YouVersion Logo
Search Icon

វិវរណៈ 10

10
ទេវតា​ប្រគល់​ក្រាំង​មួយ​តូច​ឲ្យ​លោក​យ៉ូហាន
1ខ្ញុំ​ឃើញ​ទេវតា​ដ៏​ពូកែ​មួយ​ទៀត ចុះ​ពី​លើ​មេឃ​មក មាន​ពពក​ព័ទ្ធ​ជុំវិញ​ខ្លួន ហើយ​មាន​ឥន្ទធនូ​នៅ​លើ​ក្បាល មុខ​លោក​ដូច​ព្រះអាទិត្យ ហើយ​ជើង​លោក​ដូច​ជា​បង្គោល​ភ្លើង។ 2លោក​កាន់​ក្រាំង​មួយ​តូច​បើក​នៅ​នឹង​ដៃ លោក​ឈាន​ជើង​ស្តាំ​ទៅ​លើ​សមុទ្រ ហើយ​ជើង​ឆ្វេង​ទៅ​លើ​ដី​គោក 3លោក​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង ដូច​សំឡេង​សិង្ហ​គ្រហឹម។ ពេល​ទេវតា​នោះបន្លឺ​សំឡេង​ឡើង ផ្គរ​លាន់​ទាំង​ប្រាំពីរ​ក៏​លាន់​ឮ​ឡើង​ដែរ។ 4កាល​បាន​ឮ​ផ្គរ​លាន់​ទាំង​ប្រាំពីរ​នោះ​រួច​ហើយ នោះ​ខ្ញុំ​ហៀប​នឹង​សរសេរ តែ​ខ្ញុំ​ឮ​សំឡេង​មួយ​ចេញ​ពី​លើ​មេឃ​មក​ថា៖ «ចូរ​បំបិទ​សេចក្ដី​ដែល​ផ្គរ​លាន់​ទាំង​ប្រាំពីរ​បាន​ថ្លែង​នោះ​ទៅ កុំ​ឲ្យ​កត់​សេចក្ដី​ទាំង​នោះ​ឡើយ»។ 5ពេល​នោះ ទេវតា​ដែល​ខ្ញុំ​ឃើញ​ឈរ​លើ​សមុទ្រ និង​លើ​ដី​គោក​នោះ ក៏​លើក​ដៃ​ស្តាំ​ទៅ​លើ​មេឃ 6ហើយ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​អ្វីៗ​ដែល​មាន​នៅ​លើ​ផ្ទៃ​មេឃ ផែនដី និង​អ្វីៗ​ដែល​មាន​នៅ​លើ​ផែនដី ព្រម​ទាំង​សមុទ្រ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​សមុទ្រ ថា «គ្មាន​ពេល​បង្អង់​ទៀត​ឡើយ 7តែ​នៅ​គ្រា​ដែល​សំឡេង​ត្រែ​របស់​ទេវតា​ទី​ប្រាំពីរ​ត្រូវ​ផ្លុំ​ឡើង នោះ​សេចក្ដី​អាថ៌‌កំបាំង​របស់​ព្រះ​នឹង​បាន​សម្រេច ដូច​ព្រះ‌អង្គ​បាន​ប្រកាស​ប្រាប់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ»។
8បន្ទាប់​មក ខ្ញុំ​ឮ​សំឡេង​ពី​លើ​មេឃ​និយាយ​មក​ខ្ញុំ​ម្តង​ទៀត​ថា៖ «ចូរ​ទៅ​យក​ក្រាំង​ដែល​បើក​ស្រាប់​នៅ​នឹង​ដៃ​ទេវតា​ដែល​ឈរ​លើ​សមុទ្រ និង​លើ​ដី​គោក​នោះ​មក»។ 9ដូច្នេះ ខ្ញុំ​ក៏​ដើរ​ទៅ​រក​ទេវតា​នោះ ហើយ​សូម​លោក​ឲ្យ​ប្រគល់​ក្រាំង​តូច​នោះ​មក​ខ្ញុំ។ ទេវតា​នោះ​ពោល​មក​ខ្ញុំ​ថា៖ «ចូរ​យក​ទៅ​បរិ‌ភោគ​ចុះ ក្រាំង​នេះ​នឹង​ល្វីង​នៅ​ក្នុង​ពោះ​អ្នក តែ​នៅ​ក្នុង​មាត់​នឹង​ផ្អែម​ដូច​ទឹក​ឃ្មុំ​វិញ»។ 10ខ្ញុំ​ក៏​យក​ក្រាំង​តូច​នោះ​ពី​ដៃ​ទេវតា​មក​បរិ‌ភោគ ហើយ​នៅ​ក្នុង​មាត់​ខ្ញុំ​ផ្អែម​ដូច​ទឹក​ឃ្មុំ តែ​កាល​ខ្ញុំ​បាន​បរិ‌ភោគ​រួច​ហើយ នោះ​ក៏​ល្វីង​នៅ​ក្នុង​ពោះ​ខ្ញុំ​មែន។ 11បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ត្រូវ​ថ្លែង​ទំនាយ​ម្តង​ទៀត អំពី​ប្រជា‌ជន អំពី​ជាតិ​សាសន៍ អំពី​ភាសា និង​អំពី​ស្តេច​ជា​ច្រើន​ផង»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in