ទំនុកតម្កើង 74
74
ពាក្យទូលអង្វរសុំជំនួយក្នុងគ្រាស្រុកទេសរងការប្រមាថ
ទំនុកជាសេចក្ដីបង្រៀនរបស់លោកអេសាភ។
1ឱព្រះអើយ ហេតុអ្វីបានជា
ព្រះអង្គបោះបង់ចោលយើងខ្ញុំរហូតដូច្នេះ?
ហេតុអ្វីបានជាសេចក្ដីខ្ញាល់
របស់ព្រះអង្គហុយផ្សែង
ទាស់នឹងហ្វូងចៀមនៅលើវាលស្មៅ
របស់ព្រះអង្គ?
2សូមនឹកចាំពីក្រុមជំនុំរបស់ព្រះអង្គ
ដែលព្រះអង្គបានទិញតាំងពីបុរាណមក
ជាអ្នកដែលព្រះអង្គបានលោះ
យកមកធ្វើជាកុលសម្ព័ន្ធ
នៃមត៌ករបស់ព្រះអង្គ!
សូមនឹកចាំពីភ្នំស៊ីយ៉ូន
ជាកន្លែងដែលព្រះអង្គបានគង់នៅ។
3សូមព្រះអង្គលើកព្រះបាទមកកាន់កន្លែងដែល
ចេះតែបាក់បែកជាប់រហូតនេះផង!
ខ្មាំងសត្រូវបានបំផ្លាញអ្វីៗ
នៅក្នុងទីបរិសុទ្ធអស់ហើយ។
4៙ បច្ចាមិត្តរបស់ព្រះអង្គបានស្រែកហ៊ោ
នៅកណ្ដាលទីបរិសុទ្ធរបស់ព្រះអង្គ
គេបានលើកទង់របស់គេឡើងជាទីសម្គាល់។
5ពួកគេប្រៀបដូចជាមនុស្សលើកពូថៅ
ប្រុងនឹងកាប់ព្រៃឈើ។
6ឥឡូវនេះ គេកម្ទេចអស់ទាំងក្បាច់ចម្លាក់
ដោយពូថៅ និងញញួរ
7គេបានយកភ្លើងដុតទីបរិសុទ្ធរបស់ព្រះអង្គ
គេបន្ទាបបន្ថោកព្រះដំណាក់នៃព្រះនាមព្រះអង្គ
ហើយរំលំព្រះដំណាក់ព្រះអង្គឲ្យរាបចុះដល់ដី។
8គេគិតគ្នាថា «យើងនឹងបង្ក្រាបគេឲ្យរាប»
គេដុតបំផ្លាញអស់ទាំងកន្លែងប្រជុំ
ទាំងប៉ុន្មានរបស់ព្រះនៅក្នុងស្រុក។
9៙ យើងខ្ញុំមិនឃើញមានទីសម្គាល់
របស់យើងខ្ញុំទៀតទេ
ក៏គ្មានហោរាណាទៀតដែរ
ហើយគ្មានអ្នកណាក្នុងចំណោមយើងខ្ញុំ
ដែលដឹងថានៅយូរប៉ុណ្ណាឡើយ។
10ឱព្រះអើយ តើឲ្យបច្ចាមិត្តត្មះតិះដៀល
ដល់ពេលណា?
តើឲ្យខ្មាំងសត្រូវប្រមាថព្រះនាមព្រះអង្គរហូតឬ?
11ហេតុអ្វីបានជាព្រះអង្គឱបព្រះហស្ត
នៅស្ងៀមដូច្នេះ?
គឺព្រះហស្តស្តាំរបស់ព្រះអង្គ
សូមដកព្រះហស្តចេញពីព្រះឱរាព្រះអង្គមក
ហើយបំផ្លាញគេទៅ!
12៙ ប៉ុន្តែ ព្រះជាមហាក្សត្ររបស់ទូលបង្គំ
តាំងតែពីបុរាណមក
ក៏ប្រោសប្រទានការសង្គ្រោះនៅកណ្ដាលផែនដី។
13ព្រះអង្គបានញែកទឹកសមុទ្រ
ដោយឫទ្ធានុភាពរបស់ព្រះអង្គ
ព្រះអង្គបានបំបែកអស់ទាំងក្បាលនាគ
នៅក្នុងទឹក។
14ព្រះអង្គបានកិនកម្ទេចក្បាលស្ដេចក្រពើ
ហើយព្រះអង្គប្រទានសាច់វាដល់សត្វនានា
ដែលរស់នៅទីរហោស្ថានជាអាហារ។
15ព្រះអង្គបានធ្វើឲ្យមានទឹកផុស
និងទឹកជ្រោះចេញមក
ក៏ធ្វើឲ្យទន្លេដែលហូរជានិច្ច ប្រែជារីងស្ងួត។
16ពេលថ្ងៃជារបស់ព្រះអង្គ
ហើយពេលយប់ក៏ជារបស់ព្រះអង្គដែរ
ព្រះអង្គបានបង្កើតឲ្យមានពន្លឺ និងព្រះអាទិត្យ។
17ព្រះអង្គបានតាំងព្រំដែនទាំងប៉ុន្មាននៃផែនដី
ហើយកំណត់ឲ្យមានរដូវក្តៅ និងរដូវត្រជាក់។
18៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំថា
ខ្មាំងសត្រូវបានត្មះតិះដៀល
ហើយសាសន៍មួយដែលល្ងីល្ងើ
បានប្រមាថព្រះនាមព្រះអង្គ។
19ឱសូមកុំប្រគល់ព្រលឹងនៃសត្វលលក
របស់ព្រះអង្គដល់សត្វព្រៃ
សូមកុំភ្លេចជីវិតមនុស្សកម្សត់របស់ព្រះអង្គ
រហូតឡើយ។
20សូមយោគយល់ដល់សេចក្ដីសញ្ញារបស់ព្រះអង្គ
ដ្បិតអស់ទាំងទីងងឹតនៅផែនដី
មានពេញដោយលំនៅនៃអំពើឃោរឃៅ។
21ឱសូមកុំឲ្យពួកអ្នកដែលគេសង្កត់សង្កិន
ត្រូវអាម៉ាស់ឡើយ
សូមឲ្យមនុស្សក្រីក្រ និងមនុស្សកម្សត់ទុគ៌ត
បានសរសើរតម្កើងព្រះនាមព្រះអង្គ។
22៙ ឱព្រះអើយ សូមក្រោកឡើង
សូមការពារកិត្តិនាមរបស់ព្រះអង្គ
សូមនឹកចាំពីបែបយ៉ាងណា
ដែលមនុស្សល្ងីល្ងើត្មះតិះដៀលព្រះអង្គ
ជារៀងរាល់ថ្ងៃ!
23សូមកុំភ្លេចសម្រែកនៃខ្មាំងសត្រូវរបស់ព្រះអង្គ
គឺសូរទ្រហឹងអឺងកងរបស់អស់អ្នកដែលលើកគ្នា
ទាស់នឹងព្រះអង្គ
ដែលចេះតែឮឡើងឥតឈប់ឈរ។
Currently Selected:
ទំនុកតម្កើង 74: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies