YouVersion Logo
Search Icon

វិវរណៈ 9

9
1ទេវតា​ទី​ប្រាំ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ខ្ញុំ​ក៏​ឃើញ​ផ្កាយ​មួយ​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​លើ​ផែនដី ហើយ​មាន​គេ​ឲ្យ​កូន​សោ​ទី​ជម្រៅ​នៃ​ជង្ហុក​ធំ​ដល់​ផ្កាយ​នោះ 2ផ្កាយ​នោះ​ក៏​បើក​ទី​ជម្រៅ​នៃ​ជង្ហុក​ធំ រួច​មាន​ផ្សែង​ហុយ​ឡើង​ពី​ទី​នោះ ដូច​ជា​ផ្សែង​ពី​គុក​ភ្លើង​យ៉ាង​ធំ ហើយ​ព្រះ‌អាទិត្យ និង​អាកាស​ក៏​ងងឹត ដោយ​ព្រោះ​ផ្សែង​ដែល​ហុយ​ពី​រណ្ដៅ​នោះ​មក។ 3បន្ទាប់​មក មាន​កណ្តូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​នោះ ហើរ​មក​លើ​ផែនដី វា​បាន​ទទួល​អំណាច ដូច​ជា​អំណាច​ខ្យាដំរី​ដែល​នៅ​ផែនដី​ដែរ។ 4មាន​គេ​បង្គាប់​កណ្ដូប​ទាំង​នោះ កុំ​ឲ្យ​បំផ្លាញ​ស្មៅ​នៅ​ផែនដី ឬ​របស់​ណា​ខ្ចី ឬ​ដើម​ឈើ​ណា​ឡើយ គឺ​ធ្វើ​ទុក្ខ​តែ​អស់​អ្នក​ណា ដែល​គ្មាន​ត្រា​របស់​ព្រះ​នៅ​ថ្ងាស​ប៉ុណ្ណោះ។ 5កណ្ដូប​ទាំង​នោះ​បាន​ទទួល​អំណាច មិន​មែន​នឹង​សម្លាប់​មនុស្ស​ទេ គឺ​គ្រាន់​តែ​ធ្វើ​ទុក្ខ​ក្នុង​រវាង​ប្រាំ​ខែ​ប៉ុណ្ណោះ ហើយ​ដែល​វា​ធ្វើ​ទុក្ខ​នោះ ប្រៀប​ដូច​ជា​ខ្យា​ដំរី​ធ្វើ​ទុក្ខ ពេល​ដែល​វា​ទិច​មនុស្ស​ដែរ។ 6នៅ​គ្រា​នោះ មនុស្ស​ចង់​បាន​សេចក្ដី​ស្លាប់ ប៉ុន្តែ មិន​ប្រទះ​ឡើយ គេ​នឹង​ចង់​ស្លាប់ តែ​សេចក្ដី​ស្លាប់​នឹង​រត់​ចេញ​ពី​គេ​ទៅ។ 7កណ្តូប​ទាំង​នោះ​មាន​រាង​ដូច​សេះ ដែល​រៀប​នឹង​ចូល​ច្បាំង នៅ​លើ​ក្បាល​វា​មើល​ទៅ​មាន​ដូច​ជា​មកុដ ដែល​ស្រដៀង​នឹង​មាស ហើយ​មុខ​វា​ដូច​មុខ​មនុស្ស 8សក់​វា​ដូច​ជា​សក់​ស្ត្រី ហើយ​ធ្មេញ​វា​ដូច​ធ្មេញ​សត្វ​សិង្ហ។ 9វា​មាន​អាវ​ក្រោះ ដូច​ជា​អាវ​ក្រោះ​ធ្វើ​ពី​ដែក ហើយ​សូរ​ស្លាប​វា ឮ​ដូច​សូរ​រទេះ​ចម្បាំង ដែល​ទឹម​ដោយ​សេះ​ជា​ច្រើន បោល​ទៅ​ច្បាំង។ 10វា​មាន​កន្ទុយ និង​ទ្រនិច​ដូច​ជា​ខ្យាដំរី ហើយ​កន្ទុយ​របស់​វា មាន​អំណាច​ធ្វើ​ទុក្ខ​មនុស្ស​អស់​រយៈ​ពេល​ប្រាំ​ខែ។ 11កណ្ដូប​ទាំង​នោះ​មាន​ស្តេច​ត្រួត​លើ​វា គឺ​ជា​ទេវតា​នៃ​ជង្ហុក​ធំ ដែល​តាម​ភាសា​ហេព្រើរ​មាន​ឈ្មោះ​ថា «អា‌បា‌ដូន» ហើយ​ភាសា​ក្រិក​ហៅ​ថា «អាប៉ុ‌លីយ៉ូន»។ 12សេចក្ដី​វេទនា​ទី​មួយ​បាន​កន្លង​ផុត​ទៅ មើល៍! នៅ​មាន​សេចក្ដី​វេទនា​ពីរ​ទៀត​កើត​មក​តាម​ក្រោយ។
13ទេវតា​ទី​ប្រាំមួយ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ខ្ញុំ​ក៏​ឮ​សំឡេង​មួយ ចេញ​ពី​ស្នែង​ទាំង​បួន​របស់​អាសនា​មាស ដែល​នៅ​ចំពោះ​ព្រះ។ 14សំឡេង​នោះ​ពោល​ទៅ​កាន់​ទេវតា​ទី​ប្រាំមួយ ដែល​កាន់​ត្រែ​ថា៖ «ចូរ​ស្រាយ​ទេវតា​ទាំង​បួន ដែល​ចង​ទុក​នៅ​ទន្លេ​អ៊ើប្រាត​ដ៏​ធំ​នោះ​ទៅ!»។ 15ពេល​នោះ ទេវតា​ទាំង​បួន ដែល​ប្រុង​ប្រៀប​សម្រាប់​ពេល​កំណត់ ថ្ងៃ ខែ និង​ឆ្នាំ ក៏​ត្រូវ​បាន​ដោះ​លែង ដើម្បី​ឲ្យ​សម្លាប់​មនុស្ស​មួយ​ភាគ​បី​ចោល។ 16ចំនួន​ពល​សេះ មាន​ពីរ​រយ​លាន​នាក់ ដ្បិត​ខ្ញុំ​បាន​ឮ​ចំនួន​ពល​ទ័ព​ទាំង​នោះ។ 17នៅ​ក្នុង​និមិត្ត​នេះ ខ្ញុំ​ឃើញ​សេះ​ទាំង​នោះ និង​អស់​អ្នក​ដែល​ជិះ​លើ​វា គេ​ពាក់​អាវ​ក្រោះ​ពណ៌​ភ្លើង ពណ៌​ស្វាយ​ខ្ចី និង​ពណ៌​ស្ពាន់‌ធ័រ ឯ​ក្បាល​សេះ​ទាំង​នោះ​ដូច​ជា​ក្បាល​សិង្ហ ហើយ​មាន​ភ្លើង ផ្សែង និង​ស្ពាន់‌ធ័រ​ចេញ​ពី​មាត់​វា​មក។ 18មនុស្ស​លោក​មួយ​ភាគ​បី​បាន​ស្លាប់ ដោយ​សារ​គ្រោះ​កាច​ទាំង​បី​មុខ​នេះ គឺ​ដោយ​ភ្លើង ផ្សែង និង​ស្ពាន់‌ធ័រ ដែល​ចេញ​ពី​មាត់​សេះ​ទាំង​នោះ។ 19ដ្បិត​អំណាច​របស់​សេះ​ទាំង​នោះ គឺ​នៅ​ក្នុង​មាត់ និង​នៅ​ក្នុង​កន្ទុយ​របស់​វា ដ្បិត​កន្ទុយ​របស់​វា​ដូច​ជា​ពស់​ដែល​មាន​ក្បាល ហើយ​វា​ធ្វើ​ទុក្ខ​ដោយ‌សារ​កន្ទុយ​នោះ។ 20រីឯ​សំណល់​មនុស្ស​ដែល​មិន​បាន​ស្លាប់​ដោយ‌សារ​គ្រោះ​កាច​នោះ មិន​ព្រម​ប្រែ​ចិត្ត​ចេញ​ពី​កិច្ច‌ការ​ដែល​ដៃ​គេ​ធ្វើ​ឡើយ ក៏​មិន​ព្រម​លះ​បង់​ការ​ថ្វាយ​អារក្ស និង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ថ្ម ឬ​ពី​ឈើ ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ហើយ​ដើរ​មិន​រួច​នោះ​ដែរ។ 21ពួក​គេ​ក៏​មិន​បាន​ប្រែ​ចិត្ត​ពី​ការ​កាប់​សម្លាប់ អំពើ​មន្ត​អាគម អំពើ​សហាយ​ស្មន់ និង​អំពើ​លួច​ប្លន់ ដែល​គេ​ប្រព្រឹត្ត​នោះ​សោះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in