ទំនុកតម្កើង 62
62
ចម្រៀងថ្លែងអំពីការទុកចិត្តដល់ព្រះតែមួយព្រះអង្គ
ទំនុករបស់ស្តេចដាវីឌ សម្រាប់មេភ្លេង ជូនលោកយេឌូថិន ។
1ព្រលឹងខ្ញុំរង់ចាំព្រះតែមួយព្រះអង្គ
ដោយស្ងៀមស្ងាត់
ការសង្គ្រោះរបស់ខ្ញុំក៏មកតែពីព្រះអង្គដែរ។
2ព្រះអង្គតែមួយប៉ុណ្ណោះដែលជាថ្មដា
និងជាព្រះសង្គ្រោះខ្ញុំ
ជាបន្ទាយរបស់ខ្ញុំ
ខ្ញុំនឹងមិនត្រូវរង្គើជាខ្លាំងឡើយ។
3តើអ្នករាល់គ្នានឹងព្រួតគ្នាវាយផ្ដួលមនុស្សម្នាក់
ទាំងចង់សម្លាប់គេដល់កាលណាទៀត?
អ្នកនោះដូចជាកំផែងដែលទ្រេត
ដូចជារបងដែលចង់រលំទៅហើយ។
4គម្រោងការរបស់គេ គឺដើម្បីធ្វើឲ្យអ្នកនោះ
ធ្លាក់ពីតំណែងដ៏ខ្ពង់ខ្ពស់របស់ខ្លួនតែប៉ុណ្ណោះ
គេចូលចិត្តនឹងសេចក្ដីភូតភរ មាត់របស់គេឲ្យពរ
តែនៅក្នុងចិត្ត គេប្រទេចផ្ដាសាវិញ។ –បង្អង់
5៙ ឱព្រលឹងខ្ញុំអើយ ដ្បិតព្រះតែមួយព្រះអង្គគត់
ចូររង់ចាំដោយស្ងាត់ស្ញៀមចុះ
ដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ
មកតែពីព្រះអង្គប៉ុណ្ណោះ។
6ព្រះអង្គតែមួយគត់ ដែលជាថ្មដា
និងព្រះសង្គ្រោះខ្ញុំ
ជាបន្ទាយរបស់ខ្ញុំ ខ្ញុំនឹងមិនត្រូវរង្គើឡើយ។
7ការសង្គ្រោះ និងសិរីល្អរបស់ខ្ញុំ ស្ថិតនៅលើព្រះ
ឯថ្មដានៃកម្លាំងខ្ញុំ និងទីពឹងជ្រករបស់ខ្ញុំ
ក៏នៅក្នុងព្រះដែរ។
8ឱប្រជាជនអើយ
ចូរទុកចិត្តដល់ព្រះអង្គគ្រប់ពេលវេលា
ចូរថ្លែងរៀបរាប់នៅចំពោះព្រះអង្គចុះ
ដ្បិតព្រះជាទីពឹងជ្រកសម្រាប់យើង។ –បង្អង់
9៙ អស់អ្នកដែលទន់ទាប នៅតែមួយដង្ហើមទេ
ឯអស់អ្នកដែលខ្ពង់ខ្ពស់
ក៏ជាសេចក្ដីបញ្ឆោតដែរ
បើថ្លឹងគេនឹងជញ្ជីង នោះមានខ្ពស់ទាប
តែទាំងអស់គ្នាស្រាលជាង
ខ្យល់មួយដង្ហើមទៅទៀត។
10កុំទុកចិត្តនឹងការសង្កត់សង្កិនឡើយ
ក៏កុំសង្ឃឹមឥតប្រយោជន៍លើការលួចប្លន់ដែរ
ប្រសិនបើទ្រព្យសម្បត្តិចម្រើនឡើង
សូមកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ។
11ខ្ញុំបានឮព្រះទ្រង់មានព្រះបន្ទូល
មួយលើកជាពីរលើកថា
ឫទ្ធិអំណាចជារបស់ព្រះ
12ឱព្រះអម្ចាស់អើយ
ព្រះហឫទ័យសប្បុរសជារបស់ព្រះអង្គដែរ
ដ្បិតព្រះអង្គសងដល់មនុស្សទាំងអស់
តាមអំពើដែលគេបានប្រព្រឹត្ត។
Currently Selected:
ទំនុកតម្កើង 62: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies