វិវរណៈ 17
17
ស្ដ្រីពេស្យា និងសត្វសាហាវ
1បន្ទាប់មក ទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «ចូលមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញពីការជំនុំជម្រះស្ត្រីពេស្យាដ៏ល្បីអសោច ដែលអង្គុយនៅលើមហាសាគរ 2ពួកស្តេចនៅផែនដីបានសហាយស្មន់ជាមួយស្ត្រីនោះ ហើយអស់អ្នកនៅផែនដីបានស្រវឹង ដោយស្រានៃអំពើសហាយស្មន់របស់នាង»។ 3ទេវតានោះក៏នាំវិញ្ញាណខ្ញុំទៅកាន់ទីរហោស្ថាន នៅទីនោះខ្ញុំឃើញស្ត្រីម្នាក់ អង្គុយលើសត្វមួយសម្បុរក្រហមឆ្អិនឆ្អៅ ដែលមានឈ្មោះជាពាក្យប្រមាថព្រះពេញខ្លួន ហើយវាមានក្បាលប្រាំពីរ និងស្នែងដប់។ 4ស្ត្រីនោះស្លៀកពាក់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ហើយតុបតែងខ្លួនដោយមាស ត្បូងដ៏មានតម្លៃ និងកែវមុក្ដា ទាំងកាន់ពែងមាសមួយនៅនឹងដៃ ពេញដោយអំពើគួរឲ្យស្អប់ខ្ពើម និងសេចក្ដីស្មោកគ្រោកនៃអំពើសហាយស្មន់របស់នាង។ 5នៅលើថ្ងាសរបស់នាងមានចាឈ្មោះអាថ៌កំបាំងមួយ គឺ «ក្រុងបាប៊ីឡូនដ៏ធំ ជាម្តាយនៃពួកស្ត្រីពេស្យា និងអំពើគួរឲ្យស្អប់ខ្ពើមនៅផែនដី»។ 6ខ្ញុំក៏ឃើញស្ត្រីនោះស្រវឹងដោយឈាមរបស់ពួកបរិសុទ្ធ និងឈាមអ្នកដែលធ្វើបន្ទាល់របស់ព្រះយេស៊ូវ។ ពេលខ្ញុំឃើញស្ត្រីនោះ ខ្ញុំមានសេចក្ដីអស្ចារ្យយ៉ាងខ្លាំង។
7ប៉ុន្តែ ទេវតាសួរខ្ញុំថា៖ «ហេតុអ្វីបានជាអ្នកមានសេចក្ដីអស្ចារ្យដូច្នេះ? ខ្ញុំនឹងប្រាប់ឲ្យអ្នកដឹងពីអាថ៌កំបាំងរបស់ស្ត្រីនោះ និងសត្វមានក្បាលប្រាំពីរ ហើយស្នែងដប់ដែលនាងជិះ។ 8សត្វដែលអ្នកបានឃើញនោះ ពីដើមវាមាន តែឥឡូវនេះគ្មានទេ ហើយវាបម្រុងនឹងឡើងចេញពីជង្ហុកធំមក រួចត្រូវវិនាសបាត់ទៅ។ ឯអស់អ្នកនៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីកំណើតពិភពលោកមក គេនឹងមានសេចក្ដីអស្ចារ្យ ដោយឃើញសត្វដែលពីដើមមាន តែឥឡូវនេះគ្មាន ហើយដែលត្រូវមកនោះ។ 9ត្រង់នេះ ត្រូវឲ្យគំនិតមានប្រាជ្ញាឡើង គឺក្បាលទាំងប្រាំពីរ ជាភ្នំប្រាំពីរដែលស្ត្រីនោះអង្គុយលើ 10ក៏មានស្តេចប្រាំពីរអង្គ ប្រាំអង្គបានដួលហើយ មានមួយអង្គនៅសព្វថ្ងៃ ហើយមួយអង្គទៀតមិនទាន់មកដល់ទេ ពេលស្តេចនោះមកដល់ ទ្រង់នៅបានតែមួយភ្លែតប៉ុណ្ណោះ។ 11រីឯសត្វដែលពីដើមមាន តែឥឡូវនេះគ្មាន គឺជាស្តេចទីប្រាំបី តែក៏នៅក្នុងចំណោមស្តេចទាំងប្រាំពីរនោះដែរ ហើយត្រូវវិនាសបាត់ទៅ។ 12ស្នែងដប់ដែលអ្នកឃើញ គឺជាស្តេចដប់អង្គ ដែលមិនទាន់ទទួលរាជ្យនៅឡើយ តែស្ដេចទាំងនោះត្រូវទទួលអំណាចជាស្តេចរយៈពេលមួយម៉ោង រួមជាមួយសត្វនោះ។ 13ស្តេចទាំងនេះមានគំនិតតែមួយ ដើម្បីប្រគល់ឫទ្ធានុភាព និងអំណាចរបស់ខ្លួនដល់សត្វនោះ។ 14ស្ដេចទាំងនោះ នឹងច្បាំងជាមួយកូនចៀម តែកូនចៀមនឹងឈ្នះគេ ដ្បិតព្រះអង្គជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ឯអស់អ្នកដែលនៅជាមួយព្រះអង្គ ជាអ្នកដែលព្រះអង្គបានត្រាស់ហៅ បានជ្រើសរើស និងជាអ្នកស្មោះត្រង់»។
15ទេវតានោះពោលមកកាន់ខ្ញុំថា៖ «មហាសមុទ្រដែលអ្នកបានឃើញ ជាកន្លែងដែលស្ត្រីពេស្យាអង្គុយលើនោះ គឺជាប្រជាជន មហាជន ជាតិសាសន៍ និងភាសានានា។ 16ឯស្នែងទាំងដប់ដែលអ្នកបានឃើញ ព្រមទាំងសត្វនោះ នឹងស្អប់ស្ត្រីពេស្យានោះ គេនឹងធ្វើឲ្យនាងហិនហោច ហើយនៅអាក្រាត គេនឹងស៊ីសាច់នាង និងដុតនាងនៅក្នុងភ្លើង។ 17ដ្បិតព្រះបានបណ្ដាលចិត្តគេ ឲ្យធ្វើតាមគំនិតរបស់ព្រះអង្គ ដោយមូលគំនិតតែមួយ ហើយប្រគល់រាជ្យរបស់គេឲ្យសត្វនោះ រហូតទាល់តែព្រះបន្ទូលរបស់ព្រះបានសម្រេច។ 18ស្ត្រីដែលអ្នកបានឃើញនោះ គឺជាទីក្រុងដ៏ធំ ដែលមានអំណាចលើស្តេចនានានៅផែនដី»។
Currently Selected:
វិវរណៈ 17: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies