សេផានា 1
1
1នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលបានមកដល់សេផានា ជាកូនគូស៊ី ដែលជាកូនកេដាលា កេដាលាជាកូនអ័ម៉ារា អ័ម៉ារាជាកូនហេសេគា ក្នុងរជ្ជកាលព្រះបាទយ៉ូសៀស ជាព្រះរាជបុត្រារបស់ព្រះបាទអាំម៉ូន ស្តេចស្រុកយូដា។
ការជំនុំជម្រះដែលនឹងកើតឡើងដល់ស្រុកយូដា
2យើងនឹងរំលីងរបស់ទាំងអស់ឲ្យបាត់ពីលើផែនដី
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
3យើងនឹងរំលីងទាំងមនុស្ស ទាំងសត្វ
យើងនឹងរំលីងទាំងសត្វហើរលើអាកាស
និងត្រីនៅសមុទ្រ
ហើយរំលីងអ្វីៗដែលនាំឲ្យរវាតចិត្ត
រួមជាមួយពួកមនុស្សអាក្រក់
យើងនឹងកាត់មនុស្សចេញពីលើផែនដី
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
4យើងនឹងលូកដៃទៅទាស់នឹងស្រុកយូដា
ហើយទាស់នឹងពួកអ្នកនៅ
ក្រុងយេរូសាឡិមទាំងប៉ុន្មានដែរ
ក៏នឹងកាត់សំណល់របស់ព្រះបាលចេញពីទីនេះ
ព្រមទាំងឈ្មោះពួកសង្ឃដែលបម្រើរូបព្រះ
រួមជាមួយពួកសង្ឃ
5អស់អ្នកដែលឡើងទៅលើដំបូលផ្ទះ
ដើម្បីថ្វាយបង្គំពលបរិវារនៅលើមេឃ
អស់អ្នកដែលថ្វាយបង្គំ
ហើយស្បថដល់ព្រះយេហូវ៉ា
តែក៏ស្បថដោយព្រះម៉ូឡុកផង
6អស់អ្នកដែលបានរាថយ លែងដើរតាមព្រះយេហូវ៉ា
ជាអ្នកដែលមិនបានស្វែងរកព្រះយេហូវ៉ា
ឬសួរយោបល់ពីព្រះអង្គសោះ។
7ចូរស្ងាត់ស្ងៀមចំពោះព្រះអម្ចាស់យេហូវ៉ាចុះ!
ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ានៅជិតបង្កើយ
ព្រះយេហូវ៉ាបានរៀបចំយញ្ញបូជា
ព្រះអង្គបានញែកភ្ញៀវ
ដែលចូលរួមជប់លៀងឲ្យបានបរិសុទ្ធ។
8នៅថ្ងៃដែលថ្វាយយញ្ញបូជារបស់ព្រះយេហូវ៉ា
យើងនឹងដាក់ទោសពួកមន្ត្រី និងពួកកូនស្តេច
ព្រមទាំងអស់អ្នកដែលតែងខ្លួន
ដោយសម្លៀកបំពាក់តាមសាសន៍ដទៃ។
9នៅថ្ងៃនោះ យើងនឹងធ្វើទោសដល់អស់អ្នក
ដែលលោតរំលងក្របទ្វារ
និងអស់អ្នកដែលបំពេញផ្ទះរបស់ចៅហ្វាយខ្លួន
ដោយអំពើឃោរឃៅ និងការឆបោក។
10ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅថ្ងៃនោះ
នឹងមានឮសម្រែកចេញពីទ្វារត្រី
និងសូរទ្រហោយំពីឃុំទីពីរ
ហើយសូរគ្រាំគ្រេងចេញពីភ្នំទាំងប៉ុន្មាន។
11ម្នាលពួកអ្នកនៅម៉ាកថេសអើយ ចូរទ្រហោយំទៅ!
ដ្បិតអ្នកជំនួញទាំងប៉ុន្មានលែងមានទៀតហើយ
ឯអស់អ្នកដែលថ្លឹងប្រាក់ក៏ត្រូវកាត់ចេញអស់ដែរ។
12នៅគ្រានោះ យើងនឹងឆែកឆេរ
ក្រុងយេរូសាឡិមដោយពន្លឺចង្កៀង
យើងនឹងធ្វើទោសដល់ពួកអ្នក
ដែលសម្ងំរស់ដោយឥតខ្វល់
ជាអស់អ្នកដែលគិតក្នុងចិត្តថា
"ព្រះយេហូវ៉ានឹងមិនធ្វើអ្វីឡើយ
ទោះល្អ ឬអាក្រក់ក្ដី"។
13ទ្រព្យសម្បត្តិរបស់គេនឹងត្រូវរឹបអូស
ហើយផ្ទះរបស់គេនឹងត្រូវចោលស្ងាត់។
គេនឹងសង់ផ្ទះ តែមិនបានអាស្រ័យនៅទេ
គេនឹងធ្វើចម្ការទំពាំងបាយជូរ
តែមិនបានផឹកពីផលទំពាំងបាយជូរឡើយ។
ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា
14ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ានៅជិតបង្កើយ
ក៏នៅជិត ហើយដេញប្រកិត
សំឡេងនៃថ្ងៃរបស់ព្រះយេហូវ៉ា ជាសំឡេងជូរចត់
ពេលនោះ មនុស្សខ្លាំងពូកែនឹងស្រែកជាខ្លាំង។
15ថ្ងៃនោះជាថ្ងៃនៃសេចក្ដីក្រោធ
ជាថ្ងៃវេទនា ហើយឈឺចាប់
ជាថ្ងៃបំផ្លាញ ហើយរំលាង
ជាថ្ងៃងងឹត ហើយស្រអាប់
ជាថ្ងៃមេឃមីរស្រទំ ហើយងងឹតយ៉ាងក្រាស់
16ជាថ្ងៃឮសំឡេងត្រែ និងសម្រែកសឹកសង្គ្រាម
ច្បាំងនឹងក្រុងដែលមានកំផែងការពារ
ហើយទាស់នឹងប៉មខ្ពស់ៗ។
17យើងនឹងធ្វើឲ្យមនុស្សកើតមានទុក្ខលំបាក
ដល់ម៉្លេះបានជាគេដើរដូចមនុស្សខ្វាក់
ព្រោះគេបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះយេហូវ៉ា
ឈាមរបស់គេនឹងហូរខ្ចាយដូចជាធូលីដី
ហើយសាច់របស់គេដូចជាលាមក។
18ទោះទាំងប្រាក់ និងមាសរបស់គេ
ក៏មិនអាចនឹងជួយគេឲ្យរួចក្នុងថ្ងៃ
នៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានដែរ
ផែនដីទាំងមូលនឹងត្រូវឆេះអស់
ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ព្រះអង្គ
ដ្បិតព្រះអង្គនឹងធ្វើឲ្យអស់អ្នក
ដែលអាស្រ័យនៅផែនដីផុតទៅ
អើ ព្រះអង្គនឹងធ្វើផុតទៅជាមួយរំពេច។
Currently Selected:
សេផានា 1: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies