YouVersion Logo
Search Icon

វិវរណៈ 6

6
ត្រា​ទាំង​ប្រាំពីរ
1ពេល​នោះ ខ្ញុំ​ឃើញ​កូន​ចៀម​បក​ត្រា​ទី​មួយ​ក្នុង​ចំណោម​ត្រា​ទាំង​ប្រាំពីរ រួច​ខ្ញុំ​ឮ​សត្វ​មួយ ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន បន្លឺ​សំឡេង​ដូច​ផ្គរ​លាន់​ថា៖ «ចូល​មក!»។ 2ខ្ញុំ​មើល​ទៅ​ឃើញ​មាន​សេះ​ស​មួយ អ្នក​ជិះ​លើ​វា​មាន​កាន់​ធ្នូ ហើយ​មាន​គេ​ឲ្យ​មកុដ​ដល់​អ្នក​នោះ រួច​អ្នក​នោះ​ចេញ​ទៅ​ទាំង​មាន​ជ័យ​ជម្នះ ហើយ​ដើម្បី​វាយ​យក​ជ័យ​ជម្នះ។
3ពេល​កូន​ចៀម​បក​ត្រា​ទី​ពីរ ខ្ញុំ​ឮ​តួ​មាន​ជីវិត​ទី​ពីរ​ពោល​ថា៖ «ចូរ​មក!» 4ពេល​នោះ ស្រាប់​តែ​មាន​សេះ​មួយ​ទៀត​ចេញ​មក មាន​សម្បុរ​ក្រហម​ដូច​ភ្លើង។ អ្នក​ជិះ​សេះ​នោះ មាន​អំណាច​នឹង​ដក​យក​សេចក្ដី​សុខ​សាន្ត​ចេញ​ពី​ផែនដី ដើម្បី​ឲ្យ​មនុស្ស​លោក​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គេ​ប្រគល់​ដាវ​មួយ​យ៉ាង​ធំ​ឲ្យ​អ្នក​នោះ។
5ពេល​កូន​ចៀម​បក​ត្រា​ទី​បី ខ្ញុំ​ឮ​តួ​មាន​ជីវិត​ទី​បី​ពោល​ថា៖ «ចូរ​មក!» ខ្ញុំ​មើល​ទៅ​ឃើញ​មាន​សេះ​ខ្មៅ​មួយ ហើយ​អ្នក​ជិះ​សេះ​នោះ​មាន​កាន់​ជញ្ជីង​មួយ​នៅ​ដៃ 6រួច​ខ្ញុំ​ឮ​ដូច​ជា​មាន​សំឡេង​មួយ​នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​បួន ពោល​ថា៖ «អង្ករ​ស្រូវ​សាលី​មួយ​នាលិ ថ្លៃ​មួយ​ដេណារី ហើយ​អង្ករ​ស្រូវ​ឱក​បី​នាលិ ក៏​ថ្លៃ​មួយ​ដេណារី​ដែរ តែ​កុំ​បង្ខូច​ប្រេង និង​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ!»។
7ពេល​កូន​ចៀម​បក​ត្រា​ទី​បួន ខ្ញុំ​ឮ​តួ​មាន​ជីវិត​ទី​បួន​ពោល​ថា៖ «ចូរ​មក!» 8ខ្ញុំ​មើល​ទៅ​ឃើញ​មាន​សេះ​មួយ សម្បុរ​បៃតង​ស្លាំង អ្នក​ជិះ​សេះ​នោះ​មាន​ឈ្មោះ​ថា «ស្លាប់» ហើយ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ទៅ​តាម​អ្នក​នោះ។ គេ​ឲ្យ​ទាំង​ពីរ​នោះ​មាន​អំណាច​លើ​ផែនដី​មួយ​ភាគ​បួន ដើម្បី​សម្លាប់​ដោយ​ដាវ អំណត់ ទុក្ខ​វេទនា និង​ដោយ​សត្វ​សាហាវ នៅ​លើ​ផែនដី។
9ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំ នៅ​ក្រោម​អាសនា ខ្ញុំ​ឃើញ​មាន​ព្រលឹង​មនុស្ស​ទាំង​អស់ ដែល​គេ​បាន​សម្លាប់ ដោយ​ព្រោះ​កាន់​តាម​ព្រះ‌បន្ទូល និង​សេចក្តី​បន្ទាល់។ 10ព្រលឹង​ទាំង​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​បរិសុទ្ធ ហើយ​ស្មោះ​ត្រង់​អើយ តើ​ពេល​ណា​ទើប​ព្រះ‌អង្គ​ជំនុំ​ជម្រះ ហើយ​សង​សឹក​ដល់​ពួក​មនុស្ស​នៅ​លើ​ផែនដី ដោយ​ព្រោះ​ឈាម​របស់​យើង​ខ្ញុំ?» 11មាន​គេ​ឲ្យ​អាវ​ស​វែង​ដល់​អ្នក​ទាំង​នោះ​ម្នាក់​មួយៗ ហើយ​ប្រាប់​ឲ្យ​ឈប់​សម្រាក​បន្តិច​ទៀត​សិន ទម្រាំ​ពួក​អ្នក​បម្រើ ជា​គូ​កន និង​ជា​បង‌ប្អូន ដែល​ត្រូវ​គេ​សម្លាប់​ដូច​គ្នា បាន​គ្រប់​ចំនួន។
12ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំមួយ ខ្ញុំ​មើល​ទៅ​ឃើញ​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង ព្រះ‌អាទិត្យ​ត្រឡប់​ជា​ខ្មៅ ដូច​សំពត់​រោម​ខ្មៅ ហើយ​ព្រះ‌ច័ន្ទ​ត្រឡប់​ដូច​ជា​ឈាម 13ផ្កាយ​នៅ​លើ​មេឃ​ក៏​ធ្លាក់​មក​លើ​ផែនដី ដូច​ផ្លែ​ល្វា​ខ្ចី​ជ្រុះ​ពី​ដើម ដោយ​ត្រូវ​ខ្យល់​ធំ​បក់​បោក។ 14ផ្ទៃ​មេឃ​ក៏​បាត់​ទៅ ដូច​ជា​ក្រាំង​ដែល​គេ​មូរ​ទុក ហើយ​ភ្នំ និង​កោះ​ទាំង​ប៉ុន្មាន ក៏​ត្រូវ​រើ​ចេញ​ពី​កន្លែង​របស់​វា​ដែរ។ 15អស់​ទាំង​ស្តេច​នៅ​ផែនដី និង​ពួក​អ្នក​ធំ ពួក​អ្នក​មាន ពួក​មេ​ទ័ព ពួក​ខ្លាំង​ពូកែ ហើយ​គ្រប់​គ្នា ទាំង​អ្នក​បម្រើ ទាំង​អ្នក​ជា ក៏​ពួន​នៅ​ក្នុង​រអាង និង​តាម​ក្រហែង​ថ្ម​ភ្នំ 16ទាំង​អង្វរ​ទៅ​ភ្នំ និង​ថ្ម​ថា៖ «សូម​ធ្លាក់​មក​លើ​យើង​ខ្ញុំ ដើម្បី​បំបាំង​យើង ពី​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក និង​ពី​សេចក្ដី​ក្រោធ​របស់​កូន​ចៀមផង 17ដ្បិត​ថ្ងៃ​ដ៏​ធំ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​បាន​មក​ដល់​ហើយ តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​បាន?»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in