សាការី 9
9
ជំនុំជម្រះសត្រូវរបស់ស៊ីយ៉ូន
1នេះជាទំនាយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា
ទាស់នឹងដែនដីហាត្រាក ហើយដាម៉ាស់ជាទីសម្រាកនៃព្រះបន្ទូលនោះ
——ដ្បិតភ្នែករបស់មនុស្សលោក និងអស់ទាំងកុលសម្ព័ន្ធនៃអ៊ីស្រាអែល ឆ្ពោះទៅព្រះយេហូវ៉ា——
2ក៏ទាស់នឹងហាម៉ាថ ដែលជាប់ព្រំដែននឹងដាម៉ាស់
ព្រមទាំងទាស់នឹងទីរ៉ុស និងស៊ីដូនផង
ទោះបីជាពួកគេមានប្រាជ្ញាច្រើនក៏ដោយ។
3ទីរ៉ុសបានសង់ប៉មដ៏មាំមួនសម្រាប់ខ្លួន
ហើយបង្គរប្រាក់ទុកដូចជាធូលី
ក៏បង្គរមាសទុកដូចជាភក់តាមផ្លូវ។
4មើល៍! ព្រះអម្ចាស់នឹងដកកម្មសិទ្ធិរបស់ទីរ៉ុសចេញ
ក៏វាយកម្ទេចទ្រព្យសម្បត្តិរបស់នាងនៅក្នុងសមុទ្រ
ហើយនាងនឹងត្រូវបានស៊ីបំផ្លាញដោយភ្លើង។
5អាសកាឡូននឹងឃើញក៏ខ្លាច
កាសានឹងឈឺចុកចាប់យ៉ាងខ្លាំង
ហើយអេក្រុនក៏ដូច្នោះដែរ
ដ្បិតទីសង្ឃឹមរបស់អេក្រុនបានរីងស្ងួតហើយ។
ស្ដេចក៏បាត់ពីកាសា
ហើយអាសកាឡូននឹងគ្មានគេរស់នៅឡើយ។
6ពូជសាសន៍ចម្រុះគ្នានឹងរស់នៅក្នុងអាសដូឌ
ហើយយើងនឹងកាត់អំនួតរបស់ជនជាតិភីលីស្ទីនចេញ។
7យើងនឹងយកឈាមចេញពីមាត់ពួកគេ
ក៏យករបស់គួរឲ្យស្អប់ខ្ពើមរបស់ពួកគេចេញពីចន្លោះធ្មេញពួកគេ
នោះពួកគេនឹងទៅជាអ្នកដែលនៅសល់សម្រាប់ព្រះរបស់ពួកយើងដែរ
ហើយនឹងបានដូចជាមេដឹកនាំក្នុងយូដា
រីឯអេក្រុននឹងបានដូចជាជនជាតិយេប៊ូសវិញ។
8យើងនឹងបោះទ័ពនៅដំណាក់របស់យើង ជាកងទាហានយាម
មិនឲ្យអ្នកណាឆ្លងមក ឬត្រឡប់ទៅវិញឡើយ។
គ្មានអ្នកសង្កត់សង្កិនឆ្លងមកឯពួកគេទៀតឡើយ
ដ្បិតឥឡូវនេះ យើងបានឃើញដោយភ្នែករបស់យើងហើយ។
ស្ដេចនៃស៊ីយ៉ូនយាងមក
9កូនស្រីស៊ីយ៉ូនអើយ ចូរត្រេកអរយ៉ាងខ្លាំងចុះ!
កូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោសប្បាយចុះ!
មើល៍! ស្ដេចរបស់អ្នកនឹងយាងមករកអ្នក
ព្រះអង្គទ្រង់សុចរិតយុត្តិធម៌ ទាំងនាំមកនូវសេចក្ដីសង្គ្រោះ
ព្រះអង្គបន្ទាបខ្លួនគង់លើលា——
គង់លើកូនលាមួយ គឺកូនរបស់មេលា។
10យើងនឹងកាត់រទេះចម្បាំងចេញពីអេប្រាអិម
ក៏នឹងកាត់សេះចម្បាំងចេញពីយេរូសាឡិម
រីឯធ្នូចម្បាំងនឹងត្រូវបានកាត់ចេញដែរ។
ព្រះអង្គនឹងប្រកាសសេចក្ដីសុខសាន្តដល់ប្រជាជាតិនានា
ហើយអំណាចរបស់ព្រះអង្គ គឺចាប់ពីសមុទ្រម្ខាងរហូតដល់សមុទ្រម្ខាងទៀត
និងចាប់ពីទន្លេធំ#9:10 ទន្លេធំ―សំដៅទៅលើ “ទន្លេអ៊ើប្រាត”។រហូតដល់ចុងបំផុតនៃផែនដី។
11រីឯអ្នកវិញ ស៊ីយ៉ូនអើយ#9:11 ស៊ីយ៉ូនអើយ―ជាពាក្យជំនួយ។
យើងនឹងដោះលែងពួកអ្នកទោសរបស់អ្នកពីរណ្ដៅគ្មានទឹក
ដោយព្រោះឈាមនៃសម្ពន្ធមេត្រីរបស់យើង#9:11 របស់យើង―ជាពាក្យជំនួយ។ជាមួយអ្នក។
12ពួកអ្នកទោសដែលមានសេចក្ដីសង្ឃឹមអើយ
ចូរត្រឡប់មកបន្ទាយវិញចុះ!
ថ្ងៃនេះយើងប្រកាសថា យើងនឹងសងអ្នកទ្វេដង។
13ដ្បិតយើងបានយឹតយូដាជាធ្នូសម្រាប់យើង
ហើយដាក់អេប្រាអិមជាព្រួញ។
ស៊ីយ៉ូនអើយ
យើងនឹងដាស់កូនចៅរបស់អ្នកឡើងឲ្យទាស់នឹងកូនចៅក្រិក!
យើងនឹងធ្វើឲ្យអ្នកបានដូចជាដាវរបស់មនុស្សខ្លាំងពូកែ។
14រួចព្រះយេហូវ៉ានឹងលេចមកនៅលើកូនចៅរបស់អ្នក
ព្រួញរបស់ព្រះអង្គនឹងចេញទៅដូចជាផ្លេកបន្ទោរ។
ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងផ្លុំស្នែងឡើង
ហើយយាងចេញទៅក្នុងខ្យល់ព្យុះទិសខាងត្បូង។
15ព្រះយេហូវ៉ានៃពលបរិវារនឹងការពារពួកគេ
ពួកគេនឹងស៊ីបំផ្លាញ ហើយបង្ក្រាបដុំថ្មពីខ្សែដង្ហក់។
ពួកគេនឹងផឹក ហើយគ្រហឹម ហាក់ដូចជាស្រវឹងស្រា
ក៏បានពេញដូចជាចាន និងដូចជាជ្រុងនៃអាសនា។
16នៅថ្ងៃនោះ ព្រះយេហូវ៉ាដ៏ជាព្រះរបស់ពួកគេនឹងសង្គ្រោះពួកគេ
ដូចជាសង្គ្រោះហ្វូងចៀមជាប្រជារាស្ត្ររបស់ព្រះអង្គ។
ពួកគេនឹងចែងចាំងដូចជាត្បូងនៃមកុដ
នៅក្នុងទឹកដីរបស់ព្រះអង្គ។
17ដ្បិតសេចក្ដីល្អរបស់ព្រះអង្គច្រើនយ៉ាងណាហ្ន៎
សោភ័ណភាពរបស់ព្រះអង្គល្អយ៉ាងណាហ្ន៎!
ស្រូវនឹងធ្វើឲ្យពួកមនុស្សកំលោះចម្រើនឡើង
ហើយស្រាទំពាំងបាយជូរថ្មីក៏ធ្វើឲ្យពួកស្រីក្រមុំចម្រើនឡើងដែរ៕
Currently Selected:
សាការី 9: GKHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative