក្ដី​ពិត​ និង​បាន​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​ស្ងប់​នៅ​ចំពោះ​ព្រះភក្ដ្រ​របស់​ព្រះអង្គ​
20 ព្រោះ​ព្រះជាម្ចាស់​ធំ​ជាង​ចិត្ដ​របស់​យើង​ ហើយ​ព្រះអង្គ​ជ្រាប​គ្រប់​ការ​ទាំង​អស់​ ទោះបី​ចិត្ដ​របស់​យើង​ចោទ​ប្រកាន់​យើង​ក៏​ដោយ។​
21 បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ បើ​ចិត្ដ​របស់​យើង​មិន​ចោទ​ប្រកាន់​យើង​ទេ​ នោះ​យើង​មាន​សេចក្ដី​ក្លាហាន​នៅ​ចំពោះ​ព្រះភក្ដ្រ​របស់​ព្រះជាម្ចាស់​
22 ហើយ​យើង​ទូល​សុំ​អ្វី​ក៏​ដោយ​ នោះ​យើង​នឹង​ទទួល​បាន​ពី​ព្រះអង្គ​ ព្រោះ​យើង​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះអង្គ​ ហើយ​ប្រព្រឹត្ដ​អ្វី​ដែល​សព្វ​ព្រះ​ហឫទ័យ​ព្រះអង្គ​
23 នេះ​ជា​បញ្ញត្ដិ​របស់​ព្រះអង្គ​ គឺ​ឲ្យ​យើង​ជឿ​លើ​ព្រះនាម​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដែល​ជា​ព្រះយេស៊ូ​គ្រិស្ដ​ ហើយ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​តាម​បញ្ញត្ដិ​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​យើង។​
24 អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះអង្គ​ អ្នក​នោះ​នៅ​ជាប់​ក្នុង​ព្រះអង្គ​ ព្រះអង្គ​ក៏​នៅ​ជាប់​ក្នុង​អ្នក​នោះ​ ហើយ​ដោយ​របៀប​នេះ​យើង​ដឹង​ថា​ ព្រះអង្គ​គង់​នៅ​ក្នុង​យើង​ដោយសារ​ព្រះវិញ្ញាណ​ដែល​ព្រះអង្គ​ប្រទាន​ដល់​យើង។​

Currently Selected:

1 John 3: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy