YouVersion Logo
Search Icon

សាការី 7

7
ការតមអាហារ និងការសម្ដែងសេចក្ដីមេត្តា
1នៅ​ថ្ងៃ​ទី៤ ខែ​ទីប្រាំបួន​ដែលត្រូវជា​ខែគីសស្លេវ ក្នុង​ឆ្នាំ​ទីបួន​នៃ​រជ្ជកាលរបស់​ព្រះបាទ​ដារីយុស ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​បាន​មកដល់​សាការី​។ 2ពេលនោះ ពួកអ្នក​បេត-អែល​បាន​ចាត់​សារេស៊ើរ និង​រេគេម-មែលេក ព្រមទាំង​មនុស្ស​របស់អ្នកទាំងពីរ​ឲ្យមក ដើម្បី​ទូល​សុំក្ដីសន្ដោស​ពី​ព្រះយេហូវ៉ា 3គឺ​សួរ​ពួក​បូជាចារ្យ​ដែល​នៅក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ និង​ពួក​ព្យាការី​ថា​៖ “តើ​ខ្ញុំ​ត្រូវ​យំសោក ហើយ​ញែក​ខ្លួន​ចេញ​នៅ​ខែ​ទីប្រាំ ដូចដែល​បាន​ធ្វើ​ជាយូរ​ឆ្នាំ​មកហើយ​ឬ​?”។
4នោះ​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ក៏​មកដល់​ខ្ញុំ​ថា​៖ 5“ចូរ​ប្រាប់​ប្រជាជន​ទាំងអស់​នៃ​ទឹកដី​នេះ និង​ពួក​បូជាចារ្យ​ថា​: ‘កាល​អ្នករាល់គ្នា​បាន​តមអាហារ ហើយ​កាន់ទុក្ខ​នៅ​ខែ​ទីប្រាំ និង​ខែ​ទីប្រាំពីរ អស់រយៈពេល​ចិតសិប​ឆ្នាំ​នេះ តើ​អ្នករាល់គ្នា​ពិតជាតមអាហារ​សម្រាប់​យើង​ឬ​? 6កាល​អ្នករាល់គ្នា​ហូប ឬ​កាល​អ្នករាល់គ្នា​ផឹក តើ​អ្នករាល់គ្នា​មិនមែន​ហូប និង​ផឹក​សម្រាប់​ខ្លួនអ្នករាល់គ្នា​ទេ​ឬ​? 7តើ​នេះ​មិនមែន​ជា​ព្រះបន្ទូល​ដែល​ព្រះយេហូវ៉ា​បាន​ប្រកាស តាមរយៈ​ពួក​ព្យាការី​ពីមុន​ទេ​ឬ​? ពេលនោះ យេរូសាឡិម​មាន​គេ​រស់នៅ ហើយ​គេ​រស់នៅយ៉ាងសុខស្រួល ព្រមទាំង​មាន​ទីក្រុង​នៅ​ជុំវិញ ហើយ​មាន​គេ​រស់នៅ​ណេកិប និង​វាលទំនាប​ដែរ’”។
8ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​មកដល់​សាការី​ទៀត​ថា​៖ 9“ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ដូច្នេះ​ថា​: ‘ចូរឲ្យ​ម្នាក់ៗ​អនុវត្ត​ការកាត់ក្ដី​ដ៏ពិតត្រង់ ហើយ​សម្ដែង​សេចក្ដីសប្បុរស និង​សេចក្ដីមេត្តា​ដល់​បងប្អូន​របស់ខ្លួន​ចុះ​។ 10កុំ​សង្កត់សង្កិន​ស្ត្រីមេម៉ាយ កូនកំព្រា ជនអន្តោប្រវេសន៍ ឬ​ជន​ទ័លក្រ​ឡើយ ក៏​កុំ​គិតគូរ​ការអាក្រក់​នៅ​ក្នុងចិត្ត ទាស់នឹង​បងប្អូន​របស់ខ្លួន​ដែរ’។ 11យ៉ាងណាមិញ គេ​មិនព្រម​យកចិត្តទុកដាក់​ឡើយ ក៏​បែរ​ស្មា​រឹងរូស​ដាក់ ហើយ​ធ្វើឲ្យ​ត្រចៀក​របស់ខ្លួន​ធ្ងន់ មិនឲ្យ​ឮ​។ 12គេ​បាន​ធ្វើឲ្យ​ចិត្ត​របស់ខ្លួន​រឹងដូចពេជ្រ ដោយ​មិន​ស្ដាប់តាម​ក្រឹត្យវិន័យ និង​ព្រះបន្ទូល​ដែល​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​បញ្ជូនមក​ដោយ​ព្រះវិញ្ញាណ​របស់ព្រះអង្គ តាមរយៈ​ពួក​ព្យាការី​ពីមុន​ឡើយ​។ ហេតុនេះហើយបានជា​មាន​ព្រះពិរោធ​ដ៏ខ្លាំង ចេញពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។ 13ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​: ‘ដូចដែល​យើង​បាន​ស្រែកហៅ ប៉ុន្តែ​គេ​មិន​បាន​ស្ដាប់​យ៉ាងណា គេ​ក៏​ស្រែកហៅ ប៉ុន្តែ​យើង​នឹង​មិន​ស្ដាប់​យ៉ាងនោះដែរ​។ 14យើង​នឹង​កម្ចាត់កម្ចាយ​គេ​ដោយខ្យល់ព្យុះ​ទៅក្នុងចំណោម​ប្រជាជាតិ​ទាំងអស់​ដែល​គេ​មិន​ធ្លាប់​ស្គាល់​។ ដូច្នេះ ក្រោយពី​គេ​ទៅបាត់ ទឹកដី​នេះ​បាន​ស្ងាត់ជ្រងំ គ្មានអ្នកណា​ឆ្លងទៅ ឬ​ត្រឡប់មកវិញ​ឡើយ ដ្បិត​គេ​បាន​ធ្វើឲ្យ​ទឹកដី​ដ៏ល្អវិសេស​ទៅជា​ទីហិនហោច’”៕

Currently Selected:

សាការី 7: GKHB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for សាការី 7