YouVersion Logo
Search Icon

វិវរណៈ 5

5
ក្រាំង និង​កូន​ចៀម
1បន្ទាប់​មក ខ្ញុំ​ឃើញ​មាន​ក្រាំង​មួយ​នៅ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក ក្រាំង​នោះ​មាន​សរសេរ​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ព្រម​ទាំង​មាន​បិទ​ត្រា​ប្រាំពីរ​ផង 2ហើយ​ខ្ញុំ​ឃើញ​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប ប្រកាស​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «តើ​អ្នក​ណា​គួរ​នឹង​បក​ត្រា ហើយ​បើក​ក្រាំង​នោះ​បាន?» 3តែ​គ្មាន​អ្នក​ណា​ម្នាក់​អាច​នឹង​បើក​ក្រាំង​នោះ ឬ​ក្រឡេក​មើល​បាន​ឡើយ សូម្បី​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី ឬ​នៅ​ក្រោម​ដី​ក៏​ពុំ​បាន​ដែរ 4ហើយ​ខ្ញុំ​ក៏​ចាប់​ផ្តើម​យំ​ជា​ខ្លាំង ដោយ​ព្រោះ​គ្មាន​អ្នក​ណា​ស័ក្តិសម​នឹង​បើក ឬ​ក្រឡេក​មើល​ក្រាំង​នោះ​បាន​ទេ។ 5ពេល​នោះ មាន​ចាស់​ទុំ​ម្នាក់​ពោល​មក​ខ្ញុំ​ថា៖ «កុំ​យំ​អី មើល៍! សិង្ហ​ដែល​កើត​ពី​កុល‌សម្ព័ន្ធ​យូដា ជា​ឫស‌កែវ​ព្រះបាទ​ដាវីឌ ទ្រង់​បាន​ឈ្នះ ហើយ​អាច​នឹង​បើក​ក្រាំង និង​បក​ត្រា​ទាំង​ប្រាំពីរ​នោះ​បាន»។
6បន្ទាប់​មក នៅ​រវាង​បល្ល័ង្ក​នឹង​សត្វ​មាន​ជីវិត​ទាំង​បួន និង​ក្នុង​ចំណោម​ពួក​ចាស់​ទុំ ខ្ញុំ​ឃើញ​កូន​ចៀមមួយ ដែល​មើល​ទៅ​ដូច​ជា​បាន​សម្លាប់​ហើយ មាន​ស្នែង​ប្រាំពីរ និង​ភ្នែក​ប្រាំពីរ ភ្នែក​ទាំង​នោះ​គឺ​ជា​វិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះ ដែល​ទ្រង់​ចាត់​ទៅ​ពេញ​លើ​ផែនដី។ 7កូន​ចៀម​នោះ​ក៏​មក​យក​ក្រាំង ពី​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក។ 8ពេល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួ​ន និង​ពួក​ចាស់​ទុំ​ទាំង​ម្ភៃ‌បួន​នាក់​បាន​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ស៊ុង និង​ពាន​មាស ពេញ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ 9ហើយ​គេ​ក៏​ច្រៀង​ទំនុក​មួយ​ថ្មី​ថា៖ «ព្រះ‌អង្គ​សម​នឹង​ទទួល​ក្រាំង​នេះ ហើយ​បក​ត្រា​ផង ដ្បិត​ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើ​គុត ហើយ​បាន​លោះ​មនុស្ស​ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ ពី​គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ភាសា គ្រប់​ជនជាតិ និង​គ្រប់​សាសន៍ ថ្វាយ​ដល់​ព្រះ។ 10ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​រាជា‌ណា‌ចក្រ​មួយ និង​ជា​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង ហើយ​ពួក​គេ​នឹង​សោយ​រាជ្យ​លើ​ផែនដី»។
11បន្ទាប់​មក ខ្ញុំ​បាន​ឃើញ ហើយ​ក៏​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំ​វិញ​បល្ល័ង្ក ព្រម​ទាំង​សត្វ​មាន​ជីវិត និង​ពួក​ចាស់​ទុំ​ផង ហើយ​ចំនួន​នៃ​ទេវតា​នោះ មាន​ទាំង​ម៉ឺន​ទាំង​សែន ច្រើន​អនេកអនន្ត។ 12គ្រប់​គ្នា​ក៏​បន្លឺ​សំឡេង​ថា៖ «កូន​ចៀម​ដែល​គេ​បាន​សម្លាប់ នោះ​គួរ​នឹង​បាន​ព្រះ‌ចេស្តា ទ្រព្យ​សម្បត្តិ ប្រាជ្ញា ឥទ្ធិ‌ឫទ្ធិ កិត្តិនាម សិរី‌ល្អ និង​ព្រះ‌ពរ»។ 13ពេល​នោះ ខ្ញុំ​ឮ​គ្រប់​ទាំង​អស់​ដែល​មាន​ជីវិត នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី នៅ​ក្រោម​ដី ហើយ​នៅ​ក្នុង​សមុទ្រ និង​គ្រប់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ ពោល​ថា៖ «សូម​ថ្វាយ​ព្រះ‌ពរ កិត្តិនាម សិរី‌ល្អ និង​ព្រះ‌ចេស្តា ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ដល់​កូន​ចៀម នៅ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ»។ 14បន្ទាប់​មក សត្វ​មាន​ជីវិត​ទាំង​បួន​ក៏​ទទួល​ថា៖ «អាម៉ែន» ហើយ​ពួក​ចាស់​ទុំ​ក៏​ក្រាប​ចុះ ហើយ​ថ្វាយ​បង្គំ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in