វិវរណៈ 20
20
រាជ្យមួយពាន់ឆ្នាំ
1បន្ទាប់មក ខ្ញុំឃើញទេវតាមួយរូបចុះពីស្ថានសួគ៌ ទាំងកាន់កូនសោជង្ហុកធំ និងច្រវាក់មួយយ៉ាងធំនៅដៃ។ 2ទេវតានោះក៏ចាប់នាគ គឺពស់ពីចាស់បុរាណ ដែលជាអារក្ស និងជាសាតាំង ហើយចងទុកមួយពាន់ឆ្នាំ 3រួចបោះវាទៅក្នុងជង្ហុកធំ ទាំងចាក់សោ ហើយបិទត្រាពីលើ ដើម្បីកុំឲ្យវានាំជាតិសាសន៍នានាឲ្យវង្វេងទៀត រហូតដល់ផុតពីមួយពាន់ឆ្នាំនោះទៅ។ ក្រោយមក ត្រូវតែដោះលែងវាមួយរយៈពេលខ្លី។
4បន្ទាប់មកទៀត ខ្ញុំឃើញបល្ល័ង្កជាច្រើន និងអស់អ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះ បានទទួលអំណាចដើម្បីជំនុំជម្រះ។ ខ្ញុំក៏ឃើញព្រលឹងរបស់អស់អ្នកដែលត្រូវគេកាត់ក្បាល ដោយព្រោះគេបានធ្វើបន្ទាល់ពីព្រះយេស៊ូវ និងដោយព្រោះព្រះបន្ទូលរបស់ព្រះ ព្រមទាំងអស់អ្នកដែលមិនបានក្រាបថ្វាយបង្គំសត្វនោះ ឬរូបរបស់វា ក៏មិនបានទទួលសញ្ញាសម្គាល់របស់វា នៅលើថ្ងាស ឬនៅលើដៃរបស់គេដែរ ។ អ្នកទាំងនោះបានរស់ឡើងវិញ ហើយសោយរាជ្យជាមួយព្រះគ្រីស្ទមួយពាន់ឆ្នាំ។ 5តែមនុស្សស្លាប់ផ្សេងទៀតមិនបានរស់ឡើងវិញទេ រហូតទាល់តែផុតពីមួយពាន់ឆ្នាំនោះទៅ នេះជាការរស់ឡើងវិញលើកទីមួយ។ 6មានពរហើយ បរិសុទ្ធហើយ អស់អ្នកដែលមានចំណែកក្នុងការរស់ឡើងវិញលើកទីមួយនេះ។ សេចក្ដីស្លាប់ទីពីរគ្មានអំណាចលើអ្នកទាំងនោះឡើយ គឺអ្នកទាំងនោះនឹងធ្វើជាសង្ឃរបស់ព្រះ និងរបស់ព្រះគ្រីស្ទ ហើយគេនឹងសោយរាជ្យជាមួយព្រះអង្គមួយពាន់ឆ្នាំ។
ការបរាជ័យរបស់សាតាំង
7លុះផុតពីមួយពាន់ឆ្នាំនោះហើយ អារក្សសាតាំងនឹងត្រូវបានដោះលែងឲ្យរួចពីគុក 8ហើយវានឹងចេញទៅ បញ្ឆោតជាតិសាសន៍នានា នៅជ្រុងទាំងបួននៃផែនដីឲ្យវង្វេង គឺសាសន៍កុក និងសាសន៍ម៉ាកុក ដើម្បីប្រមូលគេមកច្បាំង។ ពួកគេមានចំនួនច្រើនដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ។ 9ពួកគេឡើងទៅពាសពេញលើផែនដី ហើយឡោមព័ទ្ធជំរំរបស់ពួកបរិសុទ្ធ ជាទីក្រុងសំណព្វរបស់ព្រះ តែមានភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះគេអស់ទៅ។ 10អារក្សដែលនាំគេឲ្យវង្វេង ត្រូវបោះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វសាហាវ និងហោរាក្លែងក្លាយនៅ។ គេនឹងត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ អស់កល្បជានិច្ចរៀងរាបតទៅ។
ការជំនុំជម្រះពួកមនុស្សស្លាប់
11បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសមួយយ៉ាងធំ និងព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃ ក៏រត់ចេញពីព្រះវត្តមានរបស់ព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។ 12ខ្ញុំបានឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយបញ្ជីក៏បើកឡើង។ បន្ទាប់មក បញ្ជីមួយទៀត គឺជាបញ្ជីជីវិតក៏បានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងបញ្ជីទាំងនោះ។ 13សមុទ្របានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅទីនោះមកវិញដែរ ហើយគ្រប់គ្នាត្រូវជំនុំជម្រះតាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន។ 14បន្ទាប់មក សេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ត្រូវបោះទៅក្នុងបឹងភ្លើងដែរ។ នេះជាសេចក្ដីស្លាប់ទីពីរ 15ហើយបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។
Currently Selected:
វិវរណៈ 20: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies