YouVersion Logo
Search Icon

លោកុប្បត្តិ 3

3
ការដួលចុះរបស់មនុស្ស
1ឯ​ពស់​ជា​សត្វ​ប៉ិនខាងឧបាយកល​លើសជាង​សត្វព្រៃ​គ្រប់ប្រភេទ​នៃទីវាល​ដែល​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​បង្កើត​។ វា​និយាយ​នឹង​ស្ត្រី​ថា​៖ “តើ​ព្រះ​ពិតជា​មានបន្ទូលថា​ពួកអ្នក​មិន​ត្រូវ​ហូប​ពី​ដើមឈើ​ណាមួយ​ក្នុង​សួន​នេះ​មែនឬ​?”។
2ស្ត្រី​ក៏​និយាយ​នឹង​ពស់​ថា​៖ “យើង​ហូប​ផ្លែ​ពី​ដើមឈើ​ក្នុង​សួន​បាន 3លើកលែងតែ​ផ្លែ​ពី​ដើមឈើ​ដែល​នៅកណ្ដាល​សួន ដែល​ព្រះ​មានបន្ទូលថា​: ‘កុំ​ហូប​ពី​វា ក៏​កុំ​ពាល់​វា​ឡើយ ក្រែងលោ​អ្នក​ត្រូវ​ស្លាប់’”។
4ពស់​និយាយ​នឹង​ស្ត្រី​ថា​៖ “ពួកអ្នក​ប្រាកដជា​មិន​ស្លាប់​ឡើយ 5ដ្បិត​ព្រះ​ទ្រង់​ជ្រាប​ថា ថ្ងៃណា​ដែល​ពួកអ្នក​ហូប​ពី​វា ភ្នែក​របស់ពួកអ្នក​នឹង​ត្រូវបាន​បើក ហើយ​ពួកអ្នក​នឹង​បាន​ដូចជា​ព្រះ គឺ​ដឹង​ល្អអាក្រក់​ផង”។ 6ស្ត្រី​ឃើញ​ថា​ផ្លែ#3:6 ផ្លែ―ជាពាក្យជំនួយ។​របស់​ដើមឈើ​នោះ​ល្អ​សម្រាប់​ជា​អាហារ ក៏​ជាទីគាប់​ដល់​ភ្នែក ហើយ​ឃើញថា​ដើមឈើ​នោះ​ទាក់ទាញ​ឲ្យ​ចង់​ទទួលប្រាជ្ញា នោះ​នាង​ក៏​បេះ​ផ្លែ​វា ហើយ​ហូប ព្រមទាំង​ឲ្យ​ទៅ​ប្ដី​របស់នាង​ដែល​នៅជាមួយ​នាង នោះ​គាត់​ក៏​ហូប​ដែរ​។ 7ពេលនោះ ភ្នែក​របស់ពួកគេ​ទាំង​ពីរ​ក៏​ត្រូវបាន​បើក ហើយ​ពួកគេ​ដឹង​ថា​ពួកគេ​នៅ​ខ្លួនទទេ ពួកគេ​ក៏​ដេរ​ស្លឹក​ល្វា​ធ្វើ​ជា​ប៉ឹង​សម្រាប់​ខ្លួនពួកគេ​។
លទ្ធផលនៃបាប
8នៅពេល​ថ្ងៃ​ត្រជាក់ ពួកគេ​បាន​ឮ​សូរ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​យាង​ក្នុង​សួន មនុស្ស និង​ប្រពន្ធ​របស់គាត់​ក៏​ពួន​ពី​ព្រះភក្ត្រ​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ នៅកណ្ដាល​ដើមឈើ​ក្នុង​សួន​។ 9ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ទ្រង់​ហៅ​មនុស្ស​នោះ ដោយ​មានបន្ទូល​នឹង​គាត់​ថា​៖ “តើ​អ្នក​នៅ​ឯណា​?”។
10គាត់​ក៏​ទូលថា​៖ “ទូលបង្គំ​បាន​ឮ​សូរ​ព្រះអង្គ​នៅក្នុង​សួន ទូលបង្គំ​ក៏​ខ្លាច ពីព្រោះ​ទូលបង្គំ​នៅ​ខ្លួនទទេ បានជា​ទូលបង្គំ​ពួន”។
11ព្រះអង្គ​មានបន្ទូលថា​៖ “តើ​នរណា​ប្រាប់​អ្នក​ថា​អ្នក​នៅ​ខ្លួនទទេ​ដូច្នេះ​? តើ​អ្នក​បាន​ហូប​ពី​ដើមឈើ​ដែល​យើង​បាន​បង្គាប់​អ្នក​មិន​ឲ្យ​ហូប​ពី​វា​ឬ​?”។
12មនុស្ស​នោះ​ក៏​ទូលថា​៖ “ស្ត្រី​ដែល​ព្រះអង្គ​ប្រទានមក​ឲ្យ​នៅជាមួយ​ទូលបង្គំ នាង​បាន​ឲ្យ​ពី​ដើមឈើ​នោះ​ដល់​ទូលបង្គំ ដូច្នេះ​ទូលបង្គំ​ក៏​ហូប”។
13ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូល​នឹង​ស្ត្រី​ថា​៖ “ម្ដេចក៏​នាង​ធ្វើ​ដូច្នេះ​?”។
ស្ត្រី​ទូលថា​៖ “ពស់​បាន​បញ្ឆោត​ខ្ញុំម្ចាស់ ដូច្នេះ​ខ្ញុំម្ចាស់​ក៏​ហូប”។
14ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូល​នឹង​ពស់​ថា​៖
“ដោយព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ
ឯង​ត្រូវបណ្ដាសា​លើសជាង​សត្វស្រុក​ទាំងអស់
ក៏​លើសជាង​សត្វព្រៃ​ទាំងអស់​នៃទីវាល​ដែរ
គឺ​ឯង​ត្រូវ​លូន​នឹង​ពោះ​ឯង ហើយ​ឯង​ត្រូវ​ស៊ី​ធូលីដី
ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់ឯង​។
15យើង​នឹង​ដាក់​ភាពជាសត្រូវ​រវាង​ឯង និង​ស្ត្រី
ព្រមទាំង​រវាង​ពូជ​របស់ឯង និង​ពូជ​របស់នាង​ផង
ពូជរបស់នាង​មុខជា​កម្ទេច​ក្បាល​ឯង
ហើយ​ឯង​មុខជា​កម្ទេច​កែងជើង​គេ​មិនខាន”។
16ព្រះអង្គ​មានបន្ទូល​នឹង​ស្ត្រី​ថា​៖
“យើង​នឹង​បង្កើន​ទុក្ខលំបាក​របស់នាង​យ៉ាងសម្បើម​ក្នុង​ការមានផ្ទៃពោះ​របស់នាង
គឺ​នាង​ត្រូវ​សម្រាល​កូន​ទាំង​ឈឺចុកចាប់​។
បំណងប្រាថ្នា​របស់នាង​នឹងមាន​ចំពោះ​ប្ដី​នាង
ប៉ុន្តែ​ប្ដី​ត្រូវ​គ្រប់គ្រង​លើ​នាង​វិញ”។
17ព្រះអង្គ​មានបន្ទូល​នឹង​អ័ដាម​ថា​៖
“ដោយព្រោះ​អ្នក​បាន​ស្ដាប់តាម​សំឡេង​របស់​ប្រពន្ធ​អ្នក
ហើយ​ហូប​ពី​ដើមឈើ​ដែល​យើង​បាន​បង្គាប់​អ្នក​ថា​: ‘កុំ​ហូប​ពី​វា​ឡើយ’
ដូច្នេះ​ដី​ត្រូវបណ្ដាសា​ដោយសារតែ​អ្នក​ហើយ​។
អ្នក​នឹង​ហូប​ពី​វា​ដោយ​ការនឿយហត់
ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់អ្នក​។
18ដី​នឹង​ធ្វើឲ្យ​គុម្ពបន្លា និង​ដើមបន្លា​ដុះឡើង​សម្រាប់​អ្នក​;
អ្នក​ត្រូវ​ហូប​តិណជាតិ​តាម​ទីវាល​។
19អ្នក​ត្រូវ​ហូប​អាហារ​ដោយ​បែកញើសមុខ រហូតដល់​អ្នក​ត្រឡប់​ជា​ដី​វិញ
ពីព្រោះ​អ្នក​ត្រូវបាន​យក​ចេញពី​ដី​មក​។
ដ្បិត​អ្នក​ជា​ធូលីដី ដូច្នេះ​អ្នក​នឹង​ត្រឡប់​ជា​ធូលីដី​វិញ”។
20មនុស្ស​នោះ​ដាក់ឈ្មោះ​ប្រពន្ធ​របស់ខ្លួន​ថា អេវ៉ា ពីព្រោះ​នាង​ជា​ម្ដាយ​នៃ​មនុស្ស​ទាំងអស់​ដែល​មានជីវិត​។ 21ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​ធ្វើ​សម្លៀកបំពាក់​ស្បែក​សម្រាប់​អ័ដាម និង​ប្រពន្ធ​របស់គាត់ ហើយ​ស្លៀកពាក់ឲ្យ​ពួកគេ​។
22ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូលថា​៖ “មើល៍! មនុស្ស​បាន​ត្រឡប់​ដូចជា​ម្នាក់​ក្នុងចំណោម​ពួកយើង​ហើយ គឺ​ដឹង​ល្អអាក្រក់​។ ឥឡូវនេះ ក្រែងលោ​គេ​លូក​ដៃ​ទៅ​បេះ​ពី​ដើមឈើ​នៃ​ជីវិត​មក​ហូប​ដែរ ហើយ​មានជីវិតរស់​ជារៀងរហូត”។ 23ដូច្នេះ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ក៏​បណ្ដេញ​ពួកគេ​ចេញ​ពី​សួន​អេដែន ឲ្យ​ទៅ​ភ្ជួររាស់​ដី​ដែល​ពួកគេ​ត្រូវបាន​យកចេញមក​នោះ​។ 24ព្រះអង្គ​បាន​បណ្ដេញ​មនុស្ស​ចេញ ហើយ​ដាក់​ចេរ៉ូប៊ីន​នៅ​ទិសខាងកើត​សួន​អេដែន និង​ដាវ​ភ្លើង​ដែល​បែរទៅគ្រប់ទិស ដើម្បី​ការពារ​ផ្លូវ​ទៅឯ​ដើមឈើ​នៃ​ជីវិត​៕

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in