YouVersion Logo
Search Icon

សាការី 14

14
ជ័យជម្នះ និងការសោយរាជ្យរបស់ព្រះយេហូវ៉ា
1មើល៍! ថ្ងៃ​របស់​ព្រះយេហូវ៉ា​នឹង​មកដល់ ជាថ្ងៃដែល​គេ​យក​ជ័យភណ្ឌ​ពី​អ្នក ចែកគ្នា​នៅកណ្ដាល​អ្នក​។ 2ដ្បិត​យើង​នឹង​ប្រមូល​ប្រជាជាតិ​ទាំងអស់​មក​ដើម្បី​ច្បាំង​នឹង​យេរូសាឡិម​។ ទីក្រុង​នោះ​នឹង​ត្រូវបាន​ចាប់យក ផ្ទះសម្បែង​នឹង​ត្រូវបាន​ប្លន់ ហើយ​ស្រី​ៗ​នឹង​ត្រូវបាន​រំលោភ​។ ពាក់កណ្ដាល​នៃ​អ្នកក្រុង​នឹង​ចេញទៅ​ជា​ឈ្លើយសឹក ប៉ុន្តែ​ប្រជាជន​ឯទៀត​នឹង​មិន​ត្រូវបាន​កាត់ចេញ​ពី​ទីក្រុង​នោះ​ឡើយ​។
3ពេលនោះ ព្រះយេហូវ៉ា​នឹង​ចេញទៅ​ច្បាំង​នឹង​ប្រជាជាតិ​ទាំងនោះ ដូច​ថ្ងៃ​ដែល​ព្រះអង្គ​ច្បាំង​ក្នុង​ថ្ងៃ​នៃ​ចម្បាំង​។ 4នៅ​ថ្ងៃ​នោះ ព្រះបាទា​របស់ព្រះអង្គ​នឹង​ឈរ​លើ​ភ្នំ​ដើមអូលីវ ដែល​នៅទល់មុខ​យេរូសាឡិម​នៅ​ទិសខាងកើត ហើយ​ភ្នំ​ដើមអូលីវ​នឹង​ត្រូវបាន​ពុះ​ជា​ពីរ​ដោយ​ជ្រលងភ្នំ​ដ៏ធំ​ក្រៃលែង ពី​ទិសខាងកើត​ទៅ​ទិសខាងលិច រហូតដល់​ពាក់កណ្ដាល​នៃ​ភ្នំ​នឹង​រើចេញ​ទៅ​ទិសខាងជើង ហើយ​ពាក់កណ្ដាល​ទៀត​ទៅ​ទិសខាងត្បូង​។ 5អ្នករាល់គ្នា​នឹង​រត់គេច​តាម​ជ្រលងភ្នំ​របស់យើង ដ្បិត​ជ្រលងភ្នំ​នោះ​លាតសន្ធឹង​រហូតដល់​អ័សេល​។ អ្នករាល់គ្នា​នឹង​រត់គេច ដូចជា​រត់គេច​ពី​រញ្ជួយផែនដី​ក្នុង​រជ្ជកាល​របស់​អូសៀស​ស្ដេច​នៃ​យូដា​។ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ខ្ញុំ​នឹង​យាង​មក មានទាំង​អ្នក​វិសុទ្ធ​ទាំងអស់​នៅជាមួយ​ព្រះអង្គ​ផង​។
6នៅ​ថ្ងៃ​នោះ នឹង​គ្មាន​ពន្លឺ ហើយ​ដួងពន្លឺ​នឹង​កក​។ 7ថ្ងៃនោះ​ជា​ថ្ងៃ​ដ៏ប្លែក​ដែល​ព្រះយេហូវ៉ា​ទ្រង់​ស្គាល់ គឺ​គ្មាន​ពេលថ្ងៃ ឬ​ពេលយប់​ឡើយ ប៉ុន្តែ​នៅ​ពេល​ល្ងាច​នឹង​មាន​ពន្លឺ​។
8នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹករស់​ហូរចេញ​ពី​យេរូសាឡិម ពាក់កណ្ដាល​នៃ​ទឹកនោះ​នឹងហូរ​ទៅ​សមុទ្រ​នៅ​ទិសខាងកើត ហើយ​ពាក់កណ្ដាល​ទៀត​នឹងហូរ​ទៅ​សមុទ្រ​នៅ​ទិសខាងលិច វា​នឹង​បាន​ដូច្នោះ​ទាំង​ក្នុង​រដូវក្ដៅ និង​ក្នុង​រដូវរងា​។ 9ព្រះយេហូវ៉ា​នឹង​ធ្វើជា​ស្ដេច​លើ​ផែនដី​ទាំងមូល​។ នៅ​ថ្ងៃ​នោះ នឹង​មាន​តែ​ព្រះយេហូវ៉ា​មួយអង្គគត់ ហើយ​មាន​តែ​ព្រះនាម​របស់ព្រះអង្គ​មួយគត់​ដែរ​។ 10ទឹកដី​ទាំងមូល​ចាប់ពី​កេបា រហូតដល់​រីម៉ូន​នៅ​ខាងត្បូង​យេរូសាឡិម នឹង​ត្រឡប់ជា​ដូច​វាលរហោស្ថាន ប៉ុន្តែ​យេរូសាឡិម​នឹង​នៅខ្ពស់ ហើយ​ស្ថិតនៅ​កន្លែងដើម គឺ​ចាប់ពី​ទ្វារ​បេនយ៉ាមីន រហូតដល់​កន្លែង​នៃ​ទ្វារ​ដំបូង និង​រហូតដល់​ទ្វារ​ជ្រុងកំពែង ព្រមទាំង​ពី​ប៉ម​ហាណានាល រហូតដល់​ទីបញ្ជាន់ផ្លែ​របស់​ស្ដេច​។ 11គេ​នឹង​រស់នៅ​ក្នុង​យេរូសាឡិម ហើយ​លែង​មាន​ការញែកចេញបំផ្លាញ​ទៀត​ឡើយ គឺ​យេរូសាឡិម​នឹង​នៅ​ដោយ​សុខដុមរមនា​វិញ​។
12គ្រោះកាច​ដែល​ព្រះយេហូវ៉ា​នឹង​វាយ​អស់ទាំង​ប្រជាជាតិ​ដែល​បាន​ច្បាំង​នឹង​យេរូសាឡិម គឺ​ដូចតទៅ​: សាច់​ពួកគេ​នឹង​រលួយ​ទៅ ខណៈដែល​ពួកគេ​នៅឈរ​ដោយ​ជើង ភ្នែក​ពួកគេ​នឹង​រលួយ​ក្នុង​រន្ធភ្នែក ហើយ​អណ្ដាត​ពួកគេ​នឹង​រលួយ​ក្នុង​មាត់​។ 13នៅ​ថ្ងៃ​នោះ ចលាចល​យ៉ាងធំ​ពី​ព្រះយេហូវ៉ា​នឹង​កើតឡើង​ក្នុង​ពួកគេ បានជា​ម្នាក់ៗ​នឹង​ចាប់​អ្នកជិតខាង​របស់ខ្លួន​ត្រង់​ដៃ ហើយ​លើក​ដៃ​ទាស់នឹង​ដៃ​អ្នកជិតខាង​របស់ខ្លួន​។ 14សូម្បីតែ​យូដា​ក៏​នឹង​ច្បាំង​នៅ​យេរូសាឡិម ហើយ​ប្រមូល​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​ទាំងអស់​ដែលនៅ​ជុំវិញ គឺ​មាស និង​ប្រាក់ ព្រមទាំង​សម្លៀកបំពាក់​យ៉ាងច្រើន​សន្ធឹក​។ 15រីឯ​គ្រោះកាច​ដូច​គ្រោះកាច​ខាងលើ នឹង​កើតមាន​ដល់​សេះ លាកាត់ អូដ្ឋ លា និង​សត្វស្រុក​ទាំងអស់​ដែល​នៅ​ក្នុង​ជំរំ​ទាំងនោះ​ដែរ​។
16ពេលនោះ​នឹង​មានកើតឡើងដូច្នេះ​: អស់អ្នក​ដែល​នៅសល់​ពី​គ្រប់ទាំង​ប្រជាជាតិ​ដែល​មក​ទាស់នឹង​យេរូសាឡិម នឹង​ឡើងមក​រៀងរាល់ឆ្នាំ ដើម្បី​ថ្វាយបង្គំ​ស្ដេច គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ និង​ដើម្បី​ប្រារព្ធ​បុណ្យបោះជំរំ​។ 17ប្រសិនបើ​អម្បូរ​ណា​នៅលើ​ផែនដី មិន​ឡើង​ទៅ​យេរូសាឡិម ដើម្បី​ថ្វាយបង្គំ​ស្ដេច គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ទេ នោះ​នឹង​គ្មាន​ភ្លៀង​ដល់​ពួកគេ​ឡើយ​។ 18ប្រសិនបើ​ពូជអម្បូរ​អេហ្ស៊ីប​មិន​ឡើងទៅ គឺ​មិន​មក​ទេ នោះ​នឹង​គ្មាន​ភ្លៀង​ដល់​ពួកគេ​ដែរ ជា​គ្រោះកាច​ដែល​ព្រះយេហូវ៉ា​នឹង​វាយ​បណ្ដា​ប្រជាជាតិ​ដែល​មិន​ឡើងទៅ​ប្រារព្ធ​បុណ្យបោះជំរំ​។ 19នេះ​ហើយ ជា​ការដាក់ទោស​ដល់​អេហ្ស៊ីប និង​ជា​ការដាក់ទោស​ដល់​អស់ទាំង​ប្រជាជាតិ​ដែល​មិន​ឡើងមក​ប្រារព្ធ​បុណ្យបោះជំរំ​។
20នៅ​ថ្ងៃ​នោះ នឹង​មាន​សរសេរ​នៅលើ​កណ្ដឹង​សេះ​ថា “វិសុទ្ធ​ដល់​ព្រះយេហូវ៉ា” ហើយ​ឆ្នាំង​នៅក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា​ក៏​នឹង​បាន​ដូចជា​ចាន​នៅមុខ​អាសនា​ដែរ​។ 21គ្រប់ទាំង​ឆ្នាំង​នៅ​យេរូសាឡិម និង​យូដា នឹង​បានជា​វិសុទ្ធ​ដល់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ រហូតដល់​អស់អ្នក​ដែល​ថ្វាយយញ្ញបូជា​នឹង​មក​យក​ឆ្នាំងទាំងនោះ ហើយ​ស្ងោរ​សាច់​ក្នុង​វា​។ នៅ​ថ្ងៃ​នោះ នឹង​គ្មាន​ជនជាតិកាណាន#14:21 ជនជាតិកាណាន―ឬ “ឈ្មួញ”។​នៅក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ទៀត​ឡើយ​៕​៚

Currently Selected:

សាការី 14: GKHB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for សាការី 14