វិវរណៈ 13
13
សត្វសាហាវទីមួយ
1បន្ទាប់មក ខ្ញុំឃើញសត្វសាហាវមួយឡើងចេញពីសមុទ្រមក មានស្នែងដប់ និងក្បាលប្រាំពីរ នៅលើស្នែងវា មានមកុដដប់ ហើយនៅលើក្បាលទាំងប្រាំពីរ មានឈ្មោះជាពាក្យប្រមាថ។ 2សត្វដែលខ្ញុំឃើញនោះ មើលទៅដូចជាខ្លារខិន ជើងវាដូចជាជើងខ្លាឃ្មុំ ហើយមាត់វាដូចជាមាត់សិង្ហ នាគក៏ឲ្យឫទ្ធិ និងបល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំដល់សត្វនោះ។ 3ខ្ញុំឃើញក្បាលវាមួយដូចជាមានស្នាមរបួសជិតស្លាប់ តែរបួសជិតស្លាប់នោះបានជាសះឡើងវិញ មនុស្សនៅផែនដីមានការអស្ចារ្យ ហើយក៏ទៅតាមសត្វនោះ។ 4គេក្រាបថ្វាយបង្គំនាគ ព្រោះនាគបានឲ្យអំណាចដល់សត្វនោះ ហើយគេក៏ក្រាបថ្វាយបង្គំសត្វនោះដែរ ដោយពោលថា៖ «តើមានអ្នកណាដូចសត្វនេះ? តើអ្នកណាអាចច្បាំងនឹងសត្វនេះបាន?» 5នាគក៏ឲ្យសត្វនោះមានមាត់ចេះនិយាយពាក្យសម្ដីព្រហើនៗ និងពាក្យប្រមាថ ឲ្យមានអំណាចនឹងធ្វើការ អស់រយៈពេលសែសិបពីរខែ។ 6វាបានបើកមាត់ប្រមាថព្រះ គឺប្រមាថព្រះនាមរបស់ព្រះអង្គ ប្រមាថដំណាក់របស់ព្រះអង្គ និងប្រមាថអស់អ្នកដែលនៅស្ថានសួគ៌ 7ក៏ទទួលអំណាចនឹងធ្វើសង្គ្រាមជាមួយពួកបរិសុទ្ធ ហើយមានជ័យជម្នះលើពួកគេទៀតផង។ វាបានទទួលអំណាចលើគ្រប់ទាំងកុលសម្ព័ន្ធ គ្រប់ប្រជាជន គ្រប់ភាសា និងគ្រប់ទាំងជាតិសាសន៍ 8មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលគេបានសម្លាប់ តាំងពីកំណើតពិភពលោកមក នឹងក្រាបថ្វាយបង្គំសត្វនោះ។ 9អ្នកណាមានត្រចៀក ចូរស្តាប់ចុះ។ 10បើអ្នកណាដែលត្រូវគេនាំទៅជាឈ្លើយ អ្នកនោះនឹងត្រូវទៅជាឈ្លើយ បើអ្នកណាត្រូវគេសម្លាប់ដោយដាវ អ្នកនោះនឹងត្រូវស្លាប់ដោយដាវដែរ នេះហើយជាសេចក្ដីអត់ធ្មត់ និងជំនឿរបស់ពួកបរិសុទ្ធ។
សត្វសាហាវទីពីរ
11បន្ទាប់មក ខ្ញុំបានឃើញសត្វសាហាវមួយទៀត ចេញពីដីមក វាមានស្នែងពីរ ដូចជាកូនចៀម តែនិយាយដូចជានាគ។ 12សត្វនោះប្រើអំណាចទាំងអស់របស់សត្វទីមួយ នៅចំពោះសត្វទីមួយ ទាំងធ្វើឲ្យផែនដី និងមនុស្សនៅលើផែនដី ក្រាបថ្វាយបង្គំសត្វទីមួយ ដែលមានរបួសជិតស្លាប់ ហើយបានសះជាវិញនោះផង។ 13វាបានធ្វើទីសម្គាល់យ៉ាងធំ រហូតដល់បានធ្វើឲ្យភ្លើងធ្លាក់ចុះពីលើមេឃ មកលើផែនដី នៅមុខមនុស្សលោក 14ហើយវាបានបញ្ឆោតមនុស្សនៅផែនដី ដោយសារទីសម្គាល់ ដែលវាមានអំណាចធ្វើនឹងធ្វើនៅមុខសត្វនោះ ក៏ប្រាប់អស់អ្នកដែលនៅផែនដី ឲ្យឆ្លាក់រូបសត្វនោះ ដែលត្រូវរបួសនឹងដាវ តែបានរស់វិញ 15ហើយវាមានអំណាច អាចធ្វើឲ្យរូបសត្វនោះមានខ្យល់ដង្ហើម ដើម្បីឲ្យរូបសត្វនោះចេះនិយាយ ហើយមានអំណាចនឹងធ្វើឲ្យពួកអ្នកដែលមិនព្រមក្រាបថ្វាយបង្គំរូបសត្វនោះ ត្រូវស្លាប់ផង។ 16វាក៏បង្ខំមនុស្សទាំងអស់ ទាំងធំ ទាំងតូច ទាំងមាន ទាំងក្រ ហើយទាំងអ្នកជា និងអ្នកបម្រើ ឲ្យទទួលទីសម្គាល់នៅដៃស្តាំ ឬនៅថ្ងាសគេរៀងខ្លួន 17មិនឲ្យអ្នកណាមានច្បាប់នឹងទិញ ឬលក់អ្វីបានឡើយ លើកលែងតែអ្នកដែលមានទីសម្គាល់ គឺជាឈ្មោះរបស់សត្វនោះ ឬជាលេខឈ្មោះរបស់វា។ 18នេះហើយជាប្រាជ្ញា អ្នកណាដែលមានយោបល់ ចូរគិតលេខរបស់សត្វនោះចុះ ដ្បិតលេខនោះជាលេខរបស់មនុស្ស ហើយលេខរបស់អ្នកនោះ គឺប្រាំមួយរយហុកសិបប្រាំមួយ។
Currently Selected:
វិវរណៈ 13: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies