YouVersion Logo
Search Icon

វិវរណៈ 18

18
ក្រុង​បាប៊ី‌ឡូន​ដួលរលំ
1ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​មួយ​ទៀត​ចុះ​ពី​ស្ថាន‌សួគ៌​មក មាន​អំណាច​ជា​ខ្លាំង ហើយ​សិរី‌ល្អ​របស់​ទេវតា​នោះ​ក៏​ភ្លឺ​ចាំង​មក​លើ​ផែនដី។ 2ទេវតា​នោះ​បន្លឺ​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «រលំ​ហើយ ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ​បាន​រលំ​ហើយ! ។ ក្រុង​នេះ​បាន​ក្លាយ​ជា​លំនៅ​របស់​ពួក​អារក្ស ជា​កន្លែង​របស់​អស់​ទាំង​វិញ្ញាណ​អសោច ជា​កន្លែង​របស់​អស់​ទាំង​សត្វ​ស្លាប​អសោ​ច និង​ជា​កន្លែង​របស់​អស់​ទាំង​សត្វ​សាហាវ​អសោច ហើយ​គួរ​ឲ្យ​ខ្ពើម។ 3ដ្បិត​អស់​ទាំង​ជាតិ​សាសន៍​បាន​ផឹក​ស្រា​នៃ​កាម‌គុណ​ដ៏​ស្មោក‌គ្រោក​របស់​វា ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​នឹង​វា ហើយ​ពួក​ឈ្មួញ​នៅ​ផែនដី​រក​ស៊ី​មាន​បាន ក៏​ដោយសារ​តែ​អំណាច​នៃ​ភាព​ឆើត‌ឆាយ​របស់​វា​ដែរ»។
4បន្ទាប់​មក ខ្ញុំ​ឮ​សំឡេង​មួយ​ទៀត​ពី​លើ​មេឃ ពោល​ថា៖ «ប្រជា‌រាស្ត្រ​យើង​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក ដើម្បី​កុំ​ឲ្យ​អ្នក​មាន​ចំណែក​ក្នុង​អំពើ​បាប​របស់​គេ​ឡើយ ក្រែង​ត្រូវ​រង​គ្រោះ​កាច​ជា​មួយ​គេ​ដែរ 5ដ្បិត​អំពើ​បាប​របស់​ក្រុង​នេះ​បាន​គរ​ឡើង​ខ្ពស់​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះ​បាន​នឹក​ចាំ​ពី​ការ​ទុច្ចរិត​របស់​គេ។ 6ចូរ​សង​ទៅ​ក្រុង​នេះ​តាម​ការ​ដែល​គេ​បាន​ធ្វើ​ដល់​អ្នក​ចុះ ទាំង​ទ្វេ​មួយ​ជា​ពីរ​ផង ចូរ​ចាក់​មួយ​ជា​ពីរ​ទៅ​ក្នុង​ពែង ដែល​គេ​បាន​ចាក់​ឲ្យ​អ្នក។ 7ក្រុង​នោះ​បាន​តម្កើង​ខ្លួន ហើយ​រស់​ដោយ​ឆើត‌ឆាយ​យ៉ាង​ណា នោះ​គេ​ក៏​ត្រូវ​វេទនា និង​សោក​សង្រេង​យ៉ាង​នោះ​ដែរ ដ្បិត​គេ​គិត​ក្នុង​ចិត្ត​ថា "យើង​អង្គុយ​ជា​មហា‌ក្សត្រិយានី មិន​មែន​ជា​មេម៉ាយ​ទេ ហើយ​យើង​នឹង​មិន​ត្រូវ​សោក​សង្រេង​ឡើយ" ។ 8ដោយ​ហេតុ​នោះ​បាន​ជា​គ្រោះ​កាច​របស់​ក្រុង​នេះ នឹង​មក​ដល់​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ជា​សេចក្ដី​ស្លាប់ សោក​សង្រេង និង​អំណត់ ហើយ​វា​នឹង​ត្រូវ​ភ្លើង​ឆេះ ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​ជំនុំ‌ជម្រះ​ក្រុង​នេះ ទ្រង់​ខ្លាំង​ពូកែ»។ 9ពួក​ស្តេច​នៅ​លើ​ផែនដី ដែល​សហាយ‌ស្មន់ ហើយ​រស់​ដោយ​ឆើត‌ឆាយ​ជា​មួយ​ក្រុង​នេះ នឹង​យំ ហើយ​សោក​សង្រេង ពេល​គេ​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​តែ​ឆេះ។ 10គេ​នឹង​ឈរ​ពី​ចម្ងាយ ដោយ​ខ្លាច​សេចក្ដី​វេទនា​របស់​ក្រុង​នេះ ហើយ​ពោល​ថា៖ «វេទនា​ហើយ! វេទនា​ហើយ! ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ហើយ​ខ្លាំង​ពូកែ​អើយ! ដ្បិត​សេចក្ដី​ជំនុំ‌ជម្រះ​បាន​ធ្លាក់​មក​លើ​អ្នក​តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ»។
11ឯ​ពួក​ឈ្មួញ​នៅ​ផែនដីនាំ​គ្នា​យំ ហើយ​សោក​សង្រេង​នឹង​ក្រុង​នេះ ដោយ​ព្រោះ​គ្មាន​អ្នក​ណា​ទិញ​ទំនិញ​របស់​គេ​ទៀត 12ទំនិញ​ទាំង​នោះ គឺ​មាស ប្រាក់ ត្បូង​មាន​តម្លៃ កែវ​មុក្តា សំពត់​ទេស​ឯក សំពត់​ពណ៌​ស្វាយ សំពត់​សូត្រ សំពត់​ពណ៌​ក្រហម ឈើ​ក្រអូប​គ្រប់​យ៉ាង អស់​ទាំង​គ្រឿង​ធ្វើ​ពី​ភ្លុក ហើយ​ពី​ឈើ​មាន​តម្លៃ ពី​លង្ហិន ពី​ដែក និង​ពី​ថ្ម​កែវ 13សម្បុរ​ល្វែង គ្រឿង​ក្រអូប ទឹក​អប់ ជ័រ​ល្វីង‌ទេស កំញាន ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ម្សៅ​ម៉ដ្ដ ស្រូវ​សាលី គោ ចៀម សេះ រទេះ ទាំង​ទាសករ ដែល​ជា​ព្រលឹង​មនុស្ស។ 14ពួក​ឈ្មួញ​ពោល​ទៅ​ក្រុង​នោះ​ថា៖ «អស់​ទាំង​ផល​ផ្លែ ដែល​ចិត្ត​អ្នក​ប្រាថ្នា​ចង់​បាននោះ បាន​ចេញ​ពី​អ្នក​ហើយ ឯ​អស់​ទាំង​របស់​មាន​តម្លៃ និង​របស់​ដ៏​រុងរឿង​ទាំង​ប៉ុន្មាន​របស់​អ្នក ត្រូវ​បាត់​បង់​អស់ រក​មិន​ឃើញ​ទៀត​ឡើយ!»។ 15ពួក​ឈ្មួញ​ដែល​រក​ស៊ី​មាន​បាន​ដោយ​ទំនិញ​ទាំង​នេះ នាំ​គ្នា​យំ ហើយ​សោក​សង្រេង ដោយ​ឈរ​ពី​ចម្ងាយ ខ្លាច​សេចក្ដី​វេទនា​របស់​គេ 16គេ​ពោល​ថា «វេទនា​ហើយ! វេទនា​ហើយ! ដ្បិត​ទី​ក្រុង​ដ៏​ធំ​ដែល​បាន​ស្លៀក​ពាក់​សំពត់​ទេស ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិនឆ្អៅ ព្រម​ទាំង​តែង​ខ្លួន​ដោយ​មាស និង​ត្បូង​មាន​តម្លៃ ហើយ​កែវ​មុក្តា! 17ដ្បិត​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​នេះ បាន​វិនាស​បាត់​ទៅ តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ!»។ ពួក​អ្នក​បើក​សំពៅ និង​ពួក​អ្នក​ជិះ​សំពៅ​ទាំង​អស់ ពួក​ជើង​ឈ្នួល និង​អស់​អ្នក​ដែល​រក​ស៊ី​តាម​ជើង​ទឹក បាន​ឈរ​ពី​ចម្ងាយ 18ហើយ​ពេល​គេ​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​ឆេះ​នោះ គេ​ស្រែក​ឡើង​ថា «តើ​មាន​ទី​ក្រុង​ណា​ឲ្យ​ដូច​ជា​ក្រុង​ធំ​នេះ?» 19គេ​បាច​ធូលី​ដី​លើ​ក្បាល ហើយ​យំ​សោក និង​កាន់​ទុក្ខ ទាំង​ពោល​ថា៖ «វេទនា​ហើយ! វេទនា​ហើយ! ទី​ក្រុង​ដ៏​ធំ ដែល​ពួក​អ្នក​មាន​នាវា​ទាំង​អស់​នៅ​តាម​សមុទ្រ​រក​ស៊ី​មាន​បាន ដោយ‌សារ​ទ្រព្យ‌សម្បត្តិ​របស់​ក្រុង​នេះ ដ្បិត​ក្រុង​នេះ​បាន​វិនាស​បាត់​ទៅ តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ។
20ឱ​ស្ថាន‌សួគ៌ ពួក​សាវក និង​ពួក​ហោរា​បរិសុទ្ធ​អើយ ចូរ​អរ​សប្បាយ​នឹង​ការ​វិនាស​របស់​ក្រុង​នេះ​ទៅ! ដ្បិត​ព្រះ​បាន​ជំនុំ‌ជម្រះ​ក្រុង​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ»។ 21ពេល​នោះ មាន​ទេវតា​ខ្លាំង​ពូកែ​មួយ​រូប បាន​លើក​ថ្ម ដូច​ជា​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទម្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​ពោល​ថា៖ «ទី​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ នឹង​ត្រូវ​បោះ​ទម្លាក់​ដោយ​គំហុក​យ៉ាង​ដូច្នេះ​ដែរ ហើយ​គេ​នឹង​រក​មិន​ឃើញ​ទៀត​ឡើយ 22ក៏​នឹង​លែង​ឮ​សំឡេង​ពួក​អ្នក​ចាប់​ស៊ុង ពួក​អ្នក​ភ្លេង ពួក​អ្នក​ផ្លុំ​ខ្លុយ និង​ពួក​អ្នក​ផ្លុំ​ត្រែ​នៅ​ក្នុង​ឯង​ទៀត​ហើយ ក៏​មិន​ឃើញ​មាន​ជាង​ណា​ធ្វើ​ការ​អ្វី​នៅ​ក្នុង​ឯង ឬ​ឮ​សំឡេង​ត្បាល់​កិន​នៅ​ក្នុង​ឯង​ទៀត​ដែរ។ 23គ្មាន​ពន្លឺ​ចង្កៀង​ណា​ភ្លឺ​នៅ​ក្នុង​ឯង ឬ​ឮ​សំឡេង​ប្តី​ប្រពន្ធ​ថ្មោង​ថ្មី នៅ​ក្នុង​ឯង​ទៀត​ឡើយ ដ្បិត​ពួក​ជំនួញ​របស់​ឯង​សុទ្ធ​តែ​ជា​អ្នក​ធំ​នៅ​ផែនដី ព្រោះ​អស់​ទាំង​សាសន៍​បាន​វង្វេង ដោយ‌សារ​មន្ត​អាគម​របស់​ឯង 24ហើយ​នៅ​ក្នុង​ឯង ឃើញ​មាន​សុទ្ធ​តែ​ឈាម​របស់​ពួក​ហោរា ឈាម​របស់​ពួក​បរិសុទ្ធ និង​ឈាម​របស់​អស់​អ្នក​ដែល​ត្រូវ​គេ​សម្លាប់​នៅ​លើ​ផែនដី»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in